Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ក្រសួងមហាផ្ទៃ បង្ហាញលទ្ធផលប្រតិបត្តិការស៊ើបអង្កេតករណីឃាតកម្មលើជនជាតិកូរ៉េខាងត្បូង នៅក្រុងបូកគោ ខេត្តកំពត, ជនជាតិចិន៣នាក់ ត្រូវបានចាប់ និងឃុំខ្លួនដាក់ពន្ធនគារ

14-10-2025 15:44

(ភ្នំពេញ)៖ ពាក់ព័ន្ធករណីឃាតកម្មលើបុរសជនជាតិកូរ៉េខាងត្បូង នៅខេត្តកំពត, តុលាការសម្រេចឃុំខ្លួនបណ្ដោះអាសន្នចំពោះជនល្មើស៣នាក់ ដើម្បីស្វែងរកយុត្តិធម៌ជូនដល់គ្រួសារនៃសព។ នេះបើតាមការបញ្ជាក់របស់អ្នកនាំពាក្យក្រសួងមហាផ្ទៃ នៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៥នេះ។

យោងតាមរបាយការណ៍លទ្ធផលប្រតិបត្តិការស៊ើបអង្កេត ស្រាវជ្រាវរបស់អគ្គស្នងការដ្ឋាននគរបាលជាតិ បានបញ្ជាក់ថា ក្នុងខណៈដែលនគរបាលចុះល្បាតជំនាញ បានប្រទះឃើញរថយន្តដឹក សាកសពមួយគ្រឿងក្នុងភូមិកំពង់បាយខាងត្បូង សង្កាត់កំពង់បាយ ក្រុងកំពត វេលាម៉ោង ០២:០០ នាទី រំលងអធ្រាត្រ ថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៥។ ភ្លាមនោះ នគរបាលបានឃាត់ខ្លួនជនសង្ស័យជនជាតិចិន ចំនួន២នាក់ ដែលទី១.ឈ្មោះ LI XINGPENG ហៅ YOU FU ភេទប្រុស អាយុ៣៥ឆ្នាំ និងទី២.ឈ្មោះ ZHU RENZHE ហៅ CHEA KER ភេទប្រុស អាយុ៤៣ឆ្នាំ ដែលក្នុងនោះម្នាក់ជាអ្នកបើកបរ និងម្នាក់ ទៀតរួមដំណើរដឹកសព។ ចំណែកជនសង្ស័យម្នាក់ទៀតឈ្មោះ ប៉ាជា ភេទប្រុស អាយុប្រហែល៣៥ឆ្នាំ បានរត់គេចខ្លួន។

ក្រោយពិនិត្យអត្តសញ្ញាណ ឃើញថា សពឈ្មោះ PARK MINHO ភេទប្រុស អាយុ២២ឆ្នាំ ជា និស្សិតជនជាតិកូរ៉េខាងត្បូង បានធ្វើដំណើរមកដល់កម្ពុជា នៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៥។ បន្ទាប់ពី ការធ្វើកោសល្យវិច័យបឋមរកឃើញថា សពជនរងគ្រោះបានស្លាប់ដោយគាំងបេះដូង ដែលបណ្តាលមកពីការ ធ្វើទារុណកម្ម ដោយមានស្នាមជាំជាច្រើនកន្លែងលើរាងកាយ។ អង្គហេតុនេះបញ្ជាក់ថា នគរបាលកម្ពុជាពុំ បានទទួលព័ត៌មាន ឬបណ្ដឹងពីក្រុមគ្រួសារសព ឬក៏ពីស្ថានទូតកូរ៉េខាងត្បូង ដូចការចុះផ្សាយរបស់ សារព័ត៌មាន South China Morning Post ដែលថា គ្រួសារសពបានស្វែងរកកិច្ចអន្តរាគមន៍ ជួយសង្គ្រោះ តាមរយៈស្ថានទូត និងនគរបាលមូលដ្ឋាននោះទេ។

តាមការវិភាគជំនាញ អគ្គស្នងការដ្ឋាននគរបាលជាតិក្រសួងមហាផ្ទៃ ដឹកនាំកម្លាំងស្នងការដ្ឋាន នគរបាលខេត្តកំពត បានបន្តស៊ើបអង្កេត និងឈានទៅបង្ក្រាបផ្ទះវីឡាមួយកន្លែង ស្ថិតនៅភូមិរលួស សង្កាត់បឹងទូក ក្រុងបូកគោ ខេត្តកំពត ដែលជាកន្លែងស្នាក់នៅរបស់ជនរងគ្រោះមុនពេលស្លាប់ និងជាទីតាំងដែលត្រូវបានកំណត់មុខសញ្ញាថា មានសកម្មភាពអនឡាញខុសច្បាប់។

ក្នុងការបង្ក្រាបនោះ នគរបាលបានចាប់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ LIU HAOXING ហៅ TA THOV ភេទប្រុស អាយុ២៩ឆ្នាំ ដែលជាអ្នកគ្រប់គ្រងអគារ និងបានដកហូតសម្ភារវត្ថុតាងពាក់ព័ន្ធមួយចំនួន។ ដោយឡែក ជនសង្ស័យម្នាក់ទៀតឈ្មោះ ហាយ ភេទប្រុស ជនជាតិចិន អាយុប្រហែល៣០ឆ្នាំ បានរត់គេចខ្លួនបាត់។

ក្រោយពីការប្រមូលភស្តុតាង ការស្តាប់ចម្លើយជនសង្ស័យ ការបំពេញកិច្ចការជំនាញស្របតាមនីតិវិធីកំណត់ដោយច្បាប់, នគរបាលយុត្តិធម៌ បានកសាងសំណុំរឿងយ៉ាងមូល និងគ្រប់ជ្រុងជ្រោយ ព្រមទាំងបញ្ជូនជនសង្ស័យទៅកាន់អយ្យការអមសាលាដំបូងខេត្តកំពត នៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៥ ដើម្បីបន្តនីតិវិធី។

ក្រោយបំពេញនីតិវិធីស៊ើបអង្កេត ផ្ទៀងផ្ទាត់ភស្តុតាង និងស្តាប់ចម្លើយជនសង្ស័យទាំងបីនាក់ តំណាងអយ្យការ បានសម្រេចចោទប្រកាន់លើជនសង្ស័យទាំងនោះ និងបក្ខពួកចំនួន២នាក់ទៀត ពីបទឃាតកម្ម ដោយអំពើឃោរឃៅ និងបទឆបោក (តាមប្រព័ន្ធបច្ចេកវិទ្យា) ក្នុងមាត្រា២០៥, មាត្រា៣៧៧ និងមាត្រា៣៧៨ នៃក្រមព្រហ្មទណ្ធ៕

ខាងក្រោមនេះ ជាសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងមហាផ្ទៃ៖