Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ក្រុមអាជីវករលក់ផលិតផលខ្មែរ បង្ហាញពីភាពពេញចិត្ត ចំពោះការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល ក្នុងការជំរុញផលិតផលខ្មែរ កាន់តែមានវត្តមានលើទីផ្សារ

14-10-2025 16:06

(ភ្នំពេញ)៖ ពិព័រណ៍ខ្នាតអន្តរជាតិ ដែលបង្ហាញអំពីដំណោះស្រាយវិស្វកម្មសំណង់ និងឧស្សាហកម្មយានយន្តដ៏ធំបំផុតរបស់កម្ពុជា បានទទួលស្វាគមន៍នូវការដាក់បញ្ចូលផលិតផលខ្មែរ ដើម្បីស្វែងរកការគាំទ្រ និងលើកទឹកចិត្តដល់ម្ចាស់អាជីវកម្មឱ្យមានការចូលរួម។

ជាមួយគ្នានេះ ក្រុមអាជីវករលក់ផលិតផលខ្មែរ បានបង្ហាញពីភាពពេញចិត្ត ចំពោះការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល និងស្ថាប័នដៃគូឯកជន ក្នុងការជំរុញលើកទឹកចិត្ត ឱ្យផលិតផលខ្មែរកាន់តែមានវត្តមានច្រើន ដោយឥតឈប់ឈរនៅលើទីផ្សារ និងក្នុងពិព័រណ៍ផ្សេងៗទៀតនៅកម្ពុជា ជាពិសេសពិព័រណ៍នៅថ្ងៃនេះតែម្តង។

បើតាមលោក គីម ប៉ អាជីវករលក់វត្ថុអនុស្សាវរីយ៍គ្រឿងវប្បធម៌ខ្មែរ បានស្នើដល់រដ្ឋាភិបាល និងវិស័យឯកជនជាច្រើនទៀត គួរបើកឱកាសឲ្យផលិតផលខ្មែរ អាចដាក់តាំងបង្ហាញផលិតផល នៅក្នុងកម្មវិធីផ្សេងៗ ដូចជាកម្មវិធីពីរពណ៌នៅថ្ងៃនេះជាដើម។

លោក គីម ប៉ បានបន្តថា ការដាក់បញ្ចូលផលិតផលខ្មែរ នៅក្នុងកម្មវិធីផ្សេងៗ ក៏ដូចជាកម្មវិធីពិព័រណ៍ គឺដើម្បីពង្រីកឲ្យផលិតផលខ្មែរ កាន់តែមានសន្ទុះលើការគាំទ្រថែមទៀត មិនត្រឹមតែប៉ុណ្ណោះ វាក៏បានបង្ហាញឲ្យឃើញ ពីការចូលរួមទប់ស្ងាត់នូវការមិនប្រើប្រាស់ផលិតផលថៃ នៅកម្ពុជាផងដែរ។

លោកថា «បើនិយាយទៅវាអត់ត្រូវនឹង concept របស់ពិព័រណ៍គេនោះទេ។ ពិព័រណ៍គេគឺវិស័យសំណង់ទេ ប៉ុន្តែអានេះគឺគាត់លើកទឹកចិត្ត ហើយល្អខ្លាំងណាស់ ដោយសារ បានឱ្យផលិតផលខ្មែរ យើងចេញបានច្រើន ហើយក៏បានបរទេសមកគាត់ស្គាល់ ដែលនេះក៏ជាកម្លាំងចិត្តរបស់ពួកខ្ញុំមួយដែរ សប្បាយចិត្តដែលគាត់បានអនុញ្ញាត»

ស្របពេលជាមួយគ្នានេះ អ្នកស្រី ហោ សុគន្ធា អាជីវករលក់ផលិតផលកសិកម្ម បានបញ្ជាក់ថា ពលរដ្ឋខ្មែរបានគាំទ្រផលិតផលខ្មែរច្រើនណាស់ រហូតកើនសន្ទុះគុណទ្វេដង។

អ្នកស្រីបានថ្លែងថា «សូមឲ្យអាជីវករដែលលក់ផលិតផលខ្មែរទាំងអស់ ត្រូវងាកមកចាប់ផ្តើមនូវអាជីវកម្មរបស់ខ្លួនឡើងវិញ ព្រោះថា ពីមុនគាត់គិតថាអត់មានទីផ្សារ ដូច្នេះគាត់នាំគ្នាបោះបង់ ប៉ុន្តែឥឡូវនេះផលិតផលខ្មែរ គឺមានការគាំទ្រខ្លាំងពីបងប្អូនពលរដ្ឋខ្មែរដូចគ្នា ចឹងគួរតែងាកមកពង្រឹងអាជីវកម្មរបស់ខ្លួនឡើងវិញដែរ»

ពាក់ពន្ធ័រឿងនេះដែរ នៅក្នុងវេទិកាបើកសម្ពោធពិព័រណ៍វិស័យសំណង់ និងឧស្សាហកម្មយានយន្តរបស់កម្ពុជា នៅព្រឹកថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៥នេះ កំពុងស្ដែងឲ្យឃើញ ពីជំហានដ៏សំខាន់មួយ ក្នុងការអភិវឌ្ឍវិស័យឧស្សាហកម្មសំណង់ និងបច្ចេកវិទ្យាថ្មីៗ របស់ប្រទេសកម្ពុជា។

លោក ឡៅ ទិព្វសីហា រដ្ឋលេខាធិការ នៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានថ្លែងថា ពិព័រណ៍ទាំងពីរនេះ នឹងក្លាយជាស្ពានភ្ជាប់ទំនាក់ទំនងដ៏សំខាន់រវាងកម្ពុជា និងសហគមន៍អន្តរជាតិ ដែលនាំមកនូវបច្ចេកវិទ្យា ឯកទេស និងដំណោះស្រាយទំនើបៗ ដែលនឹងស្ថាបនាអនាគតរបស់វិស័យសំណង់ ឧស្សាហកម្ម និងយានយន្តនៅកម្ពុជា។

សូមបញ្ជាក់ថា ពិព័រណ៍ CAMBUILD និង CAMAUTO ២០២៥នេះ វាមិនត្រឹមតែជាឱកាសអាជីវកម្មប៉ុណ្ណោះទេ តែវាជាវិថីនៃការអភិវឌ្ឍន៍ ដែលមាននិរន្តរភាព និងឯករាជនៃបច្ចេកវិទ្យា របស់ប្រទេសជាតិផងដែរ។

បន្ថែមពីនេះ ការគាំទ្រ និងចូលរួមដ៏ខ្លាំងពីសំណាក់អន្តរជាតិ ដែលក្នុងនោះ មានប្រទេសវៀតណាម ចិន ម៉ាឡេស៊ី អ៊ីតាលី និងកូរ៉េខាងត្បូង បានសម្លឹងឃើញពីសារៈសំខាន់ និងឱកាសកាន់តែខ្ពស់នៅទីផ្សារប្រទេសកម្ពុជា ក្នុងខ្សែសង្វាក់ផ្គត់ផ្គង់ក្នុងស្រុក និងជាទីផ្សារដ៏មានសក្ដានុពលសម្រាប់ដំណោះស្រាយឧស្សាហកម្មសម័យថ្មីនៅទូទាំងតំបន់អាស៊ីអាគ្នេយ៍។

ក្រៅពីការតាំងពិព័រណ៍ នៅក្នុងកម្មវិធី ក៏មានវេទិកាបង្ហាញពីជំនាញបច្ចេកទេស ដែលផ្តល់ចំណេះដឹងសំខាន់ៗដូចជា៖ នីរន្តភាពនៃសំណង់ អគារ (Green Building Certification), ការរចនាប្រព័ន្ធថាមពលដោយប្រសិទ្ធិភាព, បច្ចេកវិទ្យាសំណង់ឌីជីថល, ផែនទីនគរូបនីយកម្មនិរន្តរភាព និងអនាគតរបស់ «Smart Mobility»