Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

នាយឧត្តមសេនីយ៍ ស ថេត លើកទឹកចិត្តសិស្សានុសិស្សទើបប្រឡងជាប់បាក់ឌុប បន្ដការសិក្សានៅកម្រិតឧត្តម ដើម្បីក្លាយជាសសរទ្រូងដ៏រឹងមាំរបស់គ្រួសារ និងប្រទេសជាតិ

15-10-2025 15:07

(ព្រៃវែង)៖ នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកកញ្ច្រៀច និងស្រុកកំចាយមារ ខេត្តព្រៃវែង នៅព្រឹកថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៥នេះ បានអញ្ជើញជាអធិបតីក្នុងពិធីជួបសំណេះសំណាលជាមួយលោកគ្រូ អ្នកគ្រូ និងបេក្ខជនប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង ២៨ សីហា ២០២៥ នៅសាកលវិទ្យាល័យជាតិ ជា ស៊ីម កំចាយមារ ខេត្តព្រៃវែង។

ក្នុងឱកាសនោះ នាយឧត្តមសេនីយ៍ ស ថេត បានថ្លែងអំណរគុណ និងកោតសរសើរចំពោះលោកគ្រូ អ្នកគ្រូទាំងអស់ ដែលបានខិតខំយកចិត្តទុកដាក់ដោយស្មារតីទទួលខុសត្រូវខ្ពស់ប្រកបដោយ ក្រមសីលធម៌វិជ្ជាជីវៈ ក្នុងការបង្ហាត់បង្រៀន និងអប់រំសិស្សបានល្អ ឲ្យមានការគោរពវិន័យ និងមានសមត្ថភាពដែលអាចប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សា ទុតិយភូមិតាមបំណងប្រាថ្នារបស់ខ្លួន។ ជាពិសេស សូមកោតសរសើរដល់សិស្សជ័យលាភីទាំងអស់ ដែលបានខិតខំយកចិត្តទុកដាក់សិក្សារៀន សូត្រ រហូតដល់បានប្រឡងជាប់ដោយសមត្ថភាពរបស់ខ្លួន ពិតប្រាកដ ស្របតាម ពាក្យស្លោករបស់ក្រសួងអប់រំ យុវជន និងកីឡា ដែលប្រកាសថា «ចេះគឺជាប់»

នាយឧត្តមសេនីយ៍ ស ថេត ក៏បានណែនាំដល់លោកគ្រូ អ្នកគ្រូទាំងអស់ បន្តផ្តោតការយកចិត្តទុកដាក់លើការ អប់រំ សីលធម៌ សុជីវធម៌ពាក់ព័ន្ធនឹងជីវភាពប្រចាំថ្ងៃ របស់សិស្សានុសិស្ស បន្ថែម លើមុខវិជ្ជាគោលដែលត្រូវបង្រៀន និងសូមជួយតាមដានអាកប្ប កិរិយា ក៏ដូចជាឥរិយាបថរបស់សិស្ស ក្រែងមានជាប់ពាក់ព័ន្ធនឹង សកម្មភាពរបស់ក្រុមក្មេងទំនើង ធ្លាក់ក្នុងអន្ទាក់គ្រឿងញៀន ល្បែងស៊ីសងជាដើម។

ដោយឡែក សម្រាប់សិស្សានុសិស្សជ័យលាភី ត្រូវបន្តការសិក្សារបស់ខ្លួនទៅថ្នាក់ឧត្តមសិក្សា ស្របតាមស្មារតី គោលនយោបាយជាតិ ស្ដីពីការសិក្សាពេញមួយជីវិត ដើម្បីប្រែក្លាយ ខ្លួនទៅជាពលរដ្ឋល្អ ជាសសរទ្រូងដ៏រឹងមាំរបស់គ្រួសារ និងប្រទេសជាតិនា ថ្ងៃអនាគត។ លើសពីនេះ បន្តខិតខំប្រឹងប្រែងរៀនសូត្របន្ថែមទៀតទៅលើជំនាញបន្ថម ផ្សេងៗ ពិសេស ភាសាបរទេស និងបច្ចេកវិទ្យាឌីជីថល ដើម្បីដើរឲ្យទាន់ សម័យកាល និងពង្រឹងសមត្ថភាពប្រកួតប្រជែង យោងទៅតាមពាក្យ ស្លោកថា «រៀនហើយរៀនទៀត រៀនមិនចេះចប់ រៀនពេញមួយជីវិត»

នាយឧត្តមសេនីយ៍ ក៏បានសង្កត់ធ្ងន់ឲ្យជៀសវាងឲ្យឆ្ងាយ ពីអំពើអបាយមុខគ្រប់ប្រភេទ ពិសេសគ្រឿង ញៀន ល្បែងស៊ីសង ក្មេងទំនើង និងសកម្មភាពខុសច្បាប់នានា ដែលធ្វើឲ្យខូចអនាគតរបស់ខ្លួន និងនាំយើងទៅរកក្ដីវិនាសអន្តរាយ សម្រាប់ដំណើជីវិតរបសើខ្លួន។ បន្ថែមពីនេះ មិនត្រូវភ្លេចខ្លួន និងកុំមានមោទនភាពជ្រុលដែលខ្លួនការទទួលបាន និទ្ទេសល្អ ហើយទម្លាក់ចោលការខិតខំព្យាយាមសិក្សារៀនសូត្របន្ត ពីព្រោះជោគជ័យនៅពេលនេះ មិនទាន់ប្រាកដថាយើងនឹងអាច ទទួលបានជោគជ័យនៅក្នុងជីវិតនោះទេ ដូច្នេះត្រូវខិតខំ ប្រឹងប្រែងជាបន្តទៅទៀត សម្រាប់អនាគតដ៏វែងឆ្ងាយរបស់ខ្លួន។

ដោយសារបច្ចុប្បន្ន ប្រទេសជាតិកំពុងតែស្ថិតនៅក្នុងយុគសម័យឌីជីថល ដែលមានការវិវត្ត ប្រែប្រួលឥតឈប់ឈរ។ នាយឧត្តមសេនីយ៍ ស ថេត បានណែនាំសិស្សានុសិស្សទាំងអស់ ត្រូវសិក្សាធ្វើយ៉ាងណាទាញយក ប្រយោជន៍ពីបច្ចេកវិទ្យា មកប្រើប្រាស់ក្នុងន័យវិជ្ជមាន ជាជំនួយដល់ការសិក្សាស្រាវជ្រាវ ក៏ដូច ជាផ្សព្វផ្សាយនូវចំណុចវិជ្ជមានទាំងឡាយរបស់សង្គមជាតិ ហើយសូមជៀសឲ្យខាងតែបានចំពោះការប្រើប្រាស់បណ្តាញសង្គម ផ្សេងៗ ក្នុងន័យអវិជ្ជមានដូចជា ការផ្សព្វផ្សាយ ឬចែករំលែកមាតិកា ឬ ព័ត៌មានក្លែងក្លាយ មានលក្ខណៈញុះញង់ បំពុលសង្គម ដែលនាំឲ្យ មានការបែកបាក់ដល់សង្គមជាតិ និងធ្វើឲ្យប៉ះពាល់ដល់ កិត្តិយស សេចក្ដីថ្លៃថ្នូររបស់ឥស្សរជនជាថ្នាក់ដឹកនាំប្រទេស។

ជាមួយគ្នានេះ ត្រូវបន្តមានស្មារតី និងមនសិកាស្រឡាញ់ជាតិ មាតុភូមិ សាមគ្គី ជាតិរឹងមាំ ស្រឡាញ់និងការពារសុខសន្តិភាព ពិសេសត្រូវតែជៀស ឲ្យឆ្ងាយពីចលនាប្រមូលផ្តុំខុសច្បាប់នានា ដែលបង្កើតឡើងដោយ ក្រុមប្រឆាំងជ្រុលនិយមក្រៅស្រុកក្នុងន័យបង្កចលាចល អសន្តិសុខ សង្គម និងបំផ្លាញភាពសុខសាន្តរបស់ពលរដ្ឋនិងវឌ្ឍនភាពសង្គម និងសូមចូលរួមថែរក្សាបរិស្ថានល្អនៅមូល ដ្ឋានរបស់ខ្លួន ដើម្បីលើកកម្ពស់សោភ័ណភាព សុខភាពរបស់មនុស្ស និងសត្វផងដែរ រួមទាំងចូលរួមថែរក្សាស្នាដៃ និងសមិទ្ធផលនានា ដែលសម្បត្តិសាធារណៈ សម្រាប់បម្រើផលប្រយោជន៍របស់យើងទាំងអស់គ្នា។

យោងតាមរបាយការណ៍របស់លោកអភិបាលស្រុក បានបញ្ជាក់ថា ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិនៅឆ្នាំនេះ ស្រុកកំចាយមារ មានសិស្សជ័យលាភីដែលបានប្រឡងជាប់ មានរហូតដល់ ៨៩,៩០ភាគរយ នៃបេក្ខជនដាក់ពាក្យប្រឡង ក្នុងនោះមាន និទ្ទេស A ១៧នាក់, និទ្ទេស B ៤៣នាក់, និទ្ទេស C ១៣៦នាក់, និទ្ទេស D ២៣៨នាក់ និងនិទ្ទេស E ១៥៤នាក់៕