Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

រដ្ឋបាលខេត្តពោធិ៍សាត់ ជូនដំណឹងពីការផ្អាកប្រារព្ធពិធីបុណ្យអុំទូក នៅដងស្ទឹងមុខវេទិកាអុំទូក

14-10-2025 15:19

(ពោធិ៍សាត់)៖ រដ្ឋបាលខេត្តពោធិ៍សាត់ នាថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៥ បានចេញសេចក្តីជូនដំណឹង ស្តីពីការផ្អាកប្រារព្ធពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០២៥ នៅដងស្ទឹងមុខវេទិកាអុំទូក ខេត្តពោធិ៍សាត់។

រដ្ឋបាលខេត្តពោធិ៍សាត់ បានបញ្ជាក់ថា ដោយស្ថានការណ៍ចំពោះមុខនៅតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ កំពុងមានការឈ្លានពានពីសំណាក់កងទ័ពថៃ រដ្ឋបាលខេត្ត សូមដាក់ចេញនូវវិធានការណែនាំដូចខាងក្រោម៖

ទី១-ផ្អាកការរៀបចំពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក នៅដងស្ទឹងមុខវេទិកាអុំទូក ខេត្តពោធិ៍សាត់។
ទី២-ការរៀបចំពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក នៅតាមបណ្តាក្រុង-ស្រុក អាចប្រព្រឹត្តទៅជាធម្មតា តាមទំនៀមទម្លាប់ប្រពៃណី និងតាមលទ្ធភាពជាក់ស្តែង របស់អាជ្ញាធរ និងប្រជាពលរដ្ឋ។
ទី៣-ការឈប់សម្រាករបស់មន្ត្រីរាជការ និយោជិត កម្មករចំនួនបីថ្ងៃ ក្នុងឱកាសព្រះរាជពិធីនេះ នៅ រក្សាដដែលដូចខ្លឹមសារដែលមានចែងក្នុងអនុក្រឹត្យលេខ ២០៤ អនក្រ.បក ចុះថ្ងៃទី២៩ ខែសីហា ឆ្នាំ ២០២៤ ស្តីពីប្រតិទិនឈប់សម្រាកការងាររបស់មន្ត្រីរាជការ និយោជិត កម្មករ ប្រចាំឆ្នាំ២០២៥។
ទី៤-អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ត្រូវបន្តយកចិត្តទុកដាក់ខ្ពស់ ដោះស្រាយបញ្ហាស្បៀង ជម្រក ថ្នាំពេទ្យ ជូនប្រជាពលរដ្ឋភៀសសឹក នៅតាមមូលដ្ឋានរៀងៗខ្លួន។
ទី៥-មន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្ត ត្រូវបន្តយកចិត្តទុកដាក់ សម្របសម្រួល និងបង្កលក្ខណៈងាយស្រួល ដល់ការស្វែងរកការងាររបស់ពលករខ្មែរដែលទើបវិលត្រឡប់មកពីប្រទេសថៃវិញ និងបន្តសហការជាមួយ ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្ត រដ្ឋបាលក្រុង-ស្រុក ឃុំ-សង្កាត់ ដើម្បីផ្សព្វផ្សាយឱកាសការងារដល់ប្រជាពលរដ្ឋ ជាពិសេសពលករខ្មែរ នៅតាមមូលដ្ឋាននីមួយៗ។
ទី៦-មន្ទីរ-អង្គភាព រដ្ឋបាលក្រុង-ស្រុក ត្រូវយកចិត្តទុកដាក់ពង្រឹង និងជំរុញសេដ្ឋកិច្ចមូលដ្ឋាន ធានាស្ថិរភាពថ្លៃខ្សែច្រវាក់ផលិតកម្ម និងការផ្គត់ផ្គង់ គាំទ្រការផលិតក្នុងស្រុក និងធានាការប្រកួតប្រជែង ព្រមទាំងដោះស្រាយ នូវបញ្ហាជារចនាសម្ព័ន្ធរ៉ាំរ៉ៃនានា ដែលរាំងស្ទះដល់សកម្មភាពផលិតកម្ម អាជីវកម្ម ធុរកិច្ច និងវិនិយោគ។
ទី៧-មន្ទីរ-អង្គភាពជុំវិញខេត្ត រដ្ឋបាលក្រុង-ស្រុក ត្រូវបន្តយកចិត្តទុកដាក់ខ្ពស់លើការងារត្រៀម បង្ការគ្រោះ ធម្មជាតិនានា ជាពិសេសគ្រោះទឹកជំនន់ ក៏ដូចជាការត្រៀមរៀបចំទីទួលសុវត្ថិភាព ជម្រក ជូនប្រជាពលរដ្ឋរងគ្រោះ និងងាយរងគ្រោះ។
ទី៨-អាជ្ញាធរក្រុង-ស្រុក និងសមត្ថកិច្ចពាក់ព័ន្ធ ត្រូវថែរក្សា ការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និង សុវត្ថិភាពសង្គម និងបន្តអនុវត្តយ៉ាងម៉ឺងម៉ាត់នូវគោលនយោបាយ ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព។
ទី៩-ស្នងការដ្ឋាននគរបាលខេត្ត រដ្ឋបាលក្រុង-ស្រុក អធិការដ្ឋាននគរបាលក្រុង-ស្រុក រដ្ឋបាលឃុំ-សង្កាត់ និងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ-សង្កាត់ ត្រូវយកចិត្តទុកដាក់ផ្សព្វផ្សាយ និងខិតខំជំរុញផ្តល់ឯកសារបញ្ជាក់ អត្តសញ្ញាណជូនប្រជាពលរដ្ឋខ្មែរ ដែលទើបវិលត្រលប់ពីប្រទេសថៃ និងប្រជាពលរដ្ឋខ្មែរដែលពុំទាន់មាន ឯកសារគ្រប់គ្រាន់។

ទទួលបានសេចក្តីជូនដំណឹងនេះ ស្នងការដ្ឋាននគរបាលខេត្ត បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត បញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងខេត្ត មន្ទីរ-អង្គភាពជុំវិញខេត្ត រដ្ឋបាលក្រុង-ស្រុក និងសមត្ថកិច្ចដែលពាក់ព័ន្ធ ត្រូវអនុវត្តឱ្យមានប្រសិទ្ធភាព និងដោយស្មារតីទទួលខុសត្រូវខ្ពស់៕