Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ខ្មែរ-អាម៉េរិកាំង គាំទ្រភាពអត់ធ្មត់របស់រាជរដ្ឋាភិបាលលើបញ្ហាព្រំដែន កុំឱ្យផលប៉ះពាល់កាន់តែធ្ងន់ធ្ងរ

15-10-2025 14:56

(បន្ទាយមានជ័យ)៖ នៅព្រឹកថ្ងៃពុធ ទី១៥ ខែតុលា ឆ្នាំ២០២៥នេះ លោក អ៊ុំ វុត្ថា (Oum Vuttha) ពលរដ្ឋខ្មែររស់នៅសហរដ្ឋ​អាមេរិក និងជាអតីតអ្នករស់នៅ​ជំរំ​ភៀសខ្លួនជាយដែនក្នុងខេត្តបន្ទាយមានជ័យ រួមជាមួយភរិយារបស់ខ្លួន បានអញ្ជើញ​ចុះពិនិត្យដោយផ្ទាល់នូវស្ថានភាពប្រជាពលរដ្ឋរស់នៅក្នុងភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។

ភូមិព្រៃចាន់ ជាភូមិឋានរបស់ខ្មែរមួយ ដែលរងការទន្ទ្រានពីកងទ័ពថៃ ហើយបាន​រាយ​បន្លាលួសព័ទ្ធយកផ្ទះសម្បែង និងដីចម្ការរបស់ប្រជាពលរដ្ឋក្នុងភូមិនេះចំនួន១៩​គ្រួសារ។ ពេលចុះមកដល់ភូមិនេះ លោក វុត្ថា បានសម្តែងក្តីអាណិតអាសូរជាពន់ពេក​សម្រាប់ប្រជាពលរដ្ឋក្នុងភូមិ ដែលរងការធ្វើទុក្ខបុកម្នេញពីសំណាក់យោធាថៃ។

លោក អ៊ុំ វុត្ថា ក៏បានសម្តែងការខឹងសម្បាជាខ្លាំងចំពោះយោធាថៃ ដែលបានរំលោភ​បំពាន និងឈ្លានពានទឹកដីកម្ពុជា ជាពិសេសការចាក់សំឡេងរំខានពេលរាត្រី ដែលជាទង្វើមួយដ៏ព្រៃផ្សៃ។ លោក វុត្ថា ក៏បានសម្តែងការកោតសរសើរចំពោះ​ការ​តស៊ូអត់ធ្មត់របស់ប្រជាពលរដ្ឋក្នុងភូមិជម្នះការលំបាកដែលយាយីដោយភាគីថៃ ហើយមិនចាកចោលផ្ទះសម្បែង។

ខ្មែរអាម៉េរិកាំងរូបនេះ ក៏បានថ្លែងការគាំទ្រចំពោះភាពអត់ធ្មត់របស់រាជរដ្ឋាភិបាល មិន​តប​ដោយកម្លាំងតបការអុជអាល និងបង្កហេតុដោយភាគីថៃ ដែលនេះជាយុទ្ធសាស្ត្រ​មិន​ពង្រីកបញ្ហាឱ្យកាន់តែធំ និងបញ្ចៀសផលប៉ះពាល់លើប្រជាពលរដ្ឋរស់នៅក្នុង​ភូមិ៕