បណ្ឌិត អ៊ាង សុផល្លែត ដឹកនាំគណៈប្រតិភូក្រសួងបរិស្ថាន ចូលរួមថ្វាយកម្រងផ្កាគោរពព្រះវិញ្ញាណក្ខន្ធ «ព្រះបរមរតនកោដ្ឋ» គម្រប់ខួប ១៣ឆ្នាំ
15-10-2025 10:25
(ភ្នំពេញ)៖ លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន នៅព្រឹកថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៥ បានអញ្ជើញដឹកនាំគណៈប្រតិភូថ្នាក់ដឹកនាំ និងមន្រ្តីរាជការក្រសួងបរិស្ថាន ថ្វាយកម្រងផ្កា និងគោរពព្រះវិញ្ញាណក្ខន្ធ ព្រះករុណា ព្រះបាទសម្ដេចព្រះ នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតា ឯករាជ្យបូរណភាពទឹកដី និងឯកភាពជាតិខ្មែរ នៅមណ្ឌបតម្កល់ព្រះបរមរូប ជិតវិមានឯករាជ្យ រាជធានីភ្នំពេញ។
សូមថ្វាយមហាព្រះរាជកុសល ថ្វាយព្រះបរមវិញ្ញាណក្ខន្ធ ព្រះករុណា ព្រះបរមរតនកោដ្ឋ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូមស្តេចយាងសោយសុខក្នុងឋានព្រះបរមសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។
សូមបញ្ជាក់ថា នៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៥នេះ ជាខួប១៣ឆ្នាំ (១៥ តុលា ២០១២ - ១៥ តុលា ២០២៥) នៃការយាងសោយទិវង្គត របស់សម្ដេចព្រះនរោត្ដម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ «ព្រះបរមរតនកោដ្ឋ» ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតនៃយើង ដែលជាពេលវេលាដ៏សែនសោកសៅ និងសោកសង្រេងបំផុត សម្រាប់ជាតិខ្មែរទាំងមូល ព្រោះជាពេលវេលាបាត់បង់ នូវព្រះមហាវីរក្សត្រដ៏ឆ្នើម៕