Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

មន្ត្រីជាន់ខ្ពស់ក្រសួងសាធារណការ បើកប្រជុំពិនិត្យវឌ្ឍនភាព និងវាយតម្លៃលទ្ធផលការពង្រឹងសមត្ថភាពក្នុងការសម្របសម្រួលការធ្វើឱ្យប្រសើរឡើងនូវប្រព័ន្ធភស្ដុភារកម្មកម្ពុជា

15-10-2025 15:09

(ភ្នំពេញ)៖ លោកស្រី កុយ សុដានី រដ្ឋលេខាធិការប្រចាំការក្រសួងសាធារណការ និងដឹកជញ្ជូន បានដឹកនាំកិច្ចប្រជុំពិនិត្យវឌ្ឍនភាព និងលទ្ធផលនៃការអនុវត្តគម្រោង SF-CLIP3 ក្រោមជំនួយបច្ចេកទេសរបស់ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុន(JICA) ដោយមានការចូលរួមពីថ្នាក់ដឹកនាំក្រសួង តំណាងអគ្គនាយកដ្ឋានក្រោមឱវាទក្រសួង តំណាង JICA និងមន្ត្រីជំនាញ និងភាគីពាក់ព័ន្ធជាច្រើនរូបផ្សេងទៀត។

កិច្ចប្រជុំនាថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៥ លោកស្រីរដ្ឋលេខាធិការប្រចាំការ បានដឹកនាំពិនិត្យ ពិភាក្សា និងវាយតម្លៃលើវឌ្ឍនភាពនៃការអនុវត្តរបស់ក្រុមការងារលើផែនការសកម្មភាពចម្បងៗនៅក្នុងគម្រោងនេះ ដែលរួមមានអំពីវឌ្ឍនភាពនៃការពង្រឹងការរៀបចំផែនការ ប្រមូល និងវិភាគទិន្នន័យដោយផ្អែកលើភស្តុតាងសម្រាប់លើកកម្ពស់ប្រព័ន្ធឡូជីស្ទីក និងការដឹកជញ្ជូន, ការពង្រឹងការធ្វើរបាយការណ៍ប្រចាំឆ្នាំនៃផែនការមេគ្រប់ជ្រុងជ្រោយស្ដីពីប្រព័ន្ធដឹកជញ្ជូនអន្តរមធ្យោបាយ និងភស្តុភារកម្មកម្ពុជា ២០២៣-២០៣៣ ឱ្យមានលក្ខណៈល្អប្រសើរថែមទៀត, ការធ្វើឱ្យប្រសើរឡើងនូវការគ្រប់គ្រងការដឹកជញ្ជូនទំនិញតាមផ្លូវថ្នល់ និងផ្លូវដែក ជាពិសេសជំរុញការរៀបចំសេចក្តីព្រាងប្រកាសស្តីពីការដឹកជញ្ជូនទំនិញគ្រោះថ្នាក់ឱ្យបានឆាប់ និងការរៀបចំផែនទីតម្រង់ទិសនៃការៀបចំក្របខណ្ឌគតិយុត្ត និងប្រព័ន្ធគ្រប់គ្រងការដឹកជញ្ជូនតាមផ្លូវដែក និងការលើកកម្ពស់ប្រសិទ្ធភាពនៃប្រព័ន្ធឡូជីស្ទីក និងការដឹកជញ្ជូនឆ្លងកាត់ព្រំដែន។

លោកស្រី កុយ សុដានី បានថ្លែងអំណរគុណចំពោះសមាជិកអង្គប្រជុំ និងជំនាញការរបស់ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន(JICA)ប្រចាំកម្ពុជា ដែលបានផ្តល់ធាតុចូលសំខាន់ៗ និងបានខិតខំបំពេញការងារកន្លងមក ដើម្បីជំរុញការអនុវត្តគម្រោងសម្រេចបានជោគជ័យស្របតាមផែនការដែលគ្រោងទុក។

លើសពីនេះលោកស្រី កុយ សុដានី ក៏បានណែនាំឱ្យក្រុមការងារទាំងអស់បន្តសហការគ្នាយ៉ាងជិតស្និទ្ធបន្ថែមទៀត ដើម្បីធានាថា ត្រូវសម្រេចបានតាមផែនការដែលបានកំណត់ និងទទួលបានលទ្ធផលផ្លែផ្កា ដើម្បីជាមុខមាត់ក្រសួង ក៏ដូចជាប្រទេសជាតិទាំងមូល៕