ប្រធានគណបក្សប្រជាជនកម្ពុជា រាជធានីភ្នំពេញ ណែនាំមន្ត្រីបក្សមូលដ្ឋានបំពេញការងារឱ្យបានទ្វេដង ដើម្បីយកជ័យជំនះក្នុងការបោះឆ្នោតខាងមុខ
14-10-2025 20:26
(ភ្នំពេញ)៖ លោក ឃួង ស្រេង សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា រាជធានីភ្នំពេញ បានណែនាំឱ្យមន្ត្រីបក្សមូលដ្ឋានទាំងអស់ ប្រឹងប្រែងបំពេញការងារបក្សឱ្យបានទ្វេដង ដោយត្រូវត្រៀមគ្រប់ជំហាន គ្រប់វិធីសាស្ត្រ ស្របទៅតាមច្បាប់ ដើម្បីយកជ័យជំនះត្រូវតែកើនសំឡេង នៅក្នុងការបោះឆ្នោតឆ្នាំ២០២៧ និង២០២៨ ខាងមុខនេះ។
ការណែនាំបែបនេះរបស់លោក ឃួង ស្រេង បានធ្វើឡើងក្នុងពិធីសំណេះសំណាលជាមួយសមាជិក សមាជិកាគណៈកម្មាធិការគណបក្ស សង្កាត់វាលវង់ និងសង្កាត់បឹងព្រលិត ខណ្ឌ៧មករា ក្រោយបញ្ចប់ម៉ោងរដ្ឋបាល នាម៉ោង៥និង៣០នាទីល្ងាច ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៥នេះ នៅសាលាប៊ែលធីគ្រុប។
លោក ឃួង ស្រេង បានលើកឡើងថា នៅពេលមានការប៉ះទង្គិចគ្នាជាមួយថៃ មានបងប្អូនប្រជាជនកម្ពុជាយ៉ាងច្រើនសន្ធឹកសន្ធាប់ យកថវិកា និងសម្ភារៈ គ្រឿងឧបភោគ បរិភោគ ជួយដល់វីរកងទ័ពរបស់យើង ដែលកំពុងឈរជើងការពារបូរណភាពទឹកដីនៅតាមបន្ទាត់ព្រំដែនជួរមុខ។ សកម្មភាពរបស់ សប្បុរសជន ប្រជាពលរដ្ឋនៅរាជធានីភ្នំពេញ ក្នុងការផ្តល់ថវិកា និងសម្ភារៈ គ្រឿងឧបភោគ បរិភោគខាងលើនេះ មិនមែនមានន័យថា រាជរដ្ឋាភិបាលរបស់យើង ខ្វះខាតថវិកា និងស្បៀងអាហារសម្រាប់កងទ័ពនោះទេ តែវាជាការបង្ហាញឱ្យឃើញពីការរួមសាមគ្គីគ្នាជាធ្លុងមួយ ខ្មែរស្រលាញ់ខ្មែរ ក្នុងស្មារតីខ្មែរជួយខ្មែរ។
ជាមួយគ្នានោះ លោក ឃួង ស្រេង ក៏បានថ្លែងនូវការអរគុណចំពោះមន្ត្រីគណបក្សខណ្ឌ សង្កាត់ ដែលបានរួមចំណែក ធ្វើឱ្យគ្រប់នៃការបោះឆ្នោតទទួលជ័យជំនះរហូតមក។ ជាក់ស្តែងនៅឆ្នាំ២០២២, ឆ្នាំ២០២៣, ការបោះឆ្នោតព្រឹទ្ធសភា និងការបោះឆ្នោតក្រុមប្រឹក្សាខណ្ឌ រាជធានី គណបក្សប្រជាជនកម្ពុជា ទទួលបានជ័យជំនះប្លូកទឹកប្លូកដី។
លោក ឃួង ស្រេង បានបន្តថា មន្ត្រីគណបក្សប្រជាជនកម្ពុជា អ្វីដែលយើងត្រូវធ្វើ គឺបំរើប្រជាពលរដ្ឋ និងដើម្បីផលប្រយោជន៍ក្មេងជំនន់ក្រោយ។ ដូច្នេះយើងត្រូវធ្វើការងាររួមគ្នា ធ្វើយ៉ាងណាឱ្យគណបក្សប្រជាជនកម្ពុជា ដឹកនាំប្រទេសជាតិជារៀងរហូត និងសម្រេចបាននូវចក្ខុវិស័យ ក្លាយជាប្រទេស ដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ ២០៣០ និងក្លាយជាប្រទេសមានចំណូលខ្ពស់ នៅឆ្នាំ២០៥០ ដែលជាបំណងប្រាថ្នាពលរដ្ឋខ្មែរគ្រប់រូប។
ក្នុងឱកាសនោះ ទាំងចៅសង្កាត់ និងមេភូមិនីមួយៗ ក៏បានលើកឡើងពីសមិទ្ធផលរបស់បក្សដែលសម្រេចបាន ជាមួយនិងការលើកឡើងពីផែនការសកម្មភាព ដែលបាននឹងកំពុងអនុវត្ត ដូចជាការខិតខំកសាងសមាជិកបក្ស ការរក្សាសន្តិសុខ សណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋ។ បន្ថែមពីនេះក៏បានលើកឡើងពីសតិអារម្មណ៍ និងសកម្មភាពរបស់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន ដោយពួកគាត់ធ្វើពហិការ មិនប្រើប្រាស់របស់របរសៀម ជាមួយការថ្កោលទោសយ៉ាងខ្លាំងក្លា ចំពោះចោរសៀមនេះ ដែលឈ្លានពានទឹកដីកម្ពុជា និងការធ្វើសកម្មភាពអមនុស្សធម៌ បំពារបំពាន រំលោភសិទ្ធិមនុស្សមកលើប្រជាពលរដ្ឋខ្មែរស្លូតត្រង់ រស់នៅតាមព្រំដែន៕