Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ប្រធានក្លិបអ្នកកាសែតកម្ពុជា៖ ក្រោយមានការរិះគន់ខ្លាំងពីអន្តរជាតិ សំឡេងរំខានរបស់ថៃបានស្ងប់ស្ងាត់ នៅយប់ថ្ងៃទី១៤ ខែតុលា (Video inside)

15-10-2025 12:47

(ភ្នំពេញ)៖ លោក ពុយ គា ប្រធានក្លិបអ្នកកាសែតកម្ពុជា បានរាយការណ៍ផ្ទាល់ពីភូមិព្រៃចាន់ មកកាន់បណ្ដាញព័ត៌មាន Fresh News ថានៅរាត្រីថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៥ នៅភូមិព្រៃចាន់ មិនមានការចាក់សំឡេងដ៏រំខានដល់ដំណេក និងការរស់នៅ របស់ប្រជាពលរដ្ឋនៅភូមិព្រៃចាន់ ពីភាគីថៃទៀតនោះទេ បន្ទាប់ពីមានការរិះគន់យ៉ាងខ្លាំងពីសំណាក់មជ្ឈដ្ឋានអន្តរជាតិ ជុំវិញករណីរំលោភលើសិទ្ធិរស់នៅរបស់ប្រជាពលរដ្ឋស្លូតត្រង់កម្ពុជា យ៉ាងធ្ងន់ធ្ងរពីសំណាក់ភាគីថៃអស់រយៈពេល៤យប់កន្លងមកហើយ ។

តាមរយៈភាពស្ងប់ស្ងាត់នៅរាត្រីថ្ងៃទី១៤ ខែតុលា ប្រធានក្លិបអ្នកកាសែតកម្ពុជាយល់ឃើញថា៖ «នេះជាសញ្ញាល្អមួយនៅក្នុងជម្លោះកម្ពុជាថៃ ហើយលោកសង្ឃឹមថា កិច្ចប្រជុំកំពូលអាស៊ាននៅចុងខែតុលានេះ នឹងផ្ដល់ឱកាសឱ្យភាគីពាក់ព័ន្ធបន្តស្វែងរកដំណោះស្រាយសន្តិភាពដល់កម្ពុជានិងថៃ»។

ក្នុងនាមប្រធានក្លិបអ្នកកាសែតកម្ពុជា, លោក ពុយ គា បានដឹកនាំក្រុមអ្នកសារព័ត៌មានចុះទៅដល់ភូមិព្រៃចាន់ផ្ទាល់ ដើម្បីឃ្លាំមើល និងផ្សព្វផ្សាយបន្តទៅឆាកអន្តរជាតិ ជុំវិញករណីសកម្មភាពដ៏អមនុស្សធម៌ រំលោភសិទ្ធិមនុស្សពីសំណាក់ភាគីថៃ មកលើប្រជាជនស្លូតត្រង់កម្ពុជា នៅភូមិព្រៃចាន់ និងភូមិជោគជ័យ ស្ថិតក្នុងភូមិសាស្ត្រឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ជាប់នឹងភូមិបានណងយ៉ាកែវ និងភូមិបានណងចាន់ ឃុំគោកសួង ស្រុកគោកសួង ខេត្តស្រះកែវ ប្រទេសថៃ។

បើទោះបីកងទ័ពថៃ ប្រើយុទ្ធសាស្ត្រជាច្រើន ដើម្បីដាក់សម្ពាធផ្លូវកាយ ផ្លូវចិត្ត និងផ្លូវអារម្មណ៍យ៉ាងណាក្តី តែប្រជាពលរដ្ឋក្នុងភូមិព្រៃចាន់ និងភូមិជោគជ័យ បន្តក្រាញននៀល តស៊ូយ៉ាងស្វិតស្វាញបំផុតជម្នះការលំបាកជាគំនាបរបស់កងទ័ពថៃ ដើម្បីការពារផ្ទះសម្បែង និងភូមិឋានជាទីស្រឡាញ់របស់ពួកគាត់ដោយមិនចាកចេញទៅណានោះឡើយ។

សូមជម្រាបថា ភូមិព្រៃចាន់ និងភូមិជោគជ័យ ត្រូវបានប្រជាពលរដ្ឋខ្មែរមកតាំងទីលំនៅប្រមាណជា៤ទសវត្សរ៍មកហើយ តាំងពីអំឡុងទសវត្សរ៍៨០ ជាពេលវេលាខ្មែរកំពុងកើតមានសង្គ្រាមស៊ីវិល។ ទឹកដីនេះ ជាជម្រកដែលប្រជាពលរដ្ឋខ្មែរបានរត់គេចចេញភ្លើងសង្គ្រាមស៊ីវិលដ៏ភ័យខ្លាច។ ក្នុងរយៈពេលប្រមាណ៤០ឆ្នាំមកនេះ ប្រជាពលរដ្ឋក្នុងភូមិទាំងពីរនេះ បានកើនឡើងជាបន្តបន្ទាប់។ តាមរបាយការណ៍របស់លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានឱ្យដឹងថា បច្ចុប្បន្ននេះ នៅភូមិព្រៃចាន់ មានប្រជាពលរដ្ឋ ២៥៥គ្រួសារ ស្មើនឹង ៧៣៧នាក់, ភូមិជោគជ័យ មានប្រជាពលរដ្ឋ ៧៣៥គ្រួសារ ស្មើនឹង ២,៥៥០គ្រួសារ៕