Fresh Exclusive: កិច្ចព្រមព្រៀងថ្មីនៅម៉ាឡេស៊ី ក្រោមមានវត្តមាន ដូណាល់ ត្រាំ ជាសញ្ញាជ័យជំនះនៃយុទ្ធសាស្រ្តអត់ធ្មត់របស់កម្ពុជា!
14-10-2025 17:37
(ភ្នំពេញ)៖ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ គ្រោងនឹងធ្វើដំណើរមកកាន់ប្រទេសម៉ាឡេស៊ី នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ ដើម្បីចូលរួមពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជា-ថៃ ក្នុងអំឡុងព្រឹត្តិការណ៍កិច្ចប្រជុំកំពូលអាស៊ាន។ ដំណើរនេះត្រូវបានរំពឹងថា នឹងបង្កើត «កិច្ចព្រមព្រៀងទីក្រុងកូឡាឡាំពួរ» មួយដែលអាចបញ្ចប់យុទ្ធសាស្ត្របំពានរបស់ថៃ ក្នុងការលួចកាត់យកដីបន្តិចម្តងៗ Salami Slicing និងយុទ្ធសាស្ត្របំពានផ្លូវចិត្ត ដូចជាការចាក់សំឡេងរំខានបំពងត្រចៀក ដើម្បីបន្លាច បង្កភាពភ័យខ្លាច និងបណ្តេញប្រជាពលរដ្ឋខ្មែរ ចេញពីដីដូនតារបស់ធ្នកភូមិខ្មែរនៅតាមបណ្តោយព្រំដែន។ Fresh Exclusive មានអត្ថបទស៊ីជម្រៅមួយជុំវិញបញ្ហានេះ៖
ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ នឹងក្លាយជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រដ៏សំខាន់មួយសម្រាប់ទំនាក់ទំនងកម្ពុជា-ថៃ និងសន្តិភាព ក្នុងតំបន់អាស៊ីអាគ្នេយ៍។ នៅថ្ងៃនោះ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ នឹងដឹកនាំដំណើរគណៈប្រតិភូរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន មកកាន់ទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី ដើម្បីធ្វើជាសាក្សីក្នុងពិធីចូលរួមការចុះហត្ថលេខាលើ «កិច្ចព្រមព្រៀងសន្តិភាពទីក្រុងកូឡាឡាំពួរ» រវាងកម្ពុជានិងថៃ ដែលត្រូវបានគេរំពឹងថា នឹងក្លាយជាចំណុចបត់ប្រវត្តិសាស្ត្រថ្មី បើកទ្វារទៅរកសន្តិភាព ឯកភាព និងស្ថិរភាពក្នុងតំបន់។
រដ្ឋមន្ត្រីការបរទេសម៉ាឡេស៊ី លោក Mohamad Hasan បានបញ្ជាក់ថា កិច្ចព្រមព្រៀងនេះ នឹងទាមទារឲ្យភាគីទាំងពីរ បោសសំអាតមីន និងដកសព្វាវុធធុនធ្ងន់ចេញពីតំបន់ព្រំប្រទល់ ដើម្បីធានាបទឈប់បាញ់យូរអង្វែង និងបង្កើតតំបន់សន្តិភាពពិតប្រាកដតាមបណ្តោយព្រំដែន។ ព្រឹត្តិការណ៍ដ៏មានសារៈសំខាន់នេះ នឹងប្រព្រឹត្តឡើងអំឡុងកិច្ចប្រជុំកំពូលអាស៊ាន ពីថ្ងៃទី២៦ ដល់ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៥។
សម្រាប់ប្រទេសកម្ពុជា ដំណើរមករបស់ប្រធានាធិបតីសហរដ្ឋអាមេរិក មិនត្រឹមជាការចូលរួមសន្ដិភាពទេ ប៉ុន្តែជាការទទួលស្គាល់ជាថ្មីពីសហគមន៍អន្តរជាតិថា «យុទ្ធសាស្ត្រឈ្នះដោយសន្តិភាព» របស់កម្ពុជា ដែលផ្អែកលើភាពអត់ធ្មត់ ការគោរពច្បាប់អន្តរជាតិ និងការប្រើប្រាស់ការទូតជាអាវុធសន្តិភាព គឺជាមាគ៌ាដ៏ត្រឹមត្រូវបំផុត។ វាជាសញ្ញាថា ការប្តេជ្ញារបស់កម្ពុជានៅលើសិទ្ធិអធិបតេយ្យភាព និងសន្តិភាពជាតិ កំពុងទទួលបានការគាំទ្រពីមហាអំណាច និងក្លាយជាគំរូឲ្យតំបន់ទាំងមូល។
* សារៈសំខាន់នៃដំណើរជាប្រវត្តិសាស្ត្ររបស់ប្រធានាធិបតី ដូណាល់ ត្រាំ
ក្នុងប្រវត្តិសាស្ត្រនយោបាយអាស៊ាន មិនមែនសុទ្ធតែមានការធ្វើដំណើរមកចូលរួមរបស់ប្រធានាធិបតីសហរដ្ឋអាមេរិកគ្រប់តែកម្មវិធី ដែលមានរៀបចំក្នុងកិច្ចប្រជុំកំពូលអាស៊ានឡើយ។ ដំណើរអញ្ជើញរបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ មានអត្ថន័យថា «កិច្ចព្រមព្រៀងសន្តិភាពក្រុងកូឡាឡំពួរ» នេះ មិនមែនជាសន្តិភាព ជាបែបសម្ងាត់រវាងប្រទេសទាំងពីរកម្ពុជានិងថៃទេ ប៉ុន្តែជាកិច្ចព្រមព្រៀងដែលមាន «ភាពជាផ្លូវការ និងលក្ខណៈអន្តរជាតិ»។
វាជាការបញ្ជាក់ថា ភាពផ្តួចផ្តើមគំនិតបទឈប់បាញ់ដាក់ចេញដោយប្រធានាធិបតី ដូណាល់ ត្រាំ ដែលត្រូវបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ នៅក្នុងប្រទេសម៉ាឡេស៊ីកន្លងមក មិនមែនជាកិច្ចព្រមព្រៀងធម្មតា ដែលអាចឱ្យប្រទេសណាមួយបំពានស្រេចតែនឹងចិត្តបានឡើយ។ វាជាកិច្ចព្រមព្រៀង ដែលរដ្ឋាភិបាលសហរដ្ឋអាមេរិក យកចិត្តទុកដាក់តាមដានយ៉ាងជិតស្និទ្ធ ដើម្បីធានាថា ភាគីទាំងពីរអនុវត្តតាមកាតព្វកិច្ច និងគោរពនូវចំណាត់ការសន្តិភាព។
ដំណើររបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ នេះទៀត ក៏ជាសញ្ញាបញ្ជាក់ថា សហរដ្ឋអាមេរិក និងអាស៊ាន កំពុងបើកទ្វារចូលទៅក្នុងយុគសម័យសន្តិភាពនយោបាយថ្មី ដែលការរួមដំណើរជាមួយប្រទេសតូចៗ ដូចជាកម្ពុជា មានន័យថា សន្តិភាពមិនមែនជាប្រព័ន្ធបង្កើតដោយអំណាចទេ ប៉ុន្តែជាលទ្ធផលនៃការគោរពច្បាប់អន្តរជាតិ និងចិត្តស្មោះត្រង់របស់ប្រទេសទាំងអស់។ អ្វីដែលកើតឡើងនៅទីក្រុងកូឡាឡាំពួរ នឹងក្លាយជាគំរូសម្រាប់ការដោះស្រាយជម្លោះ ដោយវិធីសន្តិភាពក្នុងតំបន់អាស៊ីអាគ្នេយ៍ និងជាភស្តុតាងថា សន្តិភាពអាចសម្រេចបាន ពេលអំណាចនៃប្រទេសធំ និងប្រទេសតូច បានសហការគ្នាឈរនៅលើគោលការណ៍ស្មើភាព និងការគោរពច្បាប់អន្តរជាតិ។
* ការចូលរួមរបស់ម៉ាឡេស៊ី និងសហរដ្ឋអាមេរិក
តួនាទីរបស់ប្រទេសម៉ាឡេស៊ី ក្នុងនាមជាអ្នកសម្របសម្រួល និងតួនាទីរបស់សហរដ្ឋអាមេរិក ក្នុងនាមជាអ្នកគាំទ្រផ្លូវការនៃកិច្ចព្រមព្រៀងនេះ បានបញ្ជាក់យ៉ាងច្បាស់ថា អាស៊ាន និងមហាអំណាចពិភពលោក កំពុងសហការគ្នាដោយចិត្តស្មោះ ដើម្បីធានាសន្តិភាពនិងស្ថិរភាពក្នុងតំបន់អាស៊ីអាគ្នេយ៍។ ការចូលរួមរបស់សហរដ្ឋអាមេរិក និងប្រទេសអាស៊ានក្នុងពេលខាងមុខនេះ មិនត្រឹមជាការគាំទ្រពីប្រទេសខាងក្រៅប៉ុណ្ណោះទេ ប៉ុន្តែជាការបញ្ជាក់ថា សន្តិភាពតំបន់មិនមែនត្រឹមជាការឈឺឆ្អាល និងការទទួលខុសត្រូវរបស់ប្រទេសជិតខាងប៉ុណ្ណោះទេ ប៉ុន្តែជាបំណងរួមរបស់សហគមន៍អន្តរជាតិទាំងមូល។
ប្រសិនបើ «កិច្ចព្រមព្រៀងសន្តិភាពទីក្រុងកូឡាឡាំពួរ» ត្រូវបានអនុវត្តដោយស្មោះត្រង់ និងមានប្រសិទ្ធភាព វានឹងក្លាយជាចំណុចបញ្ចប់ជម្លោះព្រំដែនរវាងកម្ពុជា និងថៃ ដែលបានបន្តរយៈពេលច្រើនខែមកហើយ។ ជាពិសេស កិច្ចព្រមព្រៀងសន្តិភាពក្នុងពេលខាងមុខ នឹងរំពឹងបិទទ្វារមិនឱ្យមានអំពើបំពានលួចកាត់ដីបន្តិចម្តង Salami Slicing និងទង្វើបំពានចិត្តសាស្ត្រ Psychological Warfare ដែលភាគីថៃ តែងបង្កឡើងជាបន្តបន្ទាប់តាមបណ្តោយព្រំដែន។
គេនៅតែចងចាំនូវអំពើបំពានចុងក្រោយចាប់តាំងពីថ្ងៃទី១០ ខែតុលា នៅភូមិព្រៃចាន់ ខេត្តបន្ទាយមានជ័យ ពេលដែលកងទ័ពថៃប្រើប្រាស់គ្រឿងចក្រឈូសឆាយដីរបស់ប្រជាពលរដ្ឋខ្មែរ ក្រោមលេសថា «ដោះមីន» ប៉ុន្តែនៅក្នុងជាក់ស្ដែងវិញ គឺជាសកម្មភាពរំលោភលើដែនដី និងការបំពានផ្លូវចិត្ត ដោយប្រើឧបករណ៍បំពងសំឡេងខ្លាំងៗនៅពេលយប់ ដើម្បីបន្លាច បង្កអារម្មណ៍ភ័យខ្លាច និងរំខានដល់សុខភាពផ្លូវចិត្តរបស់ប្រជាពលរដ្ឋ។
ដោយសារតែការចូលរួមត្រួតពិនិត្យយ៉ាងជិតស្និទ្ធពីប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ, កិច្ចព្រមព្រៀងសន្តិភាពខាងមុខនេះ នឹងក្លាយជាឧបករណ៍សន្តិភាពដ៏មានអនុភាព និងមានសុពលភាពអន្តរជាតិ ដែលអាចឈានដល់ការបញ្ចប់អំពើរំលោភបំពាន និងសកម្មភាពប្រើអំណាចហិង្សាទាំងស្រុងតាមបណ្តោយព្រំដែន។ វានឹងធ្វើឲ្យយុទ្ធសាស្ត្របំពានផ្លូវចិត្ត (Psychological Warfare) និងយុទ្ធសាស្ត្រលួចបន្តិចម្តង (Salami Slicing) របស់ថៃ ត្រូវបានបញ្ឈប់ជាផ្លូវការ ហើយបញ្ជាក់ថា សន្តិភាពពិតប្រាកដអាចសម្រេចបានតាមរយៈ សមត្ថភាពនយោបាយ ការគោរពច្បាប់អន្តរជាតិ និងកិច្ចសហការជាដៃគូស្មោះត្រង់របស់សហគមន៍អន្តរជាតិ។
យុទ្ធសាស្ត្រ Salami Slicing និង Psychological Warfare របស់ថៃ ដែលបានប្រើអំណាចហិង្សា ដើម្បីលួចកាត់យកដីជាបន្តបន្ទាប់ តាមការរាយលួសបន្លា ការឈូសឆាយដី និងបង្កការរំខានពេលយប់ ដើម្បីបំបាក់ស្មារតីប្រជាពលរដ្ឋខ្មែរ នឹងត្រូវបញ្ឈប់ក្រោមសុពលភាពនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងកូឡាឡាំពួរ ដែលប្រធានាធិបតី ដូណាល់ ត្រាំ នឹងធ្វើជាអធិបតីក្នុងពិធីចុះហត្ថលេខាផ្លូវការនាពេលខាងមុខ។ វានឹងជួយស្តារភាពទំនុកចិត្ត និងកិត្តិយសរបស់ប្រទេសកម្ពុជា ដែលតែងតែជ្រើសយកផ្លូវសន្តិភាព ជាប្រទីបនាំមុខ និងជាជំហានដំបូងរបស់ខ្លួនជានិច្ច។
ដូច្នេះ នៅពេលដែលមានសហរដ្ឋអាមេរិក និងអាស៊ានធ្វើជាសាក្សី ការបំពានលើកិច្ចសន្យាណាមួយដោយភាគីទំនាស់ នឹងមិនអាចត្រូវគេចាត់ទុកជាបញ្ហាផ្ទៃក្នុងទៀតឡើយ ប៉ុន្តែវានឹងក្លាយជាបញ្ហាអន្តរជាតិដែលមានទម្ងន់ផ្លូវច្បាប់ និងនយោបាយ។ នេះជាឧបករណ៍ការពារសមភាព និងសិទ្ធិរបស់ប្រទេសតូចៗ ដូចជាកម្ពុជា មិនឲ្យត្រូវរងការបំពាន ឬត្រូវបង្ខំឱ្យដោះសារ ឬទទួលកំហុស ជំនួសអ្នកបំពានទៀតឡើយ។ ទង្វើរបស់សហរដ្ឋអាមេរិក និងអាស៊ាន នឹងក្លាយជាសក្ខីកម្មជាក់ស្តែងក្នុងការបញ្ជាក់ថា នៅក្នុងសម័យថ្មីនៃសន្តិភាពនេះ អ្នកបំពានមិនអាចត្រូវបានជំនួសជាអ្នករងគ្រោះ ហើយអ្នករងគ្រោះក៏មិនត្រូវក្លាយជាអ្នកបំពានទៀតឡើយ។
ក្នុងការសន្និដ្ឋានជារួម៖ ដំណើរអញ្ជើញរបស់ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ មកកាន់ទីក្រុងកូឡាឡាំពួរ នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ គឺជាព្រឹត្តិការណ៍ដ៏កម្រ និងមានសារៈសំខាន់ជាប្រវត្តិសាស្ត្រសម្រាប់ប្រទេសកម្ពុជា និងសន្តិភាពតំបន់អាស៊ីអាគ្នេយ៍។ វាបង្ហាញយ៉ាងច្បាស់ថា សន្តិភាពមិនមែនជាផលិតផលនៃអំណាចទេ ប៉ុន្តែជាលទ្ធផលនៃការអត់ធ្មត់ ប្រាជ្ញា និងភាពស្មោះត្រង់នៃមនុស្សជាតិដែលស្រឡាញ់សេចក្តីសុខ។
ប្រសិនបើ «កិច្ចព្រមព្រៀងសន្តិភាពទីក្រុងគូឡាឡាំពួរ» អាចអនុវត្តបានពេញលេញ វានឹងក្លាយជាផ្លូវដំណើរថ្មីសម្រាប់ការបញ្ចប់សង្គ្រាមត្រជាក់ និងយុទ្ធសាស្ត្រលួចកាត់ដី និងការបំពានផ្លូវចិត្តនៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ ហើយនឹងបើកទ្វារដល់យុគសម័យសន្តិភាពថ្មីក្នុងអាស៊ីអាគ្នេយ៍ ដែលមានកម្ពុជាជាប្រទេសកណ្ដាលនៃការច្នៃប្រឌិតសន្តិភាព។
សម្រាប់ប្រទេសកម្ពុជា ព្រឹត្តិការណ៍នេះជាការបញ្ជាក់ជាថ្មីនៃជ័យជម្នះនយោបាយ «ឈ្នះដោយសន្តិភាព» ដែលត្រូវបានដឹកនាំដោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងបន្តអនុវត្តដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដោយជោគជ័យ។ វាជាភាពរស់រវើកនៃជីវិតនយោបាយសន្តិភាពរបស់ខ្មែរ ដែលធ្វើឲ្យជាតិខ្មែររឹងមាំលើគោលការណ៍សន្តិភាព ឯករាជ្យភាព និងអនាគតរុងរឿងជារៀងរហូត។ ក្នុងសម័យថ្មីនេះ កម្ពុជាបានបង្ហាញចំពោះពិភពលោកថា ប្រទេសតូចមួយអាចក្លាយជាអ្នកដឹកនាំសន្តិភាព ដោយកម្លាំងនៃសីលធម៌នយោបាយ និងឆន្ទៈជាតិ។ នេះហើយជាជ័យជម្នះដ៏យូរអង្វែងរបស់ប្រជាជនកម្ពុជា ជ័យជម្នះដោយសន្តិភាព សាមគ្គីភាព និងកិត្តិយសដ៏ថ្កុំថ្កើងរបស់ជាតិខ្មែរ៕