Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

កម្ពុជារៀបចំទិវាស្តង់ដារពិភពលោកជា លើកទី១ ជំរុញការផ្តោតលើតួនាទីស្តង់ដារ ក្នុងការជំរុញភាពប្រកួតប្រជែងនៃឧស្សាហកម្មក្នុងស្រុក  ខណៈទើបក្លាយជាសមាជិកពេញសិទ្ធិអង្គការ ISO

14-10-2025 15:52

(ភ្នំពេញ)៖ ក្រុមប្រឹក្សាស្តង់ដារជាតិ បានរៀបចំទិវាស្តង់ដារពិភពលោក ជាលើកទី១ នៅកម្ពុជា ក្រោមប្រធានបទ «ស្សនវិស័យរួមសម្រាប់ពិភពលោកកាន់តែប្រសើរ៖ ភាពជាដៃគូសម្រាប់គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព» ស្របពេលដែលកម្ពុជាត្រូវបានអង្គការស្តង់ដារអន្តរជាតិ (ISO) អនុម័តដំឡើងកម្រិតសមាជិកភាព ពី «សមាជិកទំនាក់ទំនង» ទៅជា «សមាជិកពេញសិទ្ធិ»

ថ្លែងក្នុងពិធីបើកទិវានេះ លោក ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងជាប្រធានក្រុមប្រឹក្សាស្តង់ដារជាតិ បានសង្កត់ធ្ងន់លើតួនាទីស្នូលនៃស្តង់ដារ សម្រាប់ការធ្វើពាណិជ្ជកម្មអន្តរជាតិ ព្រមទាំងការពង្រឹងឧស្សាហកម្ម និងសមត្ថភាពផលិតក្នុងស្រុក។

លោកបានលើកឡើងថា «សម្រាប់កម្ពុជា ស្តង់ដារមិនមែនគ្រាន់តែជាឯកសារបច្ចេកទេសប៉ុណ្ណោះទេ ប៉ុន្តែជាឧបករណ៍គន្លឹះសម្រាប់ភាពប្រកួតប្រជែងរបស់យើង។ តាមរយៈការអភិវឌ្ឍ និងអនុវត្តស្តង់ដារ ផលិតករ ឧស្សាហករ និងសេវាករក្នុងស្រុកអាចកែលម្អគុណភាព និងសុវត្ថិភាពផលិតផល ទទួលបានទំនុកចិត្តពីអ្នកប្រើប្រាស់ ពង្រីកទីផ្សារទៅក្នុងតំបន់ និងពិភពលោក ព្រមទាំងអាចកាត់បន្ថយហានិភ័យ និងបង្កើនប្រសិទ្ធភាពនៃខ្សែច្រវាក់ផលិតកម្មរបស់ខ្លួនផងដែរ»

ការអនុវត្តតាមស្តង់ដារមានសារៈសំខាន់ជាពិសេស ខណៈដែលកម្ពុជាកំពុងខិតខំពង្រឹងសមត្ថភាពផលិតក្នុងស្រុក បង្កើនផលិតភាព និងធ្វើពិពិធកម្មខឿនឧស្សាហកម្មរបស់ខ្លួន ទៅជាប្រទេសផលិតផលិតផលដែលមានតម្លៃបន្ថែមខ្ពស់។

គិតត្រឹមខែតុលា ឆ្នាំ២០២៥ កម្ពុជាបានអនុម័តស្តង់ដារជាតិចំនួន ១.១៥៣ រួមទាំងស្តង់ដារថ្មីចំនួន ២១ ដែលទើបត្រូវបានអនុម័តដោយក្រុមប្រឹក្សាស្តង់ដារជាតិកាលពីខែកញ្ញា ឆ្នាំ២០២៥។

លោក ហែម វណ្ណឌី បានអំពាវនាវឱ្យម្ចាស់សហគ្រាស ឧស្សាហករ ផលិតករ និងសេវាករក្នុងស្រុក ខិតខំអនុវត្ត និងអនុលោមតាមស្តង់ដារជាតិ ឬស្តង់ដារអន្តរជាតិក្នុងកម្រិតខ្ពស់តាមដែលអាចធ្វើបាន។

លោកបានបន្ថែមថា«ស្តង់ដារគឺជាមូលដ្ឋាននៃសុវត្ថិភាព ការបង្កើតថ្មី និងការជឿជាក់របស់អ្នកប្រើប្រាស់។ សូមចាត់ទុកស្តង់ដារដូចជាលិខិតឆ្លងដែនសម្រាប់ផលិតផលរបស់យើង ដើម្បីប្រកួតប្រជែង និងទទួលបានទំនុកចិត្តទាំងនៅទីផ្សារក្នុងស្រុក និងទីផ្សារអន្តរជាតិ»

នៅថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៥ អង្គការស្តង់ដារអន្តរជាតិ (ISO) ទើបបានអនុម័តដំឡើងកម្រិតសមាជិកភាពរបស់កម្ពុជា ពី «សមាជិកទំនាក់ទំនង» ទៅជា «សមាជិកពេញសិទ្ធិ» នៅក្នុងកិច្ចប្រជុំមហាសន្និបាតលើកទី៤៧ របស់ខ្លួននៅប្រទេសរវ៉ាន់ដា ដែលជាវឌ្ឍនភាពដ៏សំខាន់មួយទៀតសម្រាប់កម្ពុជា។

លោក ចាន់ សូផា អគ្គនាយកវិទ្យាស្ថានស្តង់ដារកម្ពុជា បានលើកឡើងថា ក្នុងនាមជាសមាជិកពេញសិទ្ធិ កម្ពុជាមានសិទ្ធិចូលរួមនៅក្នុងគណៈកម្មការបច្ចេកទេសរបស់អង្គការ ISO ចូលរួមអភិវឌ្ឍស្តង់ដារពិភពលោក និងការពារផលប្រយោជន៍ជាតិនៅលើឆាកអន្តរជាតិក្នុងវិស័យស្តង់ដារ។

លោកបានលើកឡើងថា «ការដំឡើងកម្រិតសមាជិកភាពនេះអនុញ្ញាតឱ្យកម្ពុជាមានសំឡេងក្នុងការអភិវឌ្ឍស្តង់ដារអន្តរជាតិដែលផ្តល់ផលដល់ឧស្សាហកម្ម និងពាណិជ្ជកម្មរបស់យើង ហើយក៏ជាការបើកឱកាសដ៏សំខាន់សម្រាប់ទាំងវិស័យសាធារណៈ និងឯកជន ក្នុងការសហការអភិវឌ្ឍស្តង់ដារដែលផ្តោតលើអាទិភាពជាតិរបស់កម្ពុជាផងដែរ»

ទិវាស្តង់ដារពិភពលោកនេះមានការចូលរួមពីថ្នាក់ដឹកនាំ និងសមាជិកនៃក្រុមប្រឹក្សាស្តង់ដារជាតិ គណៈកម្មការបច្ចេកទេស តំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ វិស័យឯកជន ដៃគូអភិវឌ្ឍន៍ អង្គការជាតិ និងអន្តរជាតិ ដែលបង្ហាញពីការប្តេជ្ញាចិត្តរបស់កម្ពុជាក្នុងការប្រើប្រាស់ស្តង់ដារ ដើម្បីលើកកម្ពស់គុណភាព សុវត្ថិភាព និងកំណើនឧស្សាហកម្មប្រកបដោយចីរភាព៕