Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

និស្សិត CUS ទស្សនកិច្ចសិក្សានៅខេត្តកំពត ឈ្វេងយល់ពីសក្តានុពលសេដ្ឋកិច្ច និងការអភិវឌ្ឍនៅខេត្តកំពត

14-10-2025 09:27

(កំពត)៖ កាលពីថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៥ សាកលវិទ្យាល័យឯកទេសនៃកម្ពុជា បានរៀប​ចំ​ដំណើរទស្សនកិច្ចសិក្សា សមណនិស្សិត និងនិស្សិតជាង ៩០០នាក់ ទៅកាន់ខេត្ត​កំពត។

ជំនួសមុខ​ឱ្យលោកបណ្ឌិតប្រធានក្រុមប្រឹក្សាភិបាល គណៈគ្រប់គ្រង បុគ្គលិក សាស្រ្តាចារ្យ និងនិស្សិតទាំងអស់ នៃសាកលវិទ្យាល័យឯកទេសនៃកម្ពុជា, លោក​បណ្ឌិត មាស បូរ៉ា សាកលវិទ្យាធិការ បានសម្តែងនូវការគោរពអរគុណយ៉ាងកក់ក្តៅ ប្រកបដោយក្តីសោមនស្សរីករាយក្រៃលែង ដែលមានកិត្តិយសដ៏ធំធេងទទួលបាន​ការ​អនុញ្ញាតចូលជួបសំដែងការគួរសម សំណេះសំណាល និងបានស្តាប់នូវបាឋកថា ដ៏​មានសារៈសំខាន់ស្តីពី «សក្តានុពលសេដ្ឋកិច្ច និងការអភិវឌ្ឍខេត្តកំពត» ដោយផ្ទាល់​ពីលោកបណ្ឌិត ម៉ៅ ធនិន អភិបាល នៃគណៈអភិបាលខេត្តកំពតដោយផ្ទាល់ និង​លោក តាក ហាប់ ប្រធានក្រុមប្រឹក្សាខេត្ត ដោយមានការចូលរួមពី សមាជិកក្រុម​ប្រឹក្សា​ខេត្ត អភិបាលរងខេត្ត ប្រធានមន្ទីរ ស្ថាប័ននានាជុំវិញខេត្ត និងអភិបាល​ក្រុង-​ស្រុកទាំង៩ នៃខេត្តកំពតនាពេលនេះ។

ក្នុងរបាយការសង្ខេបរបស់លោកបណ្ឌិត មាស បូរ៉ា បានគូសបញ្ជាក់ទៀតថា សាកល​វិទ្យាល័យឯកទេសនៃកម្ពុជា បានកំពុងធ្វើការបណ្តុះបណ្តាលលើជំនាញ​ឯកទេស​ជា​ច្រើន និងមានសាខាចំនួន៦ រួមមានសាខាខេត្តកំពង់ចាម សាខាខេត្តកំពង់ធំ សាខា​ខេត្តសៀមរាប សាខាខេត្តបន្ទាយមានជ័យ សាខាខេត្តបាត់ដំបង សាខាខេត្តកំពត និង​មានទីតាំងគោលនៅរាជធានីភ្នំពេញ នៅជិតផ្សារទំនើបអ៊ីអន២។

បច្ចុប្បន្ននេះសាកលវិទ្យាល័យ បានកំពុងបណ្តុះបណ្តាលនិស្សិតជាង ១១,៧៤៧នាក់ ដោយ​ឡែកក្នុងឆ្នាំសិក្សាថ្មី២០២៥-២០២៦ សាកលវិទ្យាល័យ CUS បានផ្តល់ជូន​អាហារូបករណ៍ពី ៥០ភាគរយ ដល់ ១០០ភាគរយ និងកំពុងទទួលចុះឈ្មោះចូល​សិក្សា​ជារៀងរាល់ថ្ងៃពីសំណាក់អ្នកសិក្សាគ្រប់មជ្ឈដ្ឋាន ជាពិសេស គឺសិស្សានុសិស្ស ដែលទើបប្រឡងបញ្ចប់ថ្នាក់ទី១២នៅឆ្នាំនេះ។

ការរៀបចំឱ្យមានដំណើរទស្សនកិច្ចសិក្សានិស្សិតជាបន្តបន្ទាប់នេះ ក្នុងគោលបំណង​ជំរុញលើកកម្ពស់ឱ្យនិស្សិតផ្សាភ្ជាប់ការសិក្សាជាទ្រឹស្តីនៅក្នុងថ្នាក់ និងការអនុវត្តជាក់​ស្តែង​ក្នុងសង្គមការងារ និងការដឹកនាំ តួយ៉ាងដូចនៅក្នុងថ្ងៃនេះ គឺនិស្សិតជាង​៩០០​នាក់ ដែលមកពីទីតាំងគោលរាជធានីភ្នំពេញ សាខាកំពង់ចាម សាខាកំពង់ធំ និង​សា​ខាកំពតផ្ទាល់ បានទទួលចំណេះដឹងបន្ថែមក្រោយពីបានស្តាប់នូវ​បាឋកថា​ដ៏មាន​តម្លៃ​របស់លោកបណ្ឌិតអភិបាលខេត្ត ក្នុងការដឹកនាំអភិវឌ្ឍខេត្ត ជាពិសេសគោលនយោ​បាយដោះស្រាយជម្លោះក្រៅប្រពន្ធ័តុលាការប្រកបដោយប្រសិទ្ធភាព តម្លាភាព យុត្តិ​ធម៌ និងទទួលបានការគាំទ្រយ៉ាងខ្លាំងក្លាពីសំណាក់ប្រជាពលរដ្ឋ។

ក្នុងឱកាសនោះ លោកបណ្ឌិត ម៉ៅ ធនិន បានផ្តល់ជូននូវបាឋកថាគន្លឹះប្រកបដោយ​អត្ថ​ន័យ អំពីសក្តានុពលសេដ្ឋកិច្ច ទេសចរណ៍ និងការអភិវឌ្ឍខេត្ត ដើម្បីទាក់ទាញ​ការ​វិនិយោគលើគ្រប់វិស័យជាច្រើនប្រភេទ ជាពិសេសវិស័យកសិឧស្សាហកម្ម និង​សេវា​កម្មទេសចរណ៍។

លោកបណ្ឌិតអភិបាលខេត្ត ក៏បានផ្តែផ្តាំ និងណែនាំដល់និស្សិតទាំងអស់ ត្រូវខិតខំ​សិក្សានិងស្រាវជ្រាវ ប្រកបដោយគុណភាព មានសមត្ថភាពវិជ្ជាជីវៈ និងបុគ្គលិក​លក្ខ​ណៈ​សម្បត្តិល្អប្រពៃសម្រាប់សង្គមជាតិ គ្រួសារ ស្ថាប័នការងារនាពេលអនាគត​ក្រោយ​ពីបញ្ចប់ការសិក្សា។

លោកបណ្ឌិតអភិបាលខេត្ត ក៏បានកោតសើរពីការយកចិត្តទុកដាក់ និងការខិត​ខំ​ប្រឹង ប្រែងខ្ពស់ជាប្រចាំរបស់ក្រុមប្រឹក្សាភិបាល គណៈគ្រប់គ្រងបុគ្គលិក និងសាស្ត្រាចារ្យ​ទាំអស់ ដែលបានរួមគ្នាជាធ្លុងមួយក្នុងការកសាងអភិវឌ្ឍន៍ លើកកម្ពស់គុណ​ភាព​អប់​រំ ឱ្យកាន់តែប្រសើរឡើងជាលំដាប់ពីមួយថ្ងៃទៅមួយថ្ងៃ ជាពិសេសគឺបានម​កពីកត្តា​គោលនយោបាយដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការផ្តល់ឱកាស​ដល់ផ្នែក​ឯក​ជន បានចូលរួមក្នុងការរអភិវឌ្ឍវិស័យធនធានមនុស្ស៕