Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

លទ្ធផលដោះស្រាយវិវាទ! ដៃគូអ្នកបើកបររថយន្ត «WOWNOW-Taxi» និងម្ចាស់ក្រុមហ៊ុនបានឯកភាពគ្នាលើ ៦ចំណុចសំខាន់ៗ

14-10-2025 11:39

(ភ្នំពេញ)៖ បន្ទាប់ពីផ្ទុះការតវ៉ារវាងអ្នកបើកបររថយន្តតាក់ស៊ី Wow Now និងម្ចាស់ក្រុមហ៊ុនទៅលើការទាមទារប្រាក់ឈ្នួល និងលក្ខខណ្ឌការងាររយៈពេលប៉ុន្មានថ្ងៃនេះរួចមក អាជ្ញាធរពាក់ព័ន្ធមានដូចជា តំណាងក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ អាជ្ញាធរដែនដី និងថ្នាក់ដឹកនាំរាជធានី-ខណ្ឌ សង្កាត់ និងតំណាងក្រុមហ៊ុន បានកោះអញ្ជើញក្រុមអ្នកបើកបរតាក់ស៊ី «WOWNOW-Taxi» ទាំងអស់នោះ ដើម្បីបើកកិច្ចប្រជុំស្វែងរកដំណោះស្រាយ ដោយជាលទ្ធផលកិច្ចពិភាក្សាគ្នា នាថ្ងៃទី១៣ ខែតុលាឆ្នាំ២០២៥ ម្សិលមិញនេះ គឺភាគីទាំងពីរបានឯកភាពគ្នាលើចំណុចសំខាន់ៗចំនួន៦។

កិច្ចប្រជុំនៃការដោះស្រាយ និងសម្របសម្រួលករណីដៃគូអ្នកបើកបររថយន្តទាមទារបើកប្រាក់ឈ្នួល នៃក្រុមហ៊ុន ស៊ុបពើ ឡៃថ៍ ស្តីដ ខេអេច ថេកណឡជី ឯ.ក (SUPER LIGHT SPEED KH TECHNOLOGY CO.,LTD) (WOWNOW-Taxi) ដោយភាគីតំណាងក្រុមហ៊ុន និង​ភាគីដៃគូអ្នកបើកបររថយន្ត​នៃក្រុមហ៊ុន ស៊ុបពើ ឡៃថ៍ ស្តីដ ខេអេច ថេកណឡជី ឯ.ក (SUPER LIGHT SPEED KH TECHNOLOGY CO.,LTD) (WOWNOW-Taxi) បានបើកកិច្ចប្រជុំ​នៅថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៥ វេលាម៉ោង ៨៖៣០នាទីព្រឹក ដើម្បីសម្របសម្រួលដោះស្រាយករណី ដៃគូអ្នកបើកបររថយន្តទាមទារបើកប្រាក់ឈ្នួល ក្រោមអធិបតីភាពលោក ហួន សឿរ ជាអគ្គនាយករងការងារ និងជាប្រធានក្រុមអន្តរាគមន៍ដោះស្រាយទី៥ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ, លោក សុខ ពេញវុធ អភិបាលរងនៃគណៈ អភិបាលរាជធានីភ្នំពេញ និងលោកស្រី គឹម ញឹប អភិបាល នៃគណៈអភិបាលខណ្ឌដង្កោ។

បន្ទាប់ពីបើកកិច្ចប្រជុំ ភាគីតំណាងក្រុមហ៊ុន និងតំណាងដៃគូអ្នកបើកបររថយន្ត យកចិត្តទុកដាក់ក្នុងការរកដំណោះស្រាយ ដោយមានការយោគយល់អធ្យាស្រ័យគ្នាទៅវិញទៅមក និងបានឯកភាពគ្នាលើចំណុចដូចខាងក្រោម៖

ទី១- តំណាងក្រុមហ៊ុន និងតំណាងដៃគូអ្នកបើកបររថយន្ត ឯកភាពគ្នាត្រូវអនុវត្តតាមច្បាប់ស្តីពីការងារ និងលិខិតបទដ្ឋានគតិយុត្ត ដែលពាក់ព័ន្ធទៅនិងស្ថាប័នផ្សេងៗ នៅក្នុងព្រះរាជាណាចក្រកម្ពុជា។
ទី២- តំណាងក្រុមហ៊ុនឯកភាព អនុវត្តក្នុងការគិតប្រាក់ឈ្នួលតាមគោលការចាស់ ដូចដែលដៃគូរអ្នកបើកបររថយន្តបានស្នើសុំដោយអនុវត្តចាប់ពីខែតុលា ឆ្នាំ២០២៥ តទៅ។ ចំពោះប្រាក់ឈ្នួលខែកញ្ញា ឆ្នាំ២០២៥ ដែលក្រុមហ៊ុនបានបើកជូន ដៃគូអ្នកបើកបររថយន្កមិនទាន់បានត្រឹមត្រូវ ក្រុមហ៊ុននិងបើកបង្គ្រប់ ដោយអនុវត្តតាមគោលការណ៍ថ្មី។
ទី៣- នៅពេលមានផែនការកែសម្រួលនូវគោលការណ៍ថ្មីណាមួយក្នុងក្រុមហ៊ុន ភាគីទាំងពីរឯកភាពគ្នា ត្រូវពិភាក្សារកដំណោះស្រាយដោយសន្តិវិធី ឱ្យអស់លទ្ធភាពជាមុនសិន។ ក្នុងករណីឈានទៅដល់កិច្ចព្រមព្រៀងគ្នា ទើបភាគីទាំងពីរ យកគោលការណ៍នោះមកអនុវត្តជាផ្លូវការតែម្តង។
ទី៤- តំណាងដៃគូអ្នកបើកបររថយន្តឯកភាព ចូលធ្វើការវិញតាមតួនាទីភារកិច្ចរៀងៗខ្លួន ដោយទទួលប្រាក់ឈ្នួល ៣០០% ក្នុងរសៀលថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៥។ ចំពោះដៃគូអ្នកបើកបររថយន្ត ដែលមិនចូលធ្វើការងារវិញ នៅរសៀលថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៥នេះទេ គឺមិនទទួលបាននូវប្រាក់ឈ្នួលនេះឡើយ។ ក្រុមហ៊ុននឹងអនុវត្តទៅតាមនីតិច្បាប់ជាធរមាន។
ទី៥- ដៃគូអ្នកបើកបររថយន្តត្រូវចូលធ្វើការងារវិញជាធម្មតា តាមផ្នែកតាមវេន តាមក្រុមរៀងៗក្នុងករណីមានបញ្ហាការងារផ្សេងៗ អាចទំនាក់ទៅកាន់លេខ ១២៩៧ ដើម្បីប្រឹក្សាយោបល់ និងដោះស្រាយតាមនីតិវិធីច្បាប់ការងារ។
ទី៦​- ក្រុមហ៊ុន ស៊ុបពើ ឡៃថ៍ ស្តីដ ខេអេច ថេកណឡជី ឯ.ក (SUPER LIGHT SPEED KH TECHNOLOGY CO.,LTD) (WOWNOW-Taxi) យើងខ្ញុំបានត្រៀមរៀបចំ និងអនុវត្តទៅតាមលក្ខខណ្ឌទូទៅនៃការងារឱ្យបានត្រឹមត្រូវ និងរៀបចំឱ្យមានរដ្ឋបាល និងតំណាងដៃគូរអ្នកបើកបររថយន្ត សម្រាប់ដោះស្រាយបញ្ហាផ្សេងៗ ក្នុងក្រុមហ៊ុន ជាមួយដៃគូរអ្នកបើកបររថយន្ត ដើម្បីដោះស្រាយបញ្ហាឱ្យបានទាន់ពេលវេលា ដោយធ្វើជារបាយការណ៍ និងកំណត់ហេតុឱ្យបានច្បាស់លាស់ ជៀសវាងបង្កវិវាទនៅក្នុងក្រុមហ៊ុន។

ក្រុមហ៊ុន WOWNOW-Taxi ប្តេជ្ញាយ៉ាងមោះមុតអនុវត្តតាមច្បាប់ស្តីពីការងារ និងលិខិតបទដ្ឋានគតិយុត្ត ដែលពាក់ព័ន្ធទៅនិង ស្ថាប័នផ្សេងៗនៅក្នុងព្រះរាជាណាចក្រកម្ពុជា។ ក្រុមហ៊ុន នឹងពង្រឹងគ្រប់សេវាកម្មរបស់យើងទាំងអស់ ឱ្យកាន់តែប្រសើរជាងមុនទ្វេដងពីដំណាក់កាលមួយ ទៅដំណាក់កាលមួយ។ កិច្ចប្រជុំរបស់យើងនៅថ្ងៃនេះដែលមានភាគីដំណាងក្រុមហ៊ុន និង​ភាគីដៃគូរអ្នកបើកបររថយន្ត​ បានបញ្ចប់ដោយបរិយាកាសរីករាយ និងភាពស្និទ្ធស្នាល និងបន្តដំណើរការបម្រើសេវាកម្មជូនអតិថិជនធម្មតា។ អាស្រ័យដូចបានជម្រាបជូនខាងលើ សូមស្ថាប័នពាក់ព័ន្ធ ដៃគូអ្នកបើកបររថយន្ត និងសាធារណៈជនទាំងអស់មេត្តា ជ្រាបជាព័ត៌មាន៕