Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ បើកកិច្ចប្រជុំតាមដានការអនុវត្តគោលនយោបាយជាតិអេដស៍ និងចីរភាពកម្មវិធីអេដស៍សម្រាប់ឆ្នាំ២០២៣-២០២៨ លើកទី១

14-10-2025 12:18

(ភ្នំពេញ)៖ លោកទេសរដ្ឋមន្រ្តី អៀង មូលី ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ បានដឹកនាំបើកកិច្ចប្រជុំស្តីពីការតាមដាន ការអនុវត្តគោលនយោបាយជាតិបញ្ចប់អេដស៍ និងចីរភាពកម្មវិធីអេដស៍សម្រាប់ឆ្នាំ២០២៣-២០២៨ លើកទី១ នៅព្រឹកថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៥ នៅអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍។ អញ្ជើញចូលរួមក្នុងកិច្ចប្រជុំរួមមានដូចជាប្រធាន អនុប្រធាន ព្រមទាំងសមាជិកក្រុមការងារ តាមដានការអនុវត្តគោលនយោបាយជាតិបញ្ចប់អេដស៍ និងចីរភាពកម្មវិធីអេដស៍សម្រាប់ឆ្នាំ២០២៣-២០២៨ និងលោក លោកស្រី ជាប្រធាន អនុប្រធាន ព្រមទាំងសមាជិកក្រុមប្រឹក្សាបច្ចេកទេស នៃអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ជាច្រើននាក់។

នេះជាកិច្ចប្រជុំលើកទី១ ដែលក្រុមការងារអន្តរក្រសួងតាមដាន ការអនុវត្តគោលនយោបាយជាតិបញ្ចប់អេដស៍ និងចីរភាពកម្មវិធីអេដស៍សម្រាប់ឆ្នាំ២០២៣-២០២៨ និងក្រុមប្រឹក្សាបច្ចេកទេស បានចូលរួមប្រជុំរួមគ្នា។ កិច្ចប្រជុំត្រូវបានរៀបចំឡើង ដើម្បីពិនិត្យមើលវឌ្ឍនភាព និងបញ្ហាប្រឈមនានាដែលកើតមានឡើងក្នុងពេលអនុវត្តគោលនយោបាយ និងលើកជាដំណោះស្រាយសម្រាប់គណៈកម្មាធិការប្រយុទ្ធនឹងជំងឺអេដស៍ក្រសួង ស្ថាប័ន រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ និងឃុំ សង្កាត់ យកទៅអនុវត្តបន្ត។

មានប្រសាសន៍បើកកិច្ចប្រជុំលោកទេសរដ្ឋមន្រ្តី អៀង មូលី បានបញ្ជាក់ថា ក្នុងគោលបំណងជំរុញការតាមដាន និងវាយតម្លៃការអនុវត្តគោលនយោបាយជាតិបញ្ចប់អេដស៍ និងចីរភាពកម្មវិធីអេដស៍សម្រាប់ឆ្នាំ២០២៣-២០២៨ ឱ្យបានជោគជ័យ ក្រុមការងារអន្តរក្រសួងតាមដានការអនុវត្តគោលនយោបាយជាតិបញ្ចប់អេដស៍ និងចីរភាពកម្មវិធីអេដស៍សម្រាប់ឆ្នាំ២០២៣-២០២៨ បានឯកភាពគ្នាថា រៀបចំកិច្ចប្រជុំរួមជាមួយក្រុមប្រឹក្សាបច្ចេកទេស ឱ្យបាន១ដងក្នុងមួយត្រីមាស។ ទន្ទឹមនឹងនេះ លោកទេសរដ្ឋមន្រ្តីបានបន្តថា របាយការណ៍ស្តីពីវឌ្ឍនភាពនៃការឆ្លើយតបនឹងមេរោគអេដស៍ និងជំងឺអេដស៍ឆ្នាំ២០២៤ ដាក់ជូនរាជរដ្ឋាភិបាលរួចរាល់ ដោយបានឆ្លងក្រុមប្រឹក្សាអ្នកច្បាប់ និងក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ នៅទីស្តីការគណៈរដ្ឋមន្រ្តីរួចហើយ។

លោកទេសរដ្ឋមន្រ្តីបានបន្ថែមថា ក្នុងឆ្នាំ២០២៤ តាមរយៈកិច្ចប្រឹងប្រែងរួមគ្នា ជាលទ្ធផលនៃការអនុវត្តគោលនយោបាយ លើគោលដៅ ៩៥-៩៥-៩៥ កម្ពុជាសម្រេចបាន ៩២-១០០-៩៨។ ជារួមក្រសួង ស្ថាប័ន រាជធានី ខេត្ត បានបង្កើត និងធ្វើឱ្យដំណើរការគណៈកម្មាធិការប្រយុទ្ធនឹងជំងឺអេដស៍ថ្នាក់ក្រសួង ស្ថាប័ន និងថ្នាក់រាជធានី ខេត្តទាំងស្រុង។ ដោយឡែក ស្រុក ខណ្ឌ ឃុំ សង្កាត់ មួយចំនួនមិនទាន់បានបង្កើត ឬដំណើរការទាំងស្រុងនៅឡើយ។ ក្រសួង ស្ថាប័ន រាជធានី ខេត្ត ក៏បានខិតខំធ្វើការបញ្រ្ជាបការយល់ដឹងអំពីមេរោគអេដស៍ និងអំពីការរើសអើងអ្នកផ្ទុកមេរោគអេដស៍ផងដែរ។ ទន្ទឹមនឹងនេះក្រសួង ស្ថាប័ន រាជធានី ខេត្ត ស្ទើរតែទាំងអស់មិនទាន់ដាក់បញ្ចូលតំណាងអ្នកផ្ទុកមេរោគអេដស៍ ប្រជាជនគន្លឹះ និងសង្គមស៊ីវិលក្នុងគណៈកម្មាធិការប្រយុទ្ធនឹងជំងឺអេដស៍របស់ខ្លួននៅឡើយ។

មុននឹងប្រកាសបើកកិច្ចប្រជុំ លោកទេសរដ្ឋមន្រ្តីបានគូសបញ្ជាក់ថា កម្ពុជាបានបង្កើនទីតាំងធ្វើតេស្ត និងទីតាំងធ្វើតេស្តបញ្ជាក់មេរោគអេដស៍មួយចំនួនគួរឱ្យកត់សម្គាល់។ ទន្ទឹមនឹងនេះ ការផ្តល់សេវាប្រឹព ក៏មានកំណើន ក៏ប៉ុន្តែមិនទាន់ដល់គោលដៅដែលបានកំណត់នៅឡើយ។ ចំណុចល្អសម្រាប់កម្ពុជា គឺការដាក់ឱ្យប្រើប្រាស់ឱសថ កាបូតេក្រាវៀ ប្រភេទចាក់ដែលចាក់១ដង មានប្រសិទ្ធភាព ២ខែ (CAB-PrEP: ជាវិធីបង្ការមុនពេលប្រព្រឹត្តិប្រឈម)។ ការគ្របដណ្តប់របបថែទាំសុខភាពតាមប្រព័ន្ធមូលនិធិសមធម៌សុខាភិបាល ដល់អ្នកផ្ទុកមេរោគអេដស៍បានកើនឡើងដល់៧១%៕