Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អភិបាលស្រុកឆែប នាំអំណោយចែកជូនប្រជាពលរដ្ឋភៀសសឹកជិត៧០០គ្រួសារ កំពុងស្នាក់នៅបណ្តោះអាសន្នមណ្ឌលសុវត្ថិភាពវត្តកំពង់សង្កែ ជាប់ព្រំដែនឡាវ

14-10-2025 17:29

(ព្រះវិហារ)៖ លោក ឃិត សុធារ៉ា អភិបាលស្រុកឆែប នៅថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៥ បានដឹកនាំក្រុមការងារ នាំអំណោយចែកជូនប្រជាពលរដ្ឋភៀសសឹកចំនួន៦៦៧គ្រួសារ ដែលកំពុងស្នាក់នៅបណ្តោះអាសន្នមណ្ឌលសុវត្ថិភាព វត្តកំពង់សង្កែ ក្នុងភូមិសង្កែ ឃុំកំពង់ស្រឡៅមួយ ស្រុកឆែប ខេត្តព្រះវិហារ។

នៅក្នុងឱកាសនោះលោក ឃិត សុធារ៉ា បានផ្តាំផ្ញើសាកសួរសុខទុក្ខពីលោក គីម រិទ្ធី អភិបាលខេត្តព្រះវិហារ ដែលជានិច្ចជាកាលលោកអភិបាលខេត្ត តែងយកចិត្តទុកដាក់គិតគូរជានិច្ចអំពីសុខទុក្ខ និងការរស់នៅរបស់បងប្អូន ប្រជាពលរដ្ឋភៀសសឹករបស់យើង។

លោកតែងចុះមកផ្ទាល់ជាញឹកញាប់ ពិនិត្យមើលការរៀបចំនៅទីនេះ ដូចជា៖ បណ្តាញទឹក បង្គន់អនាម័យ សេវាពិនិត្យសុខភាព ធ្វើយ៉ាងណាបង្កលក្ខណះងាយស្រួលដល់បងប្អូន ពិសេសលោកនិងភរិយា តែងដឹកនាំសប្បុរសជន ថ្នាក់ដឹកនាំនានា នាំអំណោយមកចែកជូនបងប្អូនជាញឹកញាប់ផងដែរ។

អភិបាលស្រុកឆែប បានថ្លែងពីការគិតគូរយកចិត្តទុកដាក់យ៉ាងខ្ពង់ខ្ពស់ពីសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោកជំទាវបណ្ឌិត ចំពោះប្រជាពលរដ្ឋភៀសសឹកនៅតាមព្រំដែន និយាយដោយឡែកប្រជាពលរដ្ឋភៀសសឹកនៅទីនេះ។

លោកបានអរគុណនាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រះវិហារ និងលោក សំ លាងទ្រី ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកឆែប ព្រមទាំងថ្នាក់ដឹកនាំ មន្ទីរ អង្គភាព ជុំវិញខេត្ត និងសប្បុរសជននានា ដែលបានជួយដល់ប្រជាពលរដ្ឋភៀសសឹកនៅទីនេះ។

លោក ឃិត សុធារ៉ា បានថ្លែងអំពាវនាវប្រជាពលរដ្ឋភៀសសឹកនៅទីនេះ ត្រូវរស់នៅប្រកាន់ខ្ជាប់នូវអនាម័យ ហូបស្អាត ផឹកស្អាត រស់នៅស្អាត ដើម្បីការពារពីជម្ងឺផ្សេងៗ ពិសេសត្រូវចេះស្រឡាញ់រាប់អានគ្នា ចេះជួយទុក្ខធុរៈគ្នាទៅវិញទៅមក ដូចពាក្យចាស់ «នៅផ្ទះម្តាយទីទៃ នៅព្រៃម្តាយតែមួយ»។ លើសពីនេះត្រូវមានភាពជឿជាក់លើរាជរដ្ឋាភិបាល ទាក់ទងនឹងបញ្ហាព្រំដែនសព្វថ្ងៃ៕