Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ប្រធានក្រុមការងារចុះជួយមូលដ្ឋានឃុំអណ្តូងទឹក ស្រុកបទុមសាគរ ដង្ហែអង្គកឋិនទានវេរចូលវត្តចន្ទមុនីរាម ហៅវត្តអណ្តូងទឹក ប្រមូលបច្ច័យបានជិត ៤០លានរៀល

15-10-2025 13:21

(កោះកុង)៖ លោកឧត្តមសេនីយ៍ឯក មាស ប៊ុនឡី អគ្គនាយករង នៃអគ្គនាយកដ្ឋាន សម្ភារបច្ចេកទេស នៃក្រសួងការពារជាតិ និងប្រធានក្រុមការងារ ចុះជួយមូលដ្ឋានឃុំអណ្ដូងទឹក ស្រុកបទុមសាគរ តំណាងលោកឧត្តមសេនីយ៍ឯក ចៅ ភិរិទ្ធ អគ្គនាយក នៃអគ្គនាយកដ្ឋានសម្ភារបច្ចេកទេស ក្រសួងការពារជាតិ និងលោកស្រី ហ៊ឹម ច្រឹប នៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៥ បានផ្តួចផ្តើមធ្វើបុណ្យកឋិនទានសាមគ្គី ដង្ហែចូលវេរ ប្រគេនចំពោះព្រះភិក្ខុសង្ឃ ដែលគង់ចាំព្រះវស្សាអស់ត្រៃមាស ក្នុងពុទ្ធសីមា វត្តចន្ទមុនីរាមហៅ អណ្តូងទឹក ដើម្បីនិងក្រាលគ្រងតាមពុទ្ធវិន័យប្បញ្ញត្តិ និងប្រមូលបច្ច័យ កសាងព្រះវិហារថ្មី។

ពិធីដង្ហែអង្គកឋិនទាននេះ ក៏មានការផ្ដួចផ្ដើមពីលោកឧត្តមសេនីយ៍ទោ ចា វ៉ាន់ឌី, លោកឧត្តមសេនីយ៍ទោ វង្ស គឹមហាន, លោកស្រី លឹម ពេជ្រសា និងលោកឧត្តមសេនីយ៍ទោ ទៀ ចាន និងលោកស្រី ព្រមទាំងក្រុមការងារ និងពុទ្ធបរិស័ទជិតឆ្ងាយជាច្រើនរូបទៀតផងដែរ។

លោកឧត្តមសេនីយ៍ឯក មាស ប៊ុនឡី បានថ្លែងថា ក្រុមការងារថ្នាក់ដឹកនាំចុះមូលដ្ឋានឃុំអណ្ដូងទឹក ស្រុកបូទុមសាគរ ខេត្តកោះកុង និងពុទ្ធបរិស័ទចំណុះជើងវត្តទាំងមូល នៅឃុំអណ្តូងទឹកមានសទ្ធាជ្រះថ្លា ក្នុងព្រះពុទ្ធសាសនា បានស្រុះស្រួលគ្នា ផ្តួចផ្តើមធ្វើ បុណ្យកឋិនទានសាមគ្គី ដង្ហែចូលវេរ ប្រគេនចំពោះព្រះភិក្ខុសង្ឃ ដែលគង់ចាំព្រះវស្សាអស់ត្រៃមាស ក្នុងពុទ្ធសីមា វត្តចន្ទមុនីរាមហៅ អណ្តូងទឹក។

លោកបានបន្តថា ព្រះពុទ្ធសាសនា គឺជាសាសនារបស់រដ្ឋ ដែលបានចែងនៅក្នុងច្បាប់រដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា ហើយបុណ្យកឋិនទាននេះ មានតែព្រះពុទ្ធសាសនាទេ ដែលបានកំណត់សម័យកាល នៃការប្រារព្ធធ្វើមានរយៈពេល២៩ថ្ងៃ គឺចាប់ផ្ដើមពីថ្ងៃ១រោច អស្សុជ ដល់ថ្ងៃ២៥កើត ខែកក្តិក ហើយដែលពុទ្ធបរិស័ទ បាននាំយកស្បង់ត្រ័យជីវរ ទៅវេរប្រគេនព្រះសង្ឃ គង់ចាំព្រះវស្សាអស់កាលត្រីមាស មិនបាននិមន្តទៅណានារដូវវស្សានេះ។

លោកឧត្តមសេនីយ៍ឯក មាស ប៊ុនឡី បានបន្តថា ​បើតាម​ព្រះ​វិន័យ វត្ត​មួយ អាច​ប្រារព្ធ​ពិធីបុណ្យ​កឋិន​បានតែ​មួយថ្ងៃ​គត់ ក្នុង​រយៈពេល​២៩​ថ្ងៃនេះ ដោយ​ប្រារព្ធ​នៅ​ថ្ងៃ​ណា​ក៏​បានដែរ តាម​ការរៀបចំ​របស់​គណៈកម្មការ​វត្ត និង​តាម​ការស្នើសុំ​របស់​ម្ចាស់​កឋិន​។ បុណ្យ​នេះ មិន​ត្រឹមតែ​ជា​បុណ្យ​បែប​ព្រះ​វិន័យ​ទេ តែ​ថែមទាំង​ក្លាយជា​បុណ្យប្រពៃណី​ខ្មែរ​ផងដែរ​។

លោកឧត្តមសេនីយ៍ឯក បានគូបញ្ជាក់ថា ក្រោមការដឹកនាំដ៏ត្រឹមត្រូវរបស់គណបក្សប្រជាជន និងរាជរដ្ឋាភិបាល ដែលមានសម្តេចតេជោ រហូតមកដល់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាអាណត្តិទី៧នេះ បានធ្វើឲ្យប្រទេសជាតិមានសុខសន្តិភាព និងការអភិវឌ្ឍលើគ្រប់វិស័យ រួមទាំងវិស័យសាសនា ក្នុងនោះ ប្រជាពលរដ្ឋរស់នៅយ៉ាងសុខសាន្ត ប្រកបមុខរបរចិញ្ចឹមជីវិតដោយសេរី មានការសាមគ្គីគ្នាជាធ្លុងមួយ ឯកភាពជាតិ ខ្មែរជួយខ្មែរយ៉ាងសុខដុមរមនាផ្ដល់តែភាពញញឹមមានសុភមង្គលគ្រប់ក្រុមគ្រួសារ ក្រោមម្លប់សន្តិភាពសម្ដេចតេជោ ហ៊ុន សែន។

លោកបានផ្តាំផ្ញើដល់ប្រជាពលរដ្ឋ និងមន្រ្តីអាជ្ញាធរដែនដី ឃុំអណ្ដូងទឹក ស្រុកបូទុមសាគរ បន្តចូលរួមជាមួយនឹងរាជរដ្ឋាភិបាល ក្នុងការថែរក្សាការពារសន្តិភាព ពង្រឹងសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ និងការការពារសមិទ្ធផលនានាដែលមានស្រាប់ ដើម្បីទុកសម្រាប់ប្រើប្រាស់នៅក្នុងមូលដ្ឋាន ឱ្យបានយូរអង្វែងបន្ថែមទៀត។

សូមបញ្ជាក់ថា អង្គកឋិនទាននេះ ប្រមូលបច្ច័យកសាងបានចំនួនជិត៤០លានរៀល ដើម្បីកសាងព្រះវិហារថ្មី៕