សហការជាមួយគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងអាជ្ញាធរ, អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំក្រុមការងារបន្តផ្គត់ផ្គង់ម្ហូបជូនជនភៀសសឹកចំនួន ២,៥៣០គ្រួសារ!
14-10-2025 18:06
(ព្រះវិហារ)៖ ក្រុមការងារសហព័ន្ធយុវជនបូជាការពារយុត្តិធម៌ បានបន្តរៀបចំចម្អិនម្ហូបផ្គត់ផ្គង់ជនភៀសសឹកចំនួន ២គោលដៅក្នុងខេត្តព្រះវិហារ ចំនួន ២,៥៣០គ្រួសារ នៅថ្ងៃអង្គារ៍ ទី១៤ ខែតុលា ឆ្នាំ២០២៥នេះ ដែលជម្លៀសពីតំបន់ជម្លោះព្រំដែនកម្ពុជា-ថៃ។
ក្រោមកិច្ចសហការជាមួយលោកកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងលោក គីម រិទ្ធី អភិបាលខេត្តព្រះវិហារ, អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បានដឹកនាំក្រុមការងារសហព័ន្ធយុវជនបូជាការពារយុត្តិធម៌ បន្តរៀបចំផ្គត់ផ្គង់ម្ហូបជូនដល់ជនភៀសសឹកខេត្តព្រះវិហារ ២គោលដៅ សរុបចំនួន ២,៥៣០គ្រួសារ គឺនៅជំរំវត្តពោធិ៍ ៥០០០ដើម ស្រុកគូលែន ចំនួន ១,៨៥៧គ្រួសារ ស្មើ ៦,៣៧៥នាក់ និងជំរំវត្តកំពង់សង្កែ ស្រុកឆែប ចំនួន ៦៦៧គ្រួសារ ស្មើ ១,៨៣៥នាក់។
សូមជម្រាបថា ចាប់តាំងពីផ្ទុះអាវុធតាមព្រំដែនកម្ពុជា-ថៃ នៅថ្ងៃទី២៤ ខែកក្កដា អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ប្រធានសហព័ន្ធបានដឹកនាំក្រុមយុវជនរាប់នាក់ ចុះសមរភូមិរៀបចំផ្គត់ផ្គង់ម្ហូបអាហារ ជូនដល់ប្រជាពលរដ្ឋភៀសសឹកនៅក្នុងខេត្តឧត្តរមានជ័យ និងខេត្តព្រះវិហារ ដែលកាលណោះមានពលរដ្ឋជិត ៧ម៉ឺននាក់ ១១គោលដៅ បានមកទទួលម្ហូបរៀបចំពីក្រុមការងារសហព័ន្ធ យុវជនបូជាការពារយុត្តិធម៌ចំនួន ២ពេលជារៀងរាល់ថ្ងៃ៕