Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អធិការដ្ឋាននគរបាលខណ្ឌកំបូល ជូនដំណឹងពីការផ្លាស់ប្តូរទីតាំងថ្មី នៅសង្កាត់បឹងធំ

14-10-2025 11:59

(ភ្នំពេញ)៖ អធិការដ្ឋាននគរបាលខណ្ឌកំបូល បានជូនដំណឹងពីការផ្លាស់ប្ដូរទីតាំងថ្មី ដែលស្ថិតនៅភូមិខ្ចៅ សង្កាត់បឹងធំ ខណ្ឌកំបូល រាជធានីភ្នំពេញ ដោយមានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ក្នុងការបង្កើតសមិទ្ធផលថ្មីស្រឡាង ជូនដល់អធិការដ្ឋាននគរបាលខណ្ឌកំបូល សម្រាប់បម្រើការជូនប្រជាពលរដ្ឋ ក្នុងមូលដ្ឋាន។

កន្លងមកអធិការដ្ឋាននគរបាលខណ្ឌកំបូល បានស្នើសុំទីតាំងដីពីលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ទំហំ៥,០០០ម៉ែត្រការ៉េ និងបានកៀរគរ ជំនួយពីសប្បុរសជន ដើម្បីចាក់ដីចំនួន ២,០០០ឡាន ហើយបានបន្តកៀរគរសប្បុរសជនដើម្បីធ្វើការសាងសង់ អគារបណ្ដោះអាសន្នទំហំ ១៥ម គុណ៣៥ម កម្ពស់៤ម ធ្វើពីសសរដែករៀបឥដ្ឋជុំវិញ បន្ទប់ខណ្ឌដោយផាណែល ដំបូលប្រក់ស័ង្កសី និងដាក់ពិតាន ដែលបានចំណាយទឹកប្រាក់ចំនួន ៩០,០០០ដុល្លារ រយៈពេលសាងសង់ចំនួន៨ខែ និងបានសាងសង់រួចរាល់ ១០០% ជាស្ថាពរ។

ទីតាំងថ្មីស្ថិតនៅផ្លូវបេតុង៤២ ភូមិខ្ចៅ សង្កាត់បឹងធំ ខណ្ឌកំបូល រាជធានីភ្នំពេញ ដើម្បីសម្រួលដល់កងកម្លាំងស្នាក់នៅក្នុង ការបំពេញតួនាទីភារកិច្ច កន្លែងទុកដាក់មធ្យោបាយបទល្មើស កន្លែងឃុំខ្លួនបណ្ដោះអាសន្ន និងរក្សាសន្តិសុខភូមិ-សង្កាត់មានសុវត្ថិភាព ជូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន។

លោក ហុង ពិសិដ្ឋ អធិការនគរបាលខណ្ឌកំបូល និងមន្ត្រីក្រោមឱវាទទាំងអស់ សូមថ្លែងអំណរគុណដ៏ជ្រាលជ្រៅ ដល់ថ្នាក់ដឹកនាំ សប្បុរសជនទាំងអស់ សូមឲ្យជួបតែសេចក្ដីសុខ ជោគជ័យគ្រប់ភារកិច្ច៕