Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

តំណាងនាយឧត្តមសេនីយ៍ កិត្តិសង្គហបណ្ឌិត ហ៉ីង ប៊ុនហៀង ទទួលអំណោយម៉ូតូពីព្រះសង្ឃខេត្តស្វាយរៀង ចំនួន៩៤គ្រឿង ទុកជូនដល់វីរកងទ័ពជួរមុខ

15-10-2025 16:25

(ស្វាយរៀង)៖ លោកឧត្តមសេនីយ៍ឯក ឆឹម ស៊ីណារក្ស នាយរងសេនាធិការ បញ្ជាការដ្ឋានកងអង្គរក្ស តំណាងនាយឧត្តមសេនីយ៍ កិត្តិសង្គហបណ្ឌិត ហ៉ីង ប៊ុនហៀង អគ្គមេបញ្ជាការរងកងយោពលខេមរភូមិមិន្ទ និងជាមេបញ្ជាការ បញ្ជាការដ្ឋានកងអង្គរក្ស នៅរសៀលថ្ងៃទី១៥ ខែតុលាឆ្នាំ ២០២៥នេះ បានទទួលអំណោយម៉ូតូចំនួន៩៤គ្រឿង ពីព្រះសង្ឃខេត្តស្វាយរៀង។

ពិធីប្រគល់ម៉ូតូនេះ ដឹកនាំដោយព្រះវិសុទ្ធិញាណ មុំ សយ ព្រះរាជាគណកិត្តិយស នៃគណៈមហានិកាយ នៃព្រះរាជាណាចក្រកម្ពុជា និងជាព្រះវង្សបតីធម្មធារ ព្រះមេគណខេត្តស្វាយរៀង ព្រមទាំងព្រះសង្ឃគណគុណ តាមបណ្តាស្រុក ក្រុង ទូទាំងខេត្តស្វាយរៀង និងសប្បុរសជនលោក គឹម វ៉ាង, លោកស្រី វ៉ាង ចាង, លោក ចាន់ សំណាង និងលោកស្រី គឹម ធារី នៅក្រុងបាវិត ព្រមទាំងកម្លាំងកងអង្គរក្ស នៃបញ្ជាការដ្ឋានកងអង្គរក្សជាច្រើនរូបទៀតផងដែរ។

ក្នុងឱកាសនោះ ព្រះវិសុទ្ធិញាណ មុំ សយ ព្រះមេគណខេត្តស្វាយរៀង បានថ្លែងអំណរអរគុណយ៉ាងជ្រោលជ្រៅចំពោះព្រះសង្ឃគ្រប់ព្រះអង្គ និងសប្បុរជននានា ដែលបានចូលរួមឧបត្ថម្ភ កន្លងមកនេះ ដើម្បីជាការរួមចំណែកជួយគាំទ្រលើកទឹកចិត្ត ដល់វីរកងទ័ពជួរមុខកម្ពុជា ដែលកំពុងឈរជើងការពារបូរណភាពទឹកដី និងអធិបតេយ្យជាតិ រួមទាំងការចូលរួមដល់ជនភៀសសឹក ដែលកំពុងជម្លៀសខ្លួន ដែលត្រូវការជំនួយសម្រាប់ដោះស្រាយជីវភាពប្រចាំថ្ងៃ។

បន្ថែមលើសពីនេះ ព្រះវិសុទ្ធិញាណ មុំ សយ សូមថ្លែងអំណរគុណ និងគោរពដឹងគុណ ដល់វីរកងទ័ពជួរមុខកម្ពុជា ក្នុងការការពារបូរណភាពទឹកដី តាមខ្សែរបន្ទាត់ព្រំដែន ប្រកបដោយភាពអង់អាចក្លាហាន និងឈរជើងយ៉ាងរឹងមាំ ប្រឆាំងនឹងសត្រូវឈ្លានពាន។ សូមឲ្យប្រជាពលរដ្ឋ មានជំនឿចិត្តលើចំណាត់ការបស់រាជរដ្ឋាភិបាល ដែលតែងតែនៅជាមួយប្រជាពលរដ្ឋគ្រប់កាលៈទេសៈ និងបញ្ចប់ជម្លោះ តាមរយៈកិច្ចចចារសម្របសម្រួលឲ្យមានបទឈប់បាញ់ រវាងកម្ពុជា-ថៃផងដែរ។

ក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ឯក ឆឹម ស៊ីណារក្ស បានថ្លែងនូវការផ្ដាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ នាយឧត្តមសេនីយ៍ កិត្តិសង្គហបណ្ឌិត ហុីង ប៊ុនហៀង ជូនដល់ព្រះសង្ឃគ្រប់ព្រះអង្គ និងអាជ្ញាធរទាំងអស់ ដែលបានចូលរួមនៅក្នុងឱកាសប្រគល់ម៉ូតូនេះផងដែរ។

លោកបានបន្តថា ជំនួសមុខឲ្យនាយឧត្តមសេនីយ៍ កិត្តិសង្គហបណ្ឌិត ហុីង ប៊ុនហៀង សូមថ្លែងអំណរគុណដែលជ្រាលជ្រៅចំពោះព្រះសង្ឃគ្រប់ព្រះអង្គនៅខេត្តស្វាយរៀង ដែលបានចូលរួមបរិច្ចាគម៉ូតូជាច្រើនគ្រឿង ដល់កងកម្លាំងបញ្ជាការដ្ឋានកងអង្គរក្ស ទុកចែកជូនដល់វីរកងទ័ពជួរមុខដែលកំពុងបំពេញការងារ ការពារអធិបតេយ្យភាព បូរណភាពទឹកដី យ៉ាងអង់អាចក្លាហាន៕