Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

វិភាគអន្តរជាតិ៖ តើនឹងមានអ្វីកើតឡើង ក្រោយក្រុមចម្រុះកាន់អំណាចនៅជប៉ុនដួលរលំ?

15-10-2025 21:18

(តូក្យូ)៖ កាលពីថ្ងៃសុក្រ ទី១០ ខែតុលា គណបក្ស Komeito បានប្រកាសចែកផ្លូវគ្នាជាមួយគណបក្សប្រជាធិបតេយ្យសេរី (LDP) ដែលជាបក្សកាន់អំំណាចនៅជប៉ុន ដោយប្រការនេះធ្វើឱ្យការក្តោបក្តាប់អំណាចរបស់បក្ស LDP ត្រូវធ្លាក់ក្នុងភាពមិនច្បាស់លាស់ ស្របពេលមេដឹកនាំថ្មី លោកស្រី Sanae Takaichi កំពុងរង់ចាំការបោះឆ្នោតនៅសភាដើម្បីតែងតាំងលោកស្រីជានាយករដ្ឋមន្រ្តី។ ការសម្រេចនេះជាបរាជ័យដ៏ធ្ងន់ធ្ងរមួយរបស់មេដឹកនាំថ្មី នៃគណបក្ស LDP លោក Sanae Takaichi ដែលត្រូវការការអនុម័តយល់ព្រមពីរដ្ឋសភាដើម្បីជានាយករដ្ឋមន្ត្រីថ្មីរបស់ជប៉ុន។ ការបោះឆ្នោតជ្រើសតាំងនាយករដ្ឋមន្ត្រីដោយរដ្ឋសភាជប៉ុនត្រូវបានរំពឹងថានឹងប្រព្រឹត្តទៅនៅក្នុងខែតុលានេះ។

* ហេតុអ្វីគណបក្ស Komeito ដកខ្លួនពីក្រុមចម្រុះជាមួយ LDP?
LDP និង Komeito បានបង្កើតក្រុមចម្រុះផ្លូវការចាប់តាំងពីឆ្នាំ១៩៩៩មកម្លេះ ហើយការរួមដៃគ្នាជាមួយគណបក្ស Komeito បានក្លាយជាកត្តាមួយដ៏សំខាន់ដែលជួយឱ្យគណបក្ស LDP ឈ្នះនៅក្នុងការបោះឆ្នោតសកល មិនដែលដាច់ចាប់តាំងពីពេលនោះមក។ Komeito ជាគណបក្សអភិរក្សនិយមនិន្នាការកណ្ដាលដែលផ្សាភ្ជាប់ការគាំទ្ររបស់ខ្លួនយ៉ាងជិតស្និទ្ធទៅនឹង Soka Gakkai ជាអង្គការសាសនាមួយមានសមាជិក ៨.៣លានគ្រួសារ នៅក្នុងប្រទេសជប៉ុន។ ជាច្រើនឆ្នាំមកនេះ ទោះជាមានការខ្វែងគំនិតគ្នាលើគោលនយោបាយមួយចំនួនក៏ដោយ ក៏ LDP និង Komeito នៅតែអាចរក្សាបាននូវសម្ព័ន្ធភាពអស់រយៈពេលជាង២៦ឆ្នាំមកនេះ។ ប៉ុន្តែជម្លោះផ្ទៃក្នុង បានលេចចេញជារូបរាងឡើងរវាងគណបក្សទាំង២ ភ្លាមៗបន្ទាប់ពីលោកស្រី Takaichi ជាប់ឆ្នោតប្រធានបក្ស LDP កាលពីថ្ងៃទី៤ ខែតុលា។ មេដឹកនាំបក្ស Komeito លោក Tetsuo Saito បានបង្ហាញការព្រួយបារម្ភអំពី ទស្សនៈ និងគោលជំហរអភិរក្សនិយមរបស់លោកស្រី Takaichi ក្នុងនោះរួមមានការសន្យាធ្វើដំណើរទស្សនកិច្ចទៅកាន់ស្ដូបគោរពវិញាណក្ខន្ធ Yasukuni Shrine រួមទាំងគោលនយោបាយចំពោះជនបរទេស។ លោក Saito ថែមទាំងបានសង្កត់ធ្ងន់ទៀតផងពីតម្រូវការចាំបាច់សម្រាប់ LDP ដោះស្រាយរឿងអាស្រូវមូលនិធិនយោបាយ (អំពើពុករលួយ) ដែលបានបំផ្លាញមុខមាត់បក្សកាន់អំំណាចជាច្រើនឆ្នាំមកនេះ។

តាមពិតទៅ គណបក្សទាំង២ត្រូវបានរាយការណ៍ថាបានឈានដល់កិច្ចព្រមព្រៀងស្ដីពីបញ្ហាប្រវត្តិសាស្ត្រ និងអន្តោប្រវេសន៍ តែបញ្ហាអំណោយនយោបាយនៅតែជាបញ្ហាខ្ទាស់។ នៅថ្ងៃទី៧ ខែតុលា លោកស្រី Takaichi បានសម្រេចចិត្តផ្ដល់តំណែងមួយនៅក្នុងបក្សទៅឱ្យលោក Koichi Hagiuda ជាអ្នកនយោបាយម្នាក់ត្រូវបានបក្សព្យួរតំណែងក្រោយរងការចោទប្រកាន់មានជាប់ពាក់ព័ន្ធនឹងរឿងអាស្រូវពុករលួយ។ កត្តាជំរុញធ្វើឱ្យក្រុមចម្រុះមាន អាយុកាល២៦ឆ្នាំបែកបាក់គ្នាត្រូវបានរាយការណ៍ថាគឺដោយសារតែការឆ្លើយយ៉ាងសោះកក្រោះរបស់ LDP ទៅនឹងសំណើមួយរបស់បក្ស Komeito ដែលចង់ឱ្យមានការរឹតបន្តឹងការអនុវត្តច្បាប់លើអំណោយនយោបាយ ឬមូលនិធិ ដែលបានមកពីការរៃអង្គាសសម្រាប់គណបក្សនយោបាយ។ ថ្នាក់ដឹកនាំ LDP បាននិយាយថាពួកគេនឹងពិចារណាលើសំណើនេះ តែ Komeito បានធ្វើការសន្និដ្ឋានថាការឆ្លើយតបនេះមិនគ្រប់គ្រាន់ ហើយក៏សម្រេចចិត្តដកខ្លួន ចេញពីក្រុមចម្រុះ។ ដោយសារតែ Komeito កំពុងប្រឈមមុខនឹងធ្លាក់ចុះប្រជាប្រិយភាពក្នុងការបោះឆ្នោតនាពេលកន្លងមកផងនោះ ថ្នាក់ដឹកនាំបក្សមួយនេះបានគូសបញ្ជាក់ពីតម្រូវការចាំបាច់ ក្នុងការខ្នះខ្នែងផ្សាភ្ជាប់ខ្លួនឡើងវិញ ទៅនឹងគោលការណ៍ស្នូលរបស់បក្ស និងមានបំណងក្លាយជាចលនាអ្នកធ្វើកំណែទម្រង់និន្នាការកណ្ដាល។

* តើនឹងមានរឿងអ្វីកើតឡើងបន្ទាប់?
គណបក្ស LDP កំពុងបាត់បង់ប្រជាប្រិយភាព និងមានជំហរនយោបាយទន់ខ្សោយរួចទៅហើយ បន្ទាប់ពីបាត់បង់អាសនៈក្នុងការបោះឆ្នោតកាលពីខែតុលា ឆ្នាំ២០២៤ និងខែកក្កដា ឆ្នាំ២០២៥ ហើយគួបផ្សំនឹងការបាត់បង់ដៃគូ ដូចជាគណបក្ស Komeito ត្រូវបានគេមើលឃើញថានឹងធ្វើឱ្យស្ថានការណ៍កាន់តែយ៉ាប់យ៉ឺន។ ចាប់តាំងពីជាប់ឆ្នោតជាប្រធានបក្ស LDP លោក Takaichi បានបង្ហាញពីការបើកចំហក្នុងការចូលរួមកិច្ចចរចាបង្កើតក្រុមចម្រុះ ជាមួយគណបក្សប្រឆាំងដទៃ។ ប៉ុន្តែបញ្ហាប្រឈមនៅតែមាន នោះគឺក្រុមគណបក្សប្រឆាំងកំពុងមានការស្ទាក់ស្ទើរ និងព្រួយបារម្ភពីការចងសម្ព័ន្ធជាមួយ LDP ដែលកំពុងធ្លាក់កូដ អាចទាញឱ្យពួកគេធ្លាក់កូដទៅជាមួយដែរ។ ការធ្វើតេស្ដលើកដំបូងមួយសម្រាប់ LDP គឺថាតើបក្សមួយនេះអាចស្វែងរកការគាំទ្រគ្រប់គ្រាន់ពីរដ្ឋសភាដើម្បីឱ្យលោកស្រី Takaichi ក្លាយជានាយករដ្ឋមន្ត្រីបានដែរ ឬក៏យ៉ាងណា? បច្ចុប្បន្ន ការអនុម័តយល់ព្រមឱ្យលោកស្រី ក្លាយជានាយករដ្ឋមន្ត្រីកំពុងស្ថិតក្នុងភាពមិនច្បាស់លាស់ ក៏ព្រោះថាគណក្ស Komeito ទំនងជានឹងមិនគាំទ្រការតែងតាំងលោកស្រីទេ ដែលនេះមានន័យថា LDP ត្រូវខ្នះខ្នែងស្វែងរកការគាំទ្រពីគណបក្សប្រឆាំងជំនួសវិញ។

ស្ថានការណ៍បែបនេះ បើកើតឡើងពិតមែន នោះវានឹងអនុញ្ញាតឱ្យគណបក្សប្រឆាំងតែងតាំងបេក្ខជនម្នាក់ផ្សេងសម្រាប់តំណែងជានាយករដ្ឋមន្ត្រី ខណៈគណបក្សនយោបាយជាច្រើនបានបើកកិច្ចចរចារួចរាល់ហើយ ដោយក្នុងនោះ គណបក្សរដ្ឋធម្មនុញ្ញប្រជាធិបតេយ្យ Constitutional Democratic Party (CDP) ជាគណបក្សប្រឆាំងធំបំផុតនៅជប៉ុនស្នើឱ្យពិចារណាលើការតែងតាំងមេដឹកនាំរបស់ខ្លួន គឺអតីតនាយករដ្ឋមន្ត្រីជប៉ុន លោក Yoshihiko Noda ស្របពេលលោក Yuichiro Tamaki ជាមេដឹកនាំ គណបក្សប្រជាធិបតេយ្យដើម្បីប្រជាជន Democratic Party for the People (DPP) បានលេចមុខឡើងក្នុងនាមជាបេក្ខជនម្នាក់ដែរ។ តែទោះបែបនេះក្ដី ភាពចម្រុះនៃមនោគមន៍វិជ្ជារបស់បណ្ដាគណបក្សប្រឆាំង រាប់ចាប់ពីគំនិតចម្រើននិយម និងអភិរក្សនិយមជ្រុល មានន័យថាពួកគេក៏កំពុងប្រឈមនឹងបញ្ហាប្រឈមនៅក្នុងការស្វែងរកការឯកភាពគ្នា នៅក្នុងចំណោមពួកគេផងដែរ។

កាលពីអតីតកាល ក៏ធ្លាប់មានដែរគណបក្សប្រឆាំងក្នុងប្រទេសជប៉ុនបានរួមដៃគ្នាបង្កើតក្រុមចម្រុះមួយដែលមិនមែនដឹកនាំដោយគណបក្ស LDP ហើយនៅពេលរឿងនេះបានកើតឡើងក្នុងឆ្នាំ១៩៩៣ ក្រុមចម្រុះដ៏ផុយស្រួលមួយ មានអាយុកាលត្រឹមតែ ១ឆ្នាំប៉ុណ្ណោះ មុននឹង LDP ត្រឡប់ទៅកាន់អំណាចជាថ្មីក្នុងឆ្នាំ១៩៩៤។

​* អ្វីទៅជាផលវិបាកចំពោះនយោបាយក្នុងស្រុក និងគោលនយោបាយការបរទេសជប៉ុន?
ការដួលរលំក្រុមចម្រុះ LDP-Komeito ជាស្ថានការណ៍វិវត្តន៍ចុងក្រោយបំផុតនៅក្នុងការកើនឡើងអស្ថិរភាពនៃបរិយាកាសនយោបាយក្នុងស្រុករបស់ជប៉ុន។ បន្ថែមពីលើសំណួរថាតើនរណានឹងក្លាយជានាយករដ្ឋមន្ត្រីថ្មី វាមិនច្បាស់ នោះទេថាតើរដ្ឋាភិបាលថ្មីនឹងមានរូបរាង ឬដំណើរការឆ្ពោះទៅមុខយ៉ាងដូចម្ដេច? ជាឧទាហរណ៍​៖ ក្នុងនាមជាគណបក្សធំជាងគេបំផុត LDP អាចនឹងបន្តដឹកនាំរដ្ឋាភិបាលសំឡេងភាគតិច ស្វែងរកិច្ចព្រមព្រៀងលើការដោះស្រាយពី បញ្ហាមួយទៅបញ្ហាមួយដោយផ្អែកលើការចរចាមានលក្ខខណ្ឌកាន់តែលំបាកជាងមុន។ Komeito បានបើកចំហលទ្ធភាពនៃការធ្វើកិច្ចសហប្រតិបត្តិការជាមួយ​ LDP ដោយផ្អែកលើមូលដ្ឋានបែបនេះ។ ផ្ទុយទៅវិញ ក្រុមចម្រុះថ្មីមួយ ក៏អាចនឹងត្រូវបានបង្កើតឡើងដែររវាង LDP និងគណបក្សប្រឆាំង ឬក្រុមចម្រុះដែលបង្កើតឡើងនៅក្នុងចំណោមគណបក្សប្រឆាំងតែម្ដង។ ប៉ុន្តែ សេណារីយ៉ូបែបនេះនឹងតម្រូវឱ្យមានការជជែកពិភាក្សាមួយទាមទារឱ្យមាន កិច្ចប្រឹងប្រែងយ៉ាងខ្លាំងនៅក្នុងចំណោមមេដឹកនាំគណបក្សនយោបាយដើម្បីអាចរួបរួបគ្នាបង្កើតជាសម្ព័ន្ធភាពថ្មីមួយបាន។

ភាពមិនច្បាស់លាស់នៃនយោបាយក្នុងស្រុករបស់ជប៉ុន កើតមានឡើងចំពេលដ៏មមារញឹក និងភាពមិនច្បាស់លាស់សម្រាប់នយោបាយការបរទេសជប៉ុន។ ប្រឈមនឹងបញ្ហាសន្តិសុខ និងសេដ្ឋកិច្ច រដ្ឋាភិបាលជប៉ុនបាន និងកំពុង ព្យាយាមរក្សាទំនាក់ទំនងរឹងមាំជាមួយសហរដ្ឋអាមេរិក ក្នុងគ្រាដែលកិច្ចចរចាស្ដីពីពាណិជ្ជកម្មកំពុងធ្វើឡើង ការទាមទារឱ្យបង្កើនកញ្ចប់ថវិកាការពារជាតិ ព្រមទាំងពង្រឹងភាពជាដៃគូយុទ្ធសាស្ត្រជាមួយបណ្ដាប្រទេសមានចិត្តដូចគ្នា ផ្សេងទៀត។ នៅចុងខែតុលានេះ មេដឹកនាំជប៉ុនថ្មីត្រូវបានរំពឹងថានឹងត្រូវចូលរួមកិច្ចប្រជុំដ៏សំខាន់ជាមួយអាស៊ានក្នុងប្រទេសម៉ាឡេស៊ី និងកិច្ចប្រជុំកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក (APEC) នៅកូរ៉េខាងត្បូង រួមទាំង ទទួលស្វាគមន៍ដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ។ ខណៈបរិយាកាសនយោបាយក្នុងស្រុក និងអន្តរជាតិមានភាពមិនច្បាស់លាស់ នាយករដ្ឋមន្ត្រីថ្មីរបស់ជប៉ុននឹងត្រូវដឹកនាំប្រទេសហែលឆ្លងទាំងបញ្ហាក្នុងស្រុក និងការប្រែប្រួលស្ថានការណ៍អន្តរជាតិ៕