កម្ពុជាអំពាវនាវឱ្យអន្តរជាតិចូលរួមថ្កោលទោសអំពើរំលោភបំពានរបស់ថៃ និងចាត់វិធានការចាំបាច់បង្ខំឱ្យប្រទេសនេះ បញ្ឈប់សកម្មភាពឈ្លានពានមកលើអធិបតេយ្យភាព បូរណភាពទឹកដីកម្ពុជា (Video inside)
10-10-2025 17:59
(ភ្នំពេញ)៖ លោក ប៉ែន បូណា បច្ចុប្បន្នជារដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បានបញ្ជាក់ថា កម្ពុជាទាមទារឱ្យភាគីថៃ គោរពបទឈប់បាញ់ និងកិច្ចព្រមព្រៀង ក៏ដូចច្បាប់អន្តរជាតិ ព្រមទាំងអំពាវនាវឱ្យអន្តរជាតិថ្កោលទោសថៃ និងបញ្ឈប់ការឈ្លានពានតទៅទៀត។
ការអំពាវនាវបែបនេះ របស់អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បានធ្វើសេចក្តីថ្លែងការណ៍ពិសេសស្តីពី «ស្ថានភាពព្រំដែនកម្ពុជា-ថៃ នៅភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ» នារសៀលថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៥នេះ។
ក្នុងនាមអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា, លោក ប៉ែន បូណា សូមអំពាវនាវឱ្យអាជ្ញាធរថៃ បញ្ឈប់ទង្វើរំលោភបំពានទាំងអស់នេះជាបន្ទាន់ និងទាមទារឱ្យភាគីថៃ គោរពកិច្ចព្រមព្រៀងបទឈប់បាញ់ គោរពស្មារតីនៃកិច្ចប្រជុំ GBC និងកិច្ចប្រជុំ RBC គោរពអនុស្សារណៈនៃការយោគយល់គ្នា (MoU) ឆ្នាំ២០០០ គោលការណ៍សិទ្ធិមនុស្ស និងច្បាប់មនុស្សធម៌អន្តរជាតិជាធរមាន។
លោក ប៉ែន បូណា បានថ្លែងយ៉ាងដូច្នេះថា៖ «អ្នកនាំពាក្យរាជរដ្ឋាភិបាល សូមអំពាវនាវឱ្យសហគមន៍អន្តរជាតិ ថ្កោលទោសអំពើរំលោភបំពានរបស់ថៃ និងចាត់វិធានការចាំបាច់បង្ខំឱ្យប្រទេសនេះ បញ្ឈប់សកម្មភាពឈ្លានពានមកលើអធិបតេយ្យភាព បូរណភាពទឹកដីកម្ពុជា យ៉ាងគឃ្លើនបែបនេះតទៅទៀត»។
លោក ប៉ែន បូណា បានបន្ថែមថា អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា សូមបញ្ជាក់សារជាថ្មីថា រាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី ប្រកាន់គោលជំហរច្បាស់លាស់ ក្នុងការគោរពកិច្ចព្រមព្រៀងបទឈប់បាញ់ ការដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី ដោយឈរលើមូលដ្ឋានកិច្ចព្រមព្រៀងទ្វេភាគីដែលមានស្រាប់ ព្រមទាំងអនុសញ្ញា, សន្ធិសញ្ញា និងច្បាប់អន្តរជាតិជាធរមាន៕
