Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អភិបាលខេត្តសៀមរាប បានដឹកនាំក្រុមការងារចុះពិនិត្យទីតាំងគ្រោងរៀបចំកម្មវិធីផ្សារទឹក និងជិះទូកកំសាន្ត នៅដងស្ទឹងសៀមរាប

15-10-2025 17:37

(សៀមរាប)៖ នាថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៥ លោក ប្រាក់ សោភ័ណ អភិបាលខេត្តសៀមរាប និងជាប្រធាន ស.ស.យ.ក.ខេត្ត បានដឹកនាំក្រុមការងារចុះពិនិត្យទីតាំងគ្រោងរៀបចំកម្មវិធីផ្សារទឹក និងជិះទូកកំសាន្ត នៅតាមដងស្ទឹងសៀមរាប នាឱកាសព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប អកអំបុក និងសំពះព្រះខែ ដែលនឹងប្រព្រឹត្តទៅនាថ្ងៃអង្គារ-ព្រហស្បតិ៍ ១៤កើត-១រោច ខែកត្តិក ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី៤-៦ ខែវិច្ឆិកា ឆ្នាំ២០២៥ ដែលរៀបចំដោយសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តសៀមរាប។

សូមបញ្ជាក់បន្ថែមថា ក្នុងឆ្នាំ២០២៥នេះ រដ្ឋបាលខេត្តពុំបានរៀបចំព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក និងសំពះព្រះខែទេ ដោយរដ្ឋបាលខេត្តបានឱ្យសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តសៀមរាបរៀបចំកម្មវិធីកំសាន្តមួយចំនួនដូចជា៖ កម្មវិធីជិះទូកកំសាន្ត កម្មវិធីប្រណាំងទូកមិត្តភាពសៀមរាបផ្ទះខ្ញុំ, កម្មវិធីប្រគុំតន្ត្រីស្គរដៃ, កម្មវិធីស្តង់ពិព័រណ៍, កម្មវិធីប្រដាល់គុនខ្មែរ, ល្ខោនបាសាក់ និងកម្មវិធីកំសាន្តផ្សេងៗជាច្រើនទៀត។

ការរៀបចំកម្មវិធីនេះ ធ្វើឡើងក្នុងគោលបំណងជំរុញដល់វិស័យទេសចរណ៍ក្នុងខេត្តសៀមរាប ឱ្យកាន់តែមានភាពរីកចម្រើន ក៏ដូចជាចូលរួមក្នុងការស្តារ និងលើកស្ទួយសេដ្ឋកិច្ចខេត្តសៀមរាបតាមរយៈការគាំទ្រអំពីផលិតផលខ្មែរដែលធ្វើឡើងដោយស្នាដៃកូនខ្មែរ អនុវត្តតាមពាក្យស្លោក «ភូមិមួយផលិតផលមួយ» រួមទាំងបង្កើតឱ្យមាននូវផ្ទាំងទស្សនីយភាពប្លែកៗ ទៅកាន់ភ្ញៀវទេសចរជាតិ និងអន្តរជាតិមកកំសាន្តក្នុងខេត្តសៀមរាបយ៉ាងច្រើនកុះករបន្ថែមទៀត។

សូមបញ្ជាក់ផងដែរ នៅរសៀលថ្ងៃដដែលនោះ លោក ប្រាក់ សោភ័ណ និងលោកជំទាវ ដែលបានឧបត្ថម្ភថវិកាចំនួន ១០,០០០ដុល្លារ ដល់កងកម្លាំង នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប ដែលស្មោះត្រង់ ស្រលាញ់ការងារ ជាពិសេសគោរពរាល់បទបញ្ជា។ ហើយដែលខេត្តសៀមរាប មានសមត្ថកិច្ចយកចិត្តទុកដាក់សម្រួលដល់ភ្ញៀវជាតិនិងអន្ដរជាតិគ្រប់កម្មវិធី មិនថាថ្ងៃ យប់ ក្តៅរឺក្រោមតំណក់ទឹកភ្លៀង ជាពិសេសថ្ងៃដែលគេឈប់សម្រាកគឺជាថ្ងៃដែលត្រូវប្រចាំការ។

ក្នុងនោះ លោកបានអរគុណដល់ការខិតខំប្រឹងប្រែងរបស់មន្ត្រីនគបាលដែលរវល់គ្រប់កម្មវិធី ថ្ងៃខ្លះ៤ ៥កម្មវិធីក្នុងមួយថ្ងៃ រួមទាំងថ្ងៃពុកម៉ែបងប្អូនជនភៀសសឹកស្នាក់នៅក្នុងខេត្តក៏បងប្អូនយកចិត្តទុកដាក់មើលថែដូចក្រុមគ្រួសារខ្លួន ហើយត្រូវមើលសណ្តាប់ធ្នាប់ក្នុងខេត្តផង ថ្ងៃខ្លះមិនស្គាល់ម៉ោងបាយពេលណា ថ្ងៃបុណ្យទានគេជួបជុំគ្រួសារ បងប្អូននៅតាមផ្លូវគោរពបទបញ្ជា ខ្ញុំសូមចូលរួមឧបត្ថម្ភ ថវិកានេះ តាមរយៈលោកស្នងការខេត្ត ជូនដល់កងកំលាំងនគបាលខេត្តសៀមរាប ៕