Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

រដ្ឋមន្ត្រីសុខាភិបាល ទទួលជួបពិភាក្សាការងារជាមួយវិនិយោគិនចិន ដើម្បីសិក្សាស្វែងយល់អំពីបរិបទ និងឱកាសវិនិយោគក្នុងវិស័យសុខាភិបាលនៅកម្ពុជា

14-10-2025 14:49

(ភ្នំពេញ)៖ លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល នាព្រឹកថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៥ បានអញ្ជើញទទួលជួបគណៈប្រតិភូវិនិយោគ មកពីសាធារណរដ្ឋប្រជាមានិតចិន ដឹកនាំដោយលោក សេង ញ៉ក់ សមាជិកសភា និងជាតំណាងអ្នកវិនិយោគ ព្រមទាំងមានការចូលរួមដោយ លោក សូ ហ្វង់ ទីប្រឹក្សាលោក អ៊ុច បូររិទ្ធ, លោក យ៉ង លីវ ប្រធានក្រុមហ៊ុន Shenzhen Jintong និងសាស្ត្រាចារ្យ ហ្សាង សូជី ប្រធានផ្នែកវិទ្យាសាស្ត្រ និងស្រាវជ្រាវវេជ្ជសាស្ត្ររួមជាមួយក្រុមការងារ ដើម្បីស្វែងយល់ពីឱកាសវិនិយោគលើវិស័យឱសថ និងសុខាភិបាលនៅកម្ពុជា។

លោក សេង ញ៉ក់ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ លោកសាស្ត្រាចារ្យរដ្ឋមន្រ្តី ដែលបានឆ្លៀតពេលវេលាដ៏មមាញឹកក្នុងការទទួលជំនួបនេះ។ ជាមួយគ្នានេះលោកបានជម្រាបពីគោលបំណងសិក្សាស្វែងយល់អំពីបរិបទ និងឱកាសវិនិយោគក្នុងវិស័យសុខាភិបាលនៅកម្ពុជា ជាផ្នែកមួយនៃការចូលរួមសហការរវាងរដ្ឋាភិបាលទាំងពីរ និងជួយលើកស្ទួយសេដ្ឋកិច្ចជាតិ។

ក្នុងឱកាសនោះដែរ លោកសាស្ត្រាចារ្យរដ្ឋមន្រ្តី បានលើកឡើងថា ក្រសួងសុខាភិបាលសូមស្វាគមន៍ និងគាំទ្រជានិច្ចដល់កិច្ចសហប្រតិបត្តិការនានា និងការវិនិយោគក្នុងវិស័យសុខាភិបាល ដែលអនុវត្តដោយគោរពតាមនីតិវិធីច្បាប់ និងស្តង់ដារជាតិ និងអន្តរជាតិ ដើម្បីធានាបាននូវគុណភាពសេវាសុខាភិបាល និងសុវត្ថិភាពប្រជាពលរដ្ឋជាចម្បង៕