Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ កោតសរសើរអាជ្ញាធរខេត្តកែប ក្នុងការអនុវត្តបរិស្ថានគ្មានផ្សេងបារី ដែលធ្វើឲ្យក្រុងកែបទទួលបានជ័យលាភី

15-10-2025 14:46

(កែប)៖ ក្នុងឱកាសប្រកាសទទួលស្គាល់ជាផ្លូវការ ក្រុងកែបជា «ទីក្រុងទេសចរណ៍ គ្មានផ្សែងបារី» រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានកោតសរសើរ និងអបអរសាទរ ចំពោះក្រុងកែប ដែលបានខិតខំប្រឹងប្រែង យកចិត្តទុកដាក់ ក្នុងការអនុវត្តបរិស្ថានគ្មានផ្សែងបារី ក្នុងវិស័យទេសចរណ៍ រហូតទទួលបានជ័យលាភី និងសមិទ្ធផលដែលក្រុងកែប សម្រេចបាននៅថ្ងៃនេះកើតចេញពីការតាំងចិត្តមោះមុតរបស់រដ្ឋបាលខេត្ត។

ពិធីនេះបានធ្វើឡើងក្រោមអធិបតីភាព លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ រួមជាមួយលោក សោម ពិសិដ្ឋ អភិបាលខេត្តកែប និងលោកស្រី​បណ្ឌិត​ Marianna Trias ប្រធានអង្គការសុខភាពពិភពលោកប្រចាំកម្ពុជា នាថ្ងៃទី១៤ ខែតុលា ២០២៥ នៅសាលាខេត្តកែប។

លោក សោម ពិសិដ្ឋ បានលើកឡើងថា បរិស្ថានគ្មានផ្សែងបារី ជាបរិបទមួយដែលពិភពលោក ក៏ដូចជា តំបន់ បាននិងកំពុងយកចិត្តទុកដាក់ខ្ពស់ ក្នុងការត្រួតពិនិត្យផលិតផលថ្នាំជក់ ដែលអាចប៉ះពាល់ដល់បរិស្ថាន និងការរស់នៅរបស់ប្រជាពលរដ្ឋ។ ព្រោះបច្ចុប្បន្នថ្នាំជក់សម្លាប់មនុស្សជាច្រើនលាននាក់ ទូទាំងពិភពលោកក្នុងមួយឆ្នាំៗ។

លោកបន្ដថា ដោយមានការយកចិត្តទុកដាក់ខ្ពស់ពីក្រសួងទេសចរណ៍ ដែលបានខិតខំជំរុញការងារទីក្រុងទេសចរណ៍គ្មានផ្សែងបារី នៅក្រុងកែប ព្រមទាំងបានរៀបចំកម្មវិធីសិក្ខាសាលាជាបន្តបន្ទាប់ ក្នុងការចុះយុទ្ធនាការបិទស្លាកហាមជក់បារី រួមទាំងបដាផ្សព្វផ្សាយ និងការចុះត្រួតពិនិត្យវាយតម្លៃជាក់ស្ដែង លើការអនុវត្តគោលការណ៍ណែនាំ ស្ដីពីការរៀបចំទីក្រុងទេសចរណ៍គ្មានផ្សែងបារី នាពេលកន្លងមក រហូតទទួលបានការគាំទ្រ ពីក្រសួងទេសទេសចរណ៍ និងអង្គការសុខភាពពិភពលោក (WHO) ក្នុងការប្រកាសទទួលស្គាល់ក្រុងកែប ជាទីក្រុងទេសចរណ៍គ្មានផ្សែងបារីនាពេលនេះ។

ជាមួយគ្នានេះ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអបអរសាទរ ក្នុងការប្រកាសជ័យលាភីទីក្រុងទេសចរណ៍គ្មានផ្សែងបារី គឺជាប្រសិទ្ធនាម ដែលមានការទទួលស្គាល់ជាផ្លូវការ ពីក្រសួងទេសចរណ៍ ចំពោះបណ្ដាក្រុង ស្រុក ខណ្ឌ ដែលបានអនុវត្តបរិស្ថានគ្មានផ្សែងបារី ក្នុងវិស័យទេសចរណ៍ បានល្អប្រសើរ ហើយជ័យលាភី គឺមានការទទួលស្គាល់ ដោយបណ្ដាទីក្រុងគ្មានផ្សែងបារីនៅតំបន់អាស៊ីប៉ាស៊ីហ្វិក និងសម្ព័ន្ធត្រួតពិនិត្យថ្នាំជក់ផងដែរ។

រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បញ្ជាក់ផងដែរថា ការរៀបចំទីក្រុងទេសចរណ៍គ្មានផ្សែងបារី ក៏មានការគាំទ្រពីអង្គការសុខភាពពិភពលោក (WHO) ដែលបានបញ្ជាក់ឱ្យឃើញថា ការរៀបចំទីក្រុងទេសចរណ៍គ្មានផ្សែងបារីនេះ មិនត្រឹមតែលើកកម្ពស់សុខុមាលភាពភ្ញៀវទេសចរ និងអ្នកបម្រើការក្នុងវិស័យទេសចរណ៍ប៉ុណ្ណោះទេ ថែមទាំងបានចូលរួមលើកកម្ពស់សុខភាពសាធារណៈ តាមរយៈការចូលរួមកាត់បន្ថយផលប៉ះពាល់ ពីការប្រើប្រាស់ផលិតផលថ្នាំជក់ មកលើសង្គមជាតិទាំងមូលទៀតផង។

លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានបញ្ជាក់បន្ថែមថា ខេត្តកែប ក៏ធ្លាប់ទទួលជ័យលាភីសំខាន់ៗដូចជា៖

*ទី១៖ ពានរង្វាន់ទីក្រុងស្អាតថ្នាក់ជាតិរំដួលបីទង៣ឆ្នាំជាប់ៗគ្នា គឺ ឆ្នាំ២០១២ ២០១៦ និង២០១៨
*ទី២៖ ពានរង្វាន់ទីក្រុងនិរន្តរភាពបរិស្ថានអាស៊ាន ឆ្នាំ២០១៧ លើប្រធានបទ ទឹកស្អាត ដីស្អាត និងខ្សល់ស្អាត នៅទីក្រុងបង់ដា⁠សេរីបេកាវ៉ាន់​ ប្រទេសប្រ៊ុយណេដារូសាឡឹម
*ទី៣៖ ពានរង្វាន់ទីក្រុងទេសចរណ៍អាស៊ានឆ្នាំ២០២៤ នៅទីក្រុងវៀងច័ន្ទ​ ប្រទេសឡាវ។ ដូច្នេះកាទទួលបានជ័យលាភីទីក្រុងទេសចរណ៍គ្មានផ្សែងបារីនេះគឺជា មោទនភាព និងបានជាតម្លៃបន្ថែមខ្ពស់មួយទៀតសម្រាប់ ក្រុងកែប ខេត្តកែប៕