Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

កិច្ចប្រជុំត្រួតពិនិត្យទីតាំងមានគ្រោះថ្នាក់ចរាចរណ៍ជាញឹកញាប់ក្នុងក្រុងសៀមរាប

15-10-2025 10:00

(សៀមរាប)៖ នៅរសៀល​ ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៥ នៅវីដេអូខនហ្វឺរិន សាលាខេត្ត​ លោក ប្រាក់​ សោភ័ណ​ អភិបាល​ នៃគណៈអភិបាលខេត្តសៀមរាប​ បានដឹកនាំកិច្ចប្រជុំត្រួតពិនិត្យទីតាំងមានគ្រោះថ្នាក់ចរាចរណ៍ជាញឹកញាប់ ក្នុងក្រុងសៀមរាប​ ដោយមានការអញ្ជើញចូលរួមពី លោក​ អភិបាលក្រុងសៀមរាប​ ស្នងការដ្ឋាននគរបាលខេត្ត បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត មន្ទីររៀបចំដែនដី នគររូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត ទីចាត់ការអន្តរវិស័យ សាលាខេត្ត និងមន្រ្តីពាក់ព័ន្ធនានា​។

ក្នុងកិច្ចប្រជុំនេះ​ លោក​ អភិបាលខេត្ត​ បានធ្វេីការណែនាំដល់អង្គប្រជុំដូចខាងក្រោម ៖

១.ណែនាំដល់មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត និងស្នងការដ្ឋាននគរបាលខេត្ត ចុះពិនិត្យសិក្សា និងរៀបចំនៅចំណុចផ្លូវសំខាន់ៗដែលមានគ្រោះថ្នាក់ចរាចរណ៍ញឹកញាប់នៅក្នុងក្រុង និងតាមបណ្ដាលស្រុក ដើម្បីរៀបចំដាក់សញ្ញាចរាចរណ៍ គំនូសពញ្ញាក់អារម្មណ៍​ និងគំនូសចរាចរណ៍បន្ថែម។
២.ណែនាំដល់រដ្ឋបាលក្រុងសៀមរាប សហការជាមួយមន្ទីរ-អង្គភាពពាក់ព័ន្ធ ពិនិត្យការងារសណ្ដាប់ធ្នាប់ការលក់ដូរលើកដីចំណីផ្លូវ ពិសេសត្រូវសហការ និងកៀរគរការចូលរួមពីប្រជាពលរដ្ឋ និងអ្នកវិនិយោគ​ ដើម្បីដាក់លូអមផ្លូវតុលាការ សម្រាប់រៀបចំគម្រោងសាងសង់ផ្លូវនាពេលខាងមុខ។
៣.ស្នងការដ្ឋាននគរបាលខេត្ត មន្ទីរ អង្គភាពពាក់ព័ន្ធ និងរដ្ឋបាលក្រុងសៀមរាប ត្រូវពង្រឹងផ្សព្វផ្សាយច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក ការអនុវត្តវិធានការទប់ស្កាត់ គ្រោះថ្នាក់ចរាចរណ៍ឲ្យមានប្រសិទ្ធភាពបន្ថែមទៀត។

ជាមួយគ្នានេះដែរ លោក​ អភិបាលខេត្តបានថ្លែងអំណរគុណដល់កងកម្លាំងទាំងពីរប្រភេទ មន្ទីរ-អង្គភាពពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋាន ដែលបានចូលរួមការពារសន្តិសុខ សណ្ដាប់ធ្នាប់ ចរាចរណ៍ និងការជួយដោះស្រាយការងារគ្រោះមហន្តរាយនាពេលកន្លងមក៕