Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ផ្ទះថ្មីមួយខ្នងអំណោយរបស់សម្ដេចតេជោ ហ៊ុន សែន ត្រូវបានប្រគល់ជូនអតីតយុទ្ធជនដែលមានដីគ្មានផ្ទះ នៅស្រុកសណ្ដាន់ ខេត្តកំពង់ធំ

15-10-2025 15:03

(កំពង់ធំ)៖ ផ្ទះថ្មីទំហំ ៥ម៉ែត្រ គុណ ៧ម៉ែត្រ សាងសង់ពីសសរបេតុង ឆ្អឹងដែក រនាបក្រាលក្តារជញ្ជាំងស្មាតប៊ត ដំបូលប្រក់ស័ង្កសីកិនភ្លី មានតសំយ៉ាបផ្ទះបាយប្រវែង៣ម៉ែត្រ នៅខាងក្រោយ ព្រមមានទាំងបង្គន់ អនាម័យចំនួនមួយខ្នង ដែលជាអំណោយរបស់សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានសមាគមន៍អតីតយុទ្ធជន និងនិវត្តន៍ជនកម្ពុជា ត្រូវបានគណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តន៍ជនកម្ពុជា ខេត្តកំពង់ធំ សាងសង់រួចរាល់ និងប្រគល់ជូនក្រុមគ្រួសារអតីតយុទ្ធជន ដែលគ្មានដីគ្មានផ្ទះរស់នៅ នៅឃុំដងកាំបិត ស្រុកសណ្ដាន់ ខេត្តកំពង់ធំ នាថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៥ ក្រោមអធិបតីភាពលោកឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ។

លោក លន់ យ៉េន ប្រធានក្រុមប្រឹក្សាឃុំដងកាំបិត ស្រុកសណ្ដាន់ បានបញ្ជាក់ថា លោក ឡាច សុខា អាយុ៦១ឆ្នាំ បានចូលបម្រើក្នុងអង្គភាពនគរបាលស្រុកសណ្ដាន់ខេត្តកំពង់ធំ កាលពីឆ្នាំ១៩៨៤ ហើយត្រូវបានក្រសួងមហាផ្ទៃ ដាក់ឲ្យចូលនិវត្តន៍នៅឆ្នាំ២០១៦។

លោក ឡាច សុខា មានភរិយាឈ្មោះ ឈុំ គឹមស្រៀង អាយុ៥៨ឆ្នាំ មានសមាជិកគ្រួសារនៅក្នុងបន្ទុកចំនួន៧នាក់ មានដីតែគ្មានផ្ទះរស់នៅពិតប្រាកដ ដោយកន្លងមករូបគាត់ និងភរិយា និងកូនពៅម្នាក់ធ្វើកម្មករចំការកៅស៊ូ ហើយស្នាក់នៅជាមួយក្រុមហ៊ុន។ ដោយឡែកកូនរបស់គាត់ពីរនាក់ទៀត ទៅធ្វើកម្មករនៅភ្នំពេញ។

លោកឧត្តមសេនីយ៍ទោ សោម ស៊ុន បានបញ្ជាក់ថា ដោយទទួលបានរបាយការណ៍ពីថ្នាក់ដឹកនាំសមាគមអតីយុទ្ធជន និងអាជ្ញាធរនៅមូលដ្ឋាន និងដោយមើលឃើញពីការលំបាកនេះ គណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តន៍ជនកម្ពុជាខេត្តកំពង់ធំ បានស្នើសុំការអនុញ្ញាតពីសម្ដេចតេជោ ហ៊ុន សែន តាមរយៈទេសរដ្ឋមន្ត្រី គន់ គីម អនុប្រធាន និងជាអគ្គលេខាធិការ ដើម្បីសម្រេចការសាងសង់ផ្ទះជូនដល់ក្រុមគ្រួសារ លោក ឡាច សុខា ដែលត្រូវបានប្រគល់ជូនដើម្បីរស់នៅបានសមរម្យ និងជាកម្មសិទ្ធិសម្រាប់ជាប្រយោជន៍ដល់កូនចៅតទៅ។

លោកឧត្តមសេនីយ៍ទោ សោម ស៊ុន បាននាំយកនូវស្បៀងអាហារ គ្រឿងឧបភោគបរិភោគ ព្រមទាំងសម្ភារៈប្រើប្រាស់មួយចំនួន ដែលជាអំណោយរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ប្រគល់ជូនក្រុមគ្រួសារលោក ឡាច សុខា សម្រាប់ប្រើប្រាស់ក្នុងឱកាសទទួលបានផ្ទះថ្មីនេះផងដែរ។

លោក ឡាច សុខា និងភរិយា បានគោរពថ្លែងអំណរគុណជាទីបំផុតមិនអាចបំភ្លេចបាន ចំពោះសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ព្រមទាំងគណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តន៍កម្ពុជាខេត្តកំពង់ធំ រួមជាមួយអាជ្ញាធរដែនដី ដែលបានសាងសង់ផ្ទះថ្មីជូនដល់ក្រុមគ្រួសាររបស់គាត់បានរស់នៅសមរម្យនៅថ្ងៃនេះ និងសូមគោរពជូនពរសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ព្រមទាំងក្រុមគ្រួសារ សូមទទួលបាននៅសុខភាពល្អ ដើម្បីបន្តដឹកនាំនាវាកម្ពុជា ក្នុងសុខសន្តិភាព និងការអភិវឌ្ឍរីកចម្រេីនរុងរឿងបន្ថែមទៀត៕