Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អភិបាលខេត្តកំពង់ធំ សម្ពោធដាក់ឲ្យប្រើប្រាស់ផ្លូវបេតុងអាមេមួយខ្សែ នៅក្រុងស្ទឹងសែន និងផ្ញើសារ៤ចំណុចឲ្យពលរដ្ឋចង់ចាំដើម្បីរួមចំណែកឲ្យប្រទេសជាតិរឹងមាំ

15-10-2025 15:18

(កំពង់ធំ)៖ ក្នុងឱកាសអញ្ជើញសម្ពោធដាក់ឲ្យប្រើប្រាស់ផ្លូវបេតុងអាមេមួយខ្សែ តភ្ជាប់ពីភូមិក្រចាប់ ទៅភូមិព្រៃបន្លិច សង្កាត់អាចារ្យលាក់ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ នៅព្រឹកថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៥នេះ លោក នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ បានផ្ញើសារ៤ចំណុច ដើម្បីឲ្យប្រជាពលរដ្ឋចង់ចាំសំដៅរួមចំណែកឲ្យប្រទេសជាតិរឹងមាំ។

លោកបានជម្រាបជូនប្រជាពលរដ្ឋអំពីបច្ចុប្បន្នភាពសភាពការណ៍ព្រំដែនជាមួយប្រទេសថៃ ទោះបីជាប្រទេសជិតខាងនៅតែចិញ្ចឹមចិត្តចង់បានទឹកដីយ៉ាងណាក៏ដោយ ឬក៏ធ្វើអំពើអាក្រក់យ៉ាងណាក៏ដោយ ជាការចាំបាច់ យើងត្រូវបើកចិត្តឲ្យទូលាយ ហើយរួមគ្នាជំរុញការកសាងនូវព្រំដែនមួយដែលមានសន្តិភាព និងប្រក្រតីភាពឡើងវិញ ដើម្បីលើកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋ។ ប៉ុន្តែការកសាងនូវព្រំដែនមួយដែលមានសន្តិភាព និងប្រក្រតីភាពឡើងវិញនេះ ក៏ភ្ជាប់មកនូវគោលការណ៍មួយចំនួនដែលយើងត្រូវចងចាំទុកផងដែរ រួមមាន៖

*ទី១៖ យើងមិនត្រូវភ្លេចនូវរាល់ទង្វើអាក្រក់ដែលគេបានធ្វើមកលើយើង និងការមាក់ងាយរបស់គេមកលើយើងនោះទេ ប៉ុន្តែយើងត្រូវប្រែក្លាយកំហឹង និងការឈឺចាប់ទាំងនេះ មកជាការខិតខំប្រឹងប្រែង សិក្សារៀនសូត្រ ប្រឹងប្រែងបំពេញភារកិច្ច ប្រឹងប្រែងអភិវឌ្ឍខ្លួនឯង ស្រឡាញ់ជាតិ និង លើកកម្ពស់ផលប្រយោជន៍ជាតិ ឲ្យបានកាន់តែខ្ពស់ច្រើន ដើម្បីឈរឲ្យរឹងមាំនៅលើឆាកអន្តរជាតិ ដោយមិនត្រូវអនុញ្ញាតឲ្យប្រទេសជិតណាមួយមកប្រមាថ ឬមើលងាយយើងបាននោះទេ

*ទី២៖ សន្តិភាពនៅតាមព្រំដែន មិនមែនមានន័យថា យើងត្រូវព្រមព្រៀងកាត់ទឹកដីឲ្យប្រទេសជិតខាងណាមួយនោះទេ ដែលនេះ គឺជាគោលនយោបាយដ៏ច្បាស់លាស់របស់ សម្ដេចមហាបវរធិបតី ដែលបានបញ្ជាក់ម្តងហើយម្តងទៀតថា រាជរដ្ឋាភិបាលដាច់ខាត មិនព្រមព្រៀងក្នុងការយកបូរណភាពទឹកដីរបស់កម្ពុជា ទៅប្តូរនឹងសន្តិភាពជាដាច់ខាត

*ទី៣៖ យើងចង់បញ្ចៀសនូវសង្គ្រាមដែលបង្កនូវវិនាសកម្មដែលយើងធ្លាប់ឆ្លងកាត់ ប៉ុន្តែមិនមែនមានន័យថា យើងទម្លាក់អាវុធនោះទេ។ ផ្ទុយទៅវិញ យើងត្រូវបន្តពង្រឹងសមត្ថភាពយោធាយើង ហើយតបតដោយអាវុធក្នុងជម្រើសចុងក្រោយ ដើម្បីការពារបូរណភាពទឹកដីយើង

*ទី៤៖ យើងត្រូវរំលឹកខ្លួនឯងជាប់ជាប្រចាំ ក្នុងការខិតខំប្រឹងប្រែងអភិវឌ្ឍសមត្ថភាព ការផលិតនូវផលិតផលក្នុងស្រុក ដើម្បីរស់ដោយឯករាជ្យ និងមានភាពរឹងមាំ ហើយត្រូវចងចាំ នូវស្ថានភាពនាពេលកន្លងមក ដែលបានឆ្លុះបញ្ចាំងយ៉ាងច្បាស់ថា គ្មានអ្នកណាស្រឡាញ់ខ្មែរយើង ជាងខ្មែរគ្នាឯង ហើយគ្មានអ្នកណាដែលអាចជួយយើងបានខ្លាំងជាងយើងជួយខ្លួនឯង ឈររឹងមាំដោយខ្លួនឯង ក្នុងនាមជាជាតិសាសន៍មួយនៅលើសកលលោក។ បើព្រំដែនបើកឡើងវិញ មិនមែនមានន័យថា យើងត្រូវងាកមកប្រើផលិតផលគេ ឬពឹងផ្អែកគេនោះទេ។

ជាមួយគ្នានេះ លោក នួន ផារ័ត្ន បានបញ្ជាក់ច្បាស់ថា ដើម្បីប្រទេសជាតិរឹងមាំ និងរីកចម្រើនយើងត្រូវរួមគ្នា សាមគ្គី ឯកភាពជាតិ ក្រោមការដឹកនាំរបស់សម្តេចតេជោ និងសម្តេចធិបតី ដើម្បីឆ្លងកាត់កាលៈទេសៈដ៏លំបាកនេះជាមួយគ្នា៕