Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

វិភាគអន្តរជាតិ៖ ហេតុអ្វីជម្លោះរវាងអាហ្វហ្កានីស្ថាន និងប៉ាគីស្ថាន ផ្ទុះឡើង?

14-10-2025 20:39

(អ៉ីស្លាម៉ាបាដ)៖ ជម្លោះនៅតាមបណ្ដោយព្រំដែនរវាងអាហ្វហ្កានីស្ថាន និងប៉ាគីស្ថានបានបណ្ដោយឱ្យទាហានភាគីទាំងសងខាងរាប់សិបនាក់បានស្លាប់ ហើយនេះជាការប្រយុទ្ធគ្នាដ៏អាក្រក់បំផុតរវាងប្រទេសទាំង២ ចាប់តាំងពីក្រុមតាលីបង់ឡើងកាន់អំណាចជាថ្មីក្នុងឆ្នាំ២០២១មក និងកំពុងទាក់ទាញចំណាប់អារម្មណ៍ពីប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ។ ការវាយប្រយុទ្ធគ្នាបានស្ងប់ស្ងាត់ទៅវិញកាលពីថ្ងៃចន្ទ ដើមសប្ដាហ៍កន្លងទៅ។ ខាងក្រោមនេះជាចំណុចសំខាន់ៗគួរដឹងពីជម្លោះរវាងអាហ្វហ្កានីស្ថាន និងប៉ាគីស្ថាន៖

* តើមានអ្វីបានកើតឡើង?
កាលពីថ្ងៃសៅរ៍ ទី១១ ខែតុលា កងកម្លាំងតាលីបង់បានបើកការវាយប្រហារលើប៉ុស្តិ៍យោធាប៉ាគីស្ថាន ស្ថិតនៅតាមបណ្ដាយព្រំដែនមានប្រវែងជាង ២៦០០គីឡូម៉ែត្ររវាងប្រទេសទាំង២ ជាហេតុបង្ខំឱ្យប៉ាគីស្ថាន វាយប្រហារសងសឹកវិញ។ ការប្រយុទ្ធគ្នាបានផ្ទុះឡើងកាលពីព្រឹកថ្ងៃអាទិត្យ ទី១២ ខែតុលា ដោយភាគីទាំងសងខាងប្រើកាំភ្លើង កាំភ្លើងធំ និងដ្រូនបាញ់ប្រហារ និងផ្លោងដាក់គ្នាទៅវិញទៅមក។ ការវាយប្រយុទ្ធគ្នា រប៉េសរប៉សបានបន្តស្ទើរពេញមួយថ្ងៃអាទិត្យ។ ប៉ាគីស្ថានបានអះអាងថាទាហានរបស់ខ្លួន ២៣នាក់បានស្លាប់ រីឯតាលីបង់អះអាងថាទាហានរបស់ខ្លួន៩នាក់បានស្លាប់។ ភាគីទាំងសងខាងបានអះអាងពី ការបង្កការខូចខាតធ្ងន់ធ្ងរលើភាគីម្ខាងៗរៀងៗខ្លួន។

* ជម្លោះផ្ទុះឡើងដោយសារអ្វី?
ប៉ាគីស្ថានបានដឹកនាំការវាយប្រហារតាមផ្លូវអាកាសលើរដ្ឋធានីកាប៊ុលនៃប្រទេសអាហ្វហ្កានីស្ថានកាលពីសប្ដាហ៍មុន ដោយកំណត់គោលដៅលើមេដឹកនាំចលនាតាលីបង់ប៉ាគីស្ថាន។ នេះបើតាមមន្ត្រីសន្តិសុខ ប៉ាគីស្ថាន។ តែគេមិនទាន់ច្បាស់ថាតើមេដឹកនាំចលនាតាលីបង់ប៉ាគីស្ថាននៅមានជីវិត ឬត្រូវបានសម្លាប់ហើយ ឬក៏យ៉ាងណានោះទេ? ក្រុមតាលីបង់វិញបានអះអាងថាការវាយប្រហាររបស់ខ្លួនកាលពីថ្ងៃសៅរ៍ ជាការសងសឹកទៅនឹងអ្វីដែលទីក្រុងកាប៊ុលហៅថាជាការរំលោភបំពានដែនអាកាសរបស់អាហ្វហ្កានីស្ថាន។

* តើអ្វីទៅជាចលនាតាលីបង់ប៉ាគីស្ថាន?
ក្នុងឆ្នាំ២០០៧ ក្រុមសកម្មប្រយុទ្ធមួយស្ថិតនៅភាគពាយព្យនៃប្រទេសប៉ាគីស្ថានមកពីកុលសម្ព័ន្ធជនជាតិភាគតិច Pashtun បានបង្កើតចលនាមួយមានឈ្មោះថា Tehreek-e-Taliban Pakistan (TTP) ដែល គេស្គាល់ជាទូទៅថាចលនាតាលីបង់ប៉ាគីស្ថាន។ ក្រុមសកម្មប្រយុទ្ធនេះត្រូវបានបង្កើតឡើងដោយយកគំរូតាមក្រុមតាលីបង់អាហ្វហ្កានីស្ថានដែលធ្លាប់បានគ្រប់គ្រងអាហ្វហ្កានីស្ថានក្នុងទសវត្សរ៍ឆ្នាំ១៩៩០ មុននឹងត្រូវបាន បណ្ដេញចេញពីអំណាចក្នុងសង្រ្គាមឈ្លានពានដឹកនាំដោយសហរដ្ឋអាមេរិក។ ក៏ប៉ុន្តែ​ TTP មានមនោគមន៍វិជ្ជាជ្រុលនិយមជាងក្រុមតាលីបង់អាហ្វហ្កានីស្ថាន ដោយប្រកាន់យកមនោគមន៍វិជ្ជារបស់ក្រុមអាល់កៃដា។ អស់រយៈពេលច្រើនឆ្នាំមកនេះ TTP បានដឹកនាំសកម្មភាពវាយប្រហារបំផ្ទុះគ្រាប់បែកនៅតាមផ្សារ ព្រះវិហារ អាកាសយានដ្ឋាន មូលដ្ឋានយោធា និងប៉ុស្តិ៍ប៉ូលិស ហើយក្រុមនេះគ្រប់គ្រងបានទឹកដីមួយចំនួន ដែលភាគច្រើននៅតាមបណ្ដោយព្រំដែនជាប់ជាមួយប៉ាគីស្ថាន។ ក្រុមនេះក៏មានមូលដ្ឋានក្នុងទឹកដីប៉ាគីស្ថានផងដែរ ដូចជានៅជ្រលង Swat Valley។

តាមប៉ាគីស្ថាន TTP បានរួមដៃគ្នាជួយតាលីបង់អាហ្វហ្កានីស្ថានក្នុងការប្រយុទ្ធនៅអាហ្វហ្កានីស្ថាន និងថែមទាំងបានទទួលឱ្យក្រុមអ្នកប្រយុទ្ធតាលីបង់ជ្រកកោននៅលើទឹកដីប៉ាគីស្ថានទៀតផង។ ប៉ាគីស្ថាន បានបើកប្រតិបត្តិការយោធាជាបន្តបន្ទាប់ប្រឆាំងនឹង TTP នៅលើទឹកដីរបស់ខ្លួនដោយទទួលបានផលតិចតួច។ ក្នុងឆ្នាំ២០១៤ TTP បានបើកការវាយប្រហារលើសាលារៀនមួយកន្លែងក្នុងទីក្រុង Peshawar នៃភាគពាយព្យប៉ាគីស្ថានសម្លាប់កុមារច្រើនជាង១៣០នាក់ ជាហេតុជំរុញឱ្យប៉ាគីស្ថានបើកប្រតិបត្តិការយោធាដែលបានវាយរុញច្រានឱ្យក្រុមសកម្មប្រយុទ្ធនេះរត់ចូលទៅក្នុងទឹកដីអាហ្វហ្កានីស្ថាន។

* តើមានអ្វីកើតឡើងក្រោយតាលីបង់ឡើងកាន់អំណាចនៅអាហ្វហ្កានីស្ថាន?
ប៉ាគីស្ថានបានបង្ហាញការស្វាគមន៍ចំពោះការវិលត្រឡប់មកកាន់អំណាចជាសាថ្មីនៅអាហ្វហ្កានីស្ថានរបស់ក្រុមតាលីបង់ក្នុងឆ្នាំ២០២១ ដោយនៅពេលនោះអតីតនាយករដ្ឋមន្ត្រីប៉ាគីស្ថាន លោក Imran Khan បាននិយាយថាប្រជាជនអាហ្វហា្កនីស្ថានបានរួចផុតពីទាសភាព។ ប៉ុន្តែ នៅទីបំផុត ទីក្រុងអ៉ីស្លាម៉ាបាដនៅតែមិនអាចទុកចិត្តក្រុមតាលីបង់បាន ហើយចាប់ពីពេលនោះមកដែរ ការវាយប្រហាររបស់ TTP បានកើនឡើង ជាលំដាប់នៅប៉ាគីស្ថាន។ ប៉ាគីស្ថានបានអះអាងថាមេដឹកនាំ TTP និងក្រុមសកម្មប្រយុទ្ធជាច្រើនរបស់ក្រុមមួយនេះកំពុងឈរជើងនៅលើទឹកដីអាហ្វហ្កានីស្ថាន។ ប៉ាគីស្ថានបានអំពាវនាវម្ដងហើយម្តងទៀតឱ្យរដ្ឋបាល តាលីបង់ជួយបង្រ្កាបក្រុមសកម្មប្រយុទ្ធ TTP តែទីក្រុងកាប៊ុលបាននិយាយថាក្រុមសកម្មប្រយុទ្ធមួយនេះមិនមានវត្តមាននៅលើទឹកដីរបស់ខ្លួនឡើយ។

ប៉ាគីស្ថានធ្លាប់រងការចោទប្រកាន់ថាបានគាំទ្រការងើបឡើងបះបោររបស់ក្រុមតាលីបង់ជាង ២ទសវត្សរ៍នៅអាហ្វហ្កានីស្ថានប្រឆាំងនឹងរដ្ឋាភិបាលគាំទ្រដោយសហរដ្ឋអាមេរិក។ ប៉ាគីស្ថានបានច្រានចោល ការចោទប្រកាន់បែបនេះ តែព្រមពេលជាមួយគ្នា ឥទ្ធិពលរបស់ប៉ាគីស្ថានលើក្រុមតាលីបង់ក៏បានសាបរលាបដែរ។ បច្ចុប្បន្ន ប៉ាគីស្ថានបាននិយាយថាខ្លួនអស់ការអត់ធ្មត់ហើយ។

* ហេតុអ្វីប៉ាគីស្ថានចោទប្រកាន់ឥណ្ឌាដែរ?
ទីក្រុងអ៉ីស្លាម៉ាបាដបានចោទប្រកាន់ឥណ្ឌា ដែលជាសត្រូវស្លាប់រស់របស់ខ្លួនថាកំពុងរួមដៃជាមួយអាហ្វហ្កានីស្ថានដើម្បីគាំទ្រ TTP និងក្រុមសកម្មប្រយុទ្ធផ្សេងទៀតប្រឆាំងប៉ាគីស្ថាន។ ទីក្រុងញូវដែលីបានទាត់ចោល ការចោទប្រកាន់នេះ។ ក្នុងពេលភាពតានតឹងផ្ទុះឡើង រដ្ឋមន្ត្រីការបរទេសអាហ្វហ្កានីស្ថាន លោក Amir Khan Muttaqi បានបំពេញទស្សនកិច្ចទៅកាន់ប្រទេសឥណ្ឌា ហើយឥណ្ឌាក៏បានធ្វើបច្ចុប្បន្នភាព ទំនាក់ទំនងជាមួយអាហ្វហ្កានីស្ថានផងដែរ ដែលនេះកំពុងបង្កការព្រួយបារម្ភដល់ប៉ាគីស្ថាន។

*​ តើលោក ត្រាំ និយាយអ្វីខ្លះ?
ខណៈធ្វើដំណើរឆ្ពោះទៅកាន់តំបន់មជ្ឈិមបូព៌ាកាលពីថ្ងៃអាទិត្យ លោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បាននិយាយថា «ខ្ញុំបានទទួលដំណឹងថាសង្រ្គាមកំពុងផ្ទុះឡើងរវាងប៉ាគីស្ថាន និងអាហ្វហ្កានីស្ថាន។ តែខ្ញុំត្រូវ រង់ចាំសិន រហូតទាល់តែខ្ញុំត្រឡប់ទៅ (កាន់សហរដ្ឋអាមេរិក ) វិញ។ អ្នកដឹងហើយ ខ្ញុំកំពុងជាប់រវល់ធ្វើរឿងផ្សេង (សង្រ្គាមអ៉ីស្រាអែល-ហាម៉ាស) ហើយខ្ញុំជាមនុស្សពូកែក្នុងការដោះស្រាយបិទបញ្ចាប់សង្រ្គាម៕