សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ផ្ញើសារលិខិតជូនពរ សម្តេចមហាមន្ត្រី គុយ សុផល ក្នុងឱកាសទិវាចម្រើនជន្មាយុវឌ្ឍនមង្គល
14-10-2025 15:31
(ភ្នំពេញ)៖ នៅថ្ងៃចន្ទ ទី១៣ ខែតុលា ឆ្នាំ២០២៥ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ផ្ញើសារលិខិតជូនពរ សម្តេចមហាមន្ត្រី គុយ សុផល ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង និងជាអនុប្រធាន កាកបាទក្រហមកម្ពុជា និងលោកជំទាវ ក្នុងឱកាសទិវាចម្រើនជន្មាយុវឌ្ឍនមង្គល។
ក្នុងសារលិខិតមានខ្លឹមសារថា៖ «ស្ថិតក្នុងបរិយាកាសដ៏សែនមនោរម្យ នៃទិវាចម្រើនជន្មាយុវឌ្ឍនមង្គលរបស់ សម្តេចមហាមន្ត្រី ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៥នេះ ក្នុងនាមខ្ញុំផ្ទាល់ និងសហការីទាំងអស់ នៃកាកបាទក្រហមកម្ពុជា សូមចូលរួម អបអរសាទរដោយសេចក្តីសោមនស្សរីករាយយ៉ាងកក់ក្តៅ និងសូមជូននូវសព្ទសាធុការពរជ័យ បវរសួស្តី សិរីមង្គល វិបុលសុខ មហាប្រសើរគ្រប់ប្រការ ជូន សម្តេចមហាមន្ត្រី និងលោកជំទាវ សូមមានសុខភាព ល្អបរិបូរណ៍ កម្លាំងកាយមាំមួន បញ្ញាញាណភ្លឺថ្លាវាងវៃ និងមានជន្មាយុយឺនយូរ ដើម្បីរួមចំណែកក្នុងបុព្វហេតុជាតិ មាតុភូមិ ជារៀងដរាបតទៅ។
ក្នុងឱកាសចម្រើនជន្មាយុវឌ្ឍនមង្គលដ៏វិសេសវិសាលនេះ ខ្ញុំសូមកោតសរសើរដោយស្មោះ ចំពោះគំរូ វីរភាពដឹកនាំដ៏ឆ្នើម របស់ សម្តេចមហាមន្ត្រី ដែលបានខិតខំយកអស់កម្លាំងកាយ ចិត្ត បញ្ញា ស្មារតី ក្នុងការ ដឹកនាំក្រសួងព្រះបរមរាជវាំង ប្រកបដោយគតិបណ្ឌិតខ្ពស់ និងស្វាមីភក្តិស្មោះស្ម័គ្រ ដង្ហែអង្គ ព្រះមហាក្សត្រ និង សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ក្នុងព្រះរាជបូជនីយកិច្ច ដ៏ឧត្តុង្គឧត្តម ក្នុងពុទ្ធចក្រ អាណាចក្រ និងមនុស្សធម៌ ទទួលបានជោគជ័យយ៉ាងត្រចះត្រចង់ ដើម្បីឧត្តមប្រយោជន៍ ជាតិ សាសនា ព្រះមហាក្សត្រ។ លើសពីនេះទៀត សម្តេចមហាមន្ត្រី បានឆ្លៀតឱកាសដ៏មានតម្លៃចូលរួម ដឹកនាំ គិតគូរ និងគាំទ្រយ៉ាងសកម្មក្នុងការជំរុញការអភិវឌ្ឍ ពង្រឹងនិរន្តរភាពសមាគមជាតិកាកបាទក្រហមកម្ពុជា ឆ្លើយតបបានទៅនឹងភាពងាយរងគ្រោះ ក៏ដូចជាការយកចិត្តទុកដាក់ចំពោះសុខភាព និងសុខុមាលភាពរបស់ កុមារតាមសហគមន៍បានកាន់តែរឹងមាំថែមទៀត។
ជាថ្មីម្តងទៀត ក្នុងវេលាដ៏សិរីសួស្តីប្រពៃថ្លៃថ្លានេះ ខ្ញុំ និងសហការីទាំងអស់ នៃកាកបាទក្រហមកម្ពុជា សូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ តេជះបារមីនៃវត្ថុស័ក្តិសិទ្ធិទាំងអស់ក្នុងលោក ទេវតាថែរក្សាទឹកដី នៃព្រះរាជាណាចក្រកម្ពុជា សូមជួយអភិបាលប្រោះព្រំ គ្រងរក្សា សម្តេចមហាមន្ត្រី និងលោកជំទាវ ព្រមទាំងបុត្រា បុត្រី និងចៅៗជាទីស្រឡាញ់ សូមបានប្រកបដោយព្រះពុទ្ធពរទាំង ៤ ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ»។
ខាងក្រោមនេះគឺជាខ្លឹមសារទាំងស្រុងនៃសារលិខិតជូនពររបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនចំពោះសម្តេចមហាមន្ត្រី និងលោកជំទាវ៖