Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ៖ កំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ នៅថ្នាក់ក្រោមជាតិសម្រេចបានសមិទ្ធផលជាច្រើន

14-10-2025 16:42

(សៀមរាប)៖ លោក នី គឹមសាន អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានគណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប) បានលើកឡើងថា ការកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ នៅថ្នាក់ក្រោមជាតិ សម្រេចបានសមិទ្ធផលជាច្រើន ក្នុងរយៈពេលជាងពីរទសវត្សរ៍កន្លងមកនេះ។

ការលើកឡើងយ៉ាងដូច្នេះរបស់លោក នី គឹមសាន នៅក្នុងសិក្ខាសាលាពិគ្រោះយោបល់ដើម្បីប្រមូលធាតុចូលសម្រាប់ការរៀបចំផែនការអនុវត្ត ៥ឆ្នាំ ដំណាក់កាលទី២ (២០២៦-២០៣០) របស់ គ.ជ.អ.ប នៅខេត្ដសៀមរាប នាថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៥នេះ ដោយមានការចូលរួមពីលោក សុខ ថុល អភិបាលរងខេត្តសៀមរាប និងភាគីពាក់ព័ន្ធជាច្រើនផងដែរ។

លោកបានបន្តថា ក្រោមការដឹកនាំសម្របសម្រួលរបស់ គ.ជ.អ.ប. និងដោយមានការចូលរួមគាំទ្រពីក្រសួង-ស្ថាប័នថ្នាក់ជាតិ រដ្ឋបាលថ្នាក់ក្រោមជាតិ ដៃគូអភិវឌ្ឍន៍ និងភាគីពាក់ព័ន្ធ បានធ្វើឱ្យការអនុវត្តកំណែទម្រង់នេះ កាន់តែរីកចម្រើនគួរឱ្យកត់សម្គាល់។

លោកបន្តថា ការរីកចម្រើន មានដូចជា៖ ការកែលម្អរចនាសម្ព័ន្ធប្រព័ន្ធអភិបាលកិច្ចរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ និងការបង្កើតក្រុមប្រឹក្សារដ្ឋបាលថ្នាក់ក្រោមជាតិតាមរយៈការបោះឆ្នោត, ការរៀបចំប្រព័ន្ធគន្លឹះ, ការបង្កើតយន្តការគណនេយ្យភាព យន្តការសម្រុះសម្រួលវិវាទ និងដោះស្រាយបណ្តឹងតវ៉ានានាផងដែរ។

ជាពិសេស គឺការផ្ទេរសិទ្ធិអំណាច មុខងារ ធនធានមនុស្ស និងធនធានហិរញ្ញវត្ថុ ទៅឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិ ដែលធ្វើឱ្យរដ្ឋបាលទាំងនោះកាន់តែមានលទ្ធភាព និងសមត្ថភាពក្នុងការផ្តល់សេវាសាធារណៈ និងការអភិវឌ្ឍមូលដ្ឋានឆ្លើយតបតម្រូវការប្រជាពលរដ្ឋបានចំទិសដៅ ឆាប់រហ័ស និងមានប្រសិទ្ធភាព។

លោកបន្ថែមថា កត្តាដ៏សំខាន់ដែលនាំឱ្យកំណែទម្រង់ដ៏សាំញ៉ាំ និងស្មុគស្មាញនេះ អាចវិវឌ្ឍទៅមុខ និងទទួលបានសមិទ្ធផលគួរជាទីមោទនៈ គឺការរៀបចំឱ្យមាន «ផែនទីបង្ហាញផ្លូវរយៈពេលវែងយ៉ាងច្បាស់លាស់» គឺកម្មវិធីជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ រយៈពេល១០ឆ្នាំ ដំណាក់កាលទី១ និងដំណាក់កាលទី២។

លោកបញ្ជាក់ថា បច្ចុប្បន្ន គ.ជ.អ.ប កំពុងអនុវត្តកម្មវិធីជាតិដំណាក់កាលទី២ ដែលមានផែនការអនុវត្ត៥ឆ្នាំ ដំណាក់កាលទី១ (២០២១-២០២៥) និងផែនការអនុវត្ត៥ឆ្នាំដំណាក់កាលទី២ (២០២៦-២០៣០)។

លោក នី គឹមសាន បានបន្តថា ដោយឆ្នាំ២០២៥ គឺជាឆ្នាំចុងក្រោយនៃផែនការ៥ឆ្នាំ ដំណាក់កាលទី១ គ.ជ.អ.ប ចាំបាច់ត្រូវរៀបចំផែនការអនុវត្ត៥ឆ្នាំដំណាក់កាលទី២ ដើម្បីធានាការសម្រេចបាននូវលទ្ធផលរំពឹងទុក គោលដៅ និងគោលបំណងនៃកម្មវិធីជាតិដំណាក់កាលទី២ ក្នុងការចូលរួមសម្រេចនូវចក្ខុវិស័យ គោលបំណង និងគោលដៅនៃកម្មវិធីនយោបាយ វិធានការគន្លឹះ និងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១របស់រាជរដ្ឋាភិបាល។

លោក សុខ ថុល បានលើកឡើងថា ខេត្តសៀមរាបបានចូលរួមយ៉ាងសកម្មក្នុងការអនុវត្តគោលនយោបាយវិមជ្ឈការ និងវិសហមជ្ឈការរបស់រាជរដ្ឋាភិបាលកម្ពុជា។ សម្រាប់កម្មវិធីជាតិដំណាក់កាលទី១ រដ្ឋបាលខេត្តសៀមរាប បានចូលរួមយ៉ាងសកម្ម រហូតដល់ថ្នាក់រៀបចំបង្កើតជាក្រុមការងារដឹកនាំកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការថ្នាក់ខេត្ត ដើម្បីបន្តដឹកនាំការអនុវត្តគោលនយោបាយនេះ នៅពេលដែលដៃគូអភិវឌ្ឍន៍បានបញ្ឈប់ការគាំទ្ររបស់ខ្លួន។

លោកបានបន្តថា លើសពីនេះ រដ្ឋបាលខេត្តក៏បានប្រើប្រាស់ថវិកាគាំទ្រផ្ទាល់របស់ខ្លួនជាប្រចាំឆ្នាំ រហូតមកទល់បច្ចុប្បន្ន ក្នុងការអនុវត្តសកម្មភាពនានា និងគាំទ្រដល់រដ្ឋបាលក្រុង/ស្រុក និងមន្ទីរ/អង្គភាពពាក់ព័ន្ធ។

លោក សុខ ថុល បញ្ជាក់ថា នៅក្នុងដំណាក់កាលទី២ នៃកម្មវិធីជាតិរយៈពេល១០ឆ្នាំថ្មីនេះ រដ្ឋបាលខេត្តក៏បានបន្តអនុវត្តការងាររបស់ខ្លួនតាមរយៈក្រុមការងារដឹកនាំកំណែទម្រង់របស់ខេត្ត ដើម្បីធានាការចូលរួមអនុវត្តនូវកម្មវិធីជាតិដំណាក់កាលទី២ និងកម្មវិធីអនុវត្តរយៈពេល០៥ឆ្នាំទាំងពីរលើក ឱ្យទទួលបានលទ្ធផលល្អប្រសើរ៕