Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ក្រុងកែប ខេត្តកែប ទទួលបានជ័យលាភី «ទីក្រុងទេសចរណ៍គ្មានផ្សែងបារី»

14-10-2025 22:06

(ភ្នំពេញ)៖ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ រួមជាមួយលោកបណ្ឌិត សោម ពិសិដ្ឋ អភិបាលខេត្តកែប និងលោកស្រីវេជ្ជបណ្ឌិត ម៉ារីយ៉ាណា ទ្រីយ៉ាស ប្រធានអង្គការសុខភាពពិភពលោកប្រចាំកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសជាផ្លូវការ «ក្រុងកែបជាទីក្រុងទេសចរណ៍គ្មានផ្សែងបារី» ជាជ័យលាភីមួយដែលមានការទទួលស្គាល់ជាផ្លូវការពីក្រសួងទេសចរណ៍ ចំពោះបណ្តាក្រុង/ស្រុក/ខណ្ឌ ណា ដែលបានអនុវត្តបរិស្ថានគ្មានផ្សែងបារីក្នុងវិស័យទេសចរណ៍បានល្អប្រសើរ ហើយជ័យលាភីនេះក៏មានការទទួលស្គាល់ដោយបណ្តាញទីក្រុងគ្មានផ្សែងបារីនៅតំបន់អាស៊ីប៉ាស៊ីហ្វិក, សម្ព័ន្ធត្រួតពិនិត្យថ្នាំជក់អាស៊ីអាគ្នេយ៍ និងអង្គការសុខភាពពិភពលោកផងដែរ។

ពិធីនេះធ្វើឡើង នាព្រឹកថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៥ នៅសាលាខេត្តកែប។ ដោយមានការអញ្ជើញចូលរួមពី លោក លោកស្រី ជាថ្នាក់ដឹកនាំក្រសួងទេសចរណ៍, ថ្នាក់ដឹកនាំក្រសួងសុខាភិបាល, លោក លោកស្រីទាំងអស់មកពីក្រសួង ស្ថាប័នពាក់ព័ន្ធ មន្ទីរជំនាញ ព្រមទាំងរដ្ឋបាលខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ ព្រមទាំងប្រតិបត្តិករទេសចរណ៍, យុវជន ស.ស.យ.ក., យុវជនកាកបាទក្រហមកម្ពុជា, គ្រប់ផ្នែក គ្រប់ថ្នាក់នៅលើទឹកដីនៃខេត្តកែប ប្រមាណ២០០នាក់។

ថ្លែងក្នុងឱកាសនេះ រដ្ឋមន្ត្រី ហួត ហាក់ បានលើកឡើងថា ខេត្តកែបមានការរីកចម្រើន និងផ្លាស់ប្តូរមុខមាត់ជាបន្តបន្ទាប់ ក្នុងនោះការកែកម្អរចនាសម្ព័ន្ធរូបវ័ន្តស្រស់ស្អាត ជាពិសេសវិថីតេជោសន្តិភាពឆ្នេរអង្កោល ដោយមានការបំពាក់ភ្លើង និងការអភិវឌ្ឍកែលម្អឆ្នេរអង្កោលដ៏ស្រស់ស្អាត គួរជាទីទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ។

រដ្ឋមន្ត្រីក្រសួងទេសចរណ៍កម្ពុជា បញ្ជាក់បន្ថែមថា ខេត្តកែប ជាខេត្តដែលមានសក្តានុពលសម្បូរបែប មានឆ្នេរសមុទ្រ និងកោះស្រស់ស្អាត, កសិទេសចរណ៍, ទេសចរណ៍ធម្មជាតិ, និងម្ហូបអាហារ គ្រឿងសមុទ្រស្រស់ៗ ដោយការអភិវឌ្ឍទេសចរណ៍ក្នុងខេត្ត បានបែងចែកជាប៉ូលទេសចរណ៍ចំនួន៤គឺ ប៉ូលទេសចរណ៍តំបន់ទីក្រុងធម្មជាតិកែបចាស់, ប៉ូលទេសចរណ៍តំបន់បៃតងអង្កោល, ប៉ូលទេសចរណ៍ធម្មជាតិតំបន់ភ្នំវល្លិ៍, ប៉ូលទេសចរណ៍តំបន់សមុទ្រ និងប្រជុំកោះ៕