FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ក្រសួងសុខាភិបាល ប្រកាសដាក់ឱ្យដំណើរការជាផ្លូវការ ការដាក់កងក្នុងទ្វារមាសសម្រាប់ស្ត្រី ដើម្បីបង្ការការឆ្លងមេរោគអេដស៍

09-10-2025 14:27

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី៩ ខែតុលា​ ឆ្នាំ២០២៥នេះ ក្រសួងសុខាភិបាល បានប្រកាសដាក់ឱ្យដំណើរការជាផ្លូវការ នៃការអនុវត្តជាដំណាក់កាល នូវការប្រើកងមានជាតិថ្នាំដាពីវីរីន (Dapivirine) ដាក់ក្នុងទ្វារមាស ដើម្បីបង្ការការឆ្លងមេរោគអេដស៍ ក្នុងចំណោមស្ត្រីប្រឈមខ្ពស់នៅកម្ពុជា ។ពិធីនេះបានប្រព្រឹត្ដទៅនៅក្រោមអធិបតីភាពលោកស្រីវេជ្ជបណ្ឌិត យក់ សម្បត្ដិ រដ្ឋលេខាធិការក្រសួងសុខាភិបាល

ពិធីនេះក៏មានអញ្ជើញចូលរួមពីលោកស្រី Patricia Ongpin នាយិកាអង្គការ UNAIDS ប្រចាំកម្ពុជា ឡាវ និងម៉ាឡេស៊ី, លោកស្រី Kirsty Harris, Development Counsellor, តំណាងស្ថានទូតអូស្ត្រាលីប្រចាំប្រទេសកម្ពុជា, លោកវេជ្ជបណ្ឌិត ស៊ឹម សុផៃ អគ្គលេខាធិការរងអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ លោកសាស្ដ្រាចារ្យជំនួយ អ៊ុក វិជ្ជា ប្រធានមជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺអេដស៍ សើរស្បែក និងកាមរោគ និងអ្នកចូលរួមជាច្រើនរូបទៀត។

មន្ដ្រីជាន់ខ្ពស់រូបនេះបានគូរសបញ្ជាក់ទៀតថា «នៅថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២៥ ក្រសួងសុខាភិបាល បានអនុម័តឯកសារទស្សនាទានស្តីពីការអនុវត្តជាដំណាក់កាល នូវការប្រើកងមានជាតិថ្នាំ Dapivirine ដាក់ក្នុងទ្វារមាស ដើម្បីបង្ការការឆ្លងមេរោគអេដស៍ ក្នុងចំណោមស្ត្រីប្រឈមខ្ពស់ (ឬហៅកាត់ថា DVR PrEP) នៅម្ពុជាដែលជាការអនុញ្ញាតឱ្យមានការផ្តល់បន្ថែមទៀតនូវសេវា PrEP កង ដែលមានជាតិថ្នាំ Dapivirine ឬ DVR-PrEP ដែលអាចបង្ការការឆ្លងមេរោគអដស៍រហូតដល់រយៈពេល ២៨ ថ្ងៃ។ DVR-PrEP នេះនឹងផ្តល់ជម្រើសបន្ថែមដល់ស្រ្តី ក្នុងការបង្ការខ្លួនពីការឆ្លងមេរោគអេដស៍ ដែលនឹងរួមចំណែកដល់ការ ទប់ស្តាត់ការឆ្លងថ្មី នៃមេរោគអេដស៍ឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ ដើម្បីឈានទៅសម្រេចគោលដៅដ៏មានមហិច្ឆតា គឺបញ្ចប់ការគំរាមកំហែង នៃជំងឺអេដស៍ចំពោះសុខភាពសាធារណៈ នៅឆ្នាំ ២០៣០ និងសម្រេចគោលដៅ ៩៥ ៩៥ ៩៥ នៅបំណាច់ឆ្នាំ ២០២៥»

លោកស្រីបានថ្លែងថា កម្ពុជាបានប្តេជ្ញាចិត្តឆ្ពោះទៅបញ្ចប់ជំងឺអេដស៍ដែលជាការគំរាមកំហែងចំពោះសុខភាពសាធារណៈ ស្របតាមគោលដៅរបស់អង្គការសហប្រជាជាតិនៅឆ្នាំ ២០៣០ និងមានមហិច្ឆតាក្នុងការសម្រេចគោលដៅ ៩៥-៩៥-៩៥ នៅដំណាច់ឆ្នាំ ២០២៥ នេះ តាមរយៈការអនុវត្តយុទ្ធសាស្ត្រពង្រឹង និងពង្រីកសេវាបង្ការ និងធ្វើតេស្តរកអ្នកផ្ទុកមេរោគអេដស៍ ការព្យាបាលដោយឱសថប្រឆាំងមេរោគអេដស៍ (ART) ឆាប់រហ័ស និងការធ្វើឱ្យសម្រេចបានលទ្ធផលបន្ទុកមេរោគអេដស៍ក្នុងឈាមកម្រិតទាបបំផុត (Viral load suppression) ក្នុងចំណោមអ្នកផ្ទុកមេរោគអេដស៍កំពុងព្យាបាលដោយឱសថប្រឆាំងមេរោគអេដស៍។

តាមរយៈកិច្ចខិតខំប្រឹងប្រែងរួមគ្នា ក្នុងការអនុវត្តអន្តរាគមន៍ដ៏មានប្រសិទ្ធភាពកន្លងមក ទោះបីជាពុំទាន់បានសម្រចគោលដៅទាំងនេះក៏ដោយ ក៏កម្ពុជាបានបោះជំហានទៅមុខគួរឱ្យកត់សម្គាល់។ យោងតាមការប៉ាន់ស្មានរបស់អង្គការ UNAIDS ឆ្នាំ ២០២៥ ប្រទេសកម្ពុជា បានកាត់បន្ថយការឆ្លងថ្មី នៃមេរោគអេដស៍ពី ១៤,០០០នាក់ ក្នុងឆ្នាំ១៩៩៧ មកនៅត្រឹម ១,២០០នាក់ ក្នុងឆ្នាំ២០២៤ ហើយសម្រេចបាន ៩២-១០០-៩៨ ធៀបនឹងគោលដៅ ៩៥-៩៥-៩៥។ «ខ្ញុំជឿជាក់យ៉ាងមុតមាំថា យើងនឹងបន្តកិច្ចខិតខំប្រឹងប្រែងរួមគ្នា ឱ្យកាន់តែខ្លាំងក្លាថែមទៀត ដើម្បីបំពេញភាពខ្វះចន្លោះក្នុងការអនុវត្តអន្តរាគមន៍ឆ្លើយតបនឹងជំងឺអេដស៍ និងអនុវត្តន៍អន្តរាគមន៍ថ្មីៗប្រកបដោយនវានុវត្តន៍ និងប្រសិទ្ធភាពខ្ពស់ ដើម្បីឈានទៅសម្រេចគោលដៅ ៩៥-៩៥-៩៥ និងគោលដៅបញ្ចប់ជំងឺអេដស៍ជាការគំរាមកំហែងចំពោះសុខភាពសាធារណៈឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន»។ នេះបើតាមការបញ្ជាក់បន្ថែមរបស់លោកស្រីវេជ្ជបណ្ឌិត យក់ សម្បត្ដិ។

លោកស្រីបានថ្លែងបន្ដថា ក្រសួងសុខាភិបាល ក្រោមការដឹកនាំរបស់រឹងមាំរបស់លោកសាស្ដ្រាចារ្យរដ្ឋមន្ដ្រី ឈាង រ៉ា បានយកចិត្ដទុកដាក់យ៉ាងខ្លាំង ក្នុងការគាំទ្រ និងជំរុញការអនុវត្ដអន្តរាគមន៍បង្ការការចម្លងមេរោគអេដស៍ ដូចជា ការលើកកម្ពស់ការប្រើប្រាស់ស្រោមអនាម័យ ការអប់រំឱ្យមានការផ្លាស់ប្តូរការប្រព្រឹត្តប្រឈម ការព្យាបាលដោយឱសថប្រឆាំងមេរោគអេដស៍ជាមធ្យោបាយបង្ការ (treatment as prevention) និងយុទ្ធនាការលើកកម្ពស់ការព្យាបាលកាត់បន្ថយបន្ទុកមេរោគអេដស៍ក្នុងឈាម ឱ្យដល់កម្រិតមិនអាចរាប់បាន ដែលហៅថា «ចំនួនមេរោគមិនអាចរាប់បាន=មិនអាចចម្លងបាន» (Undetectable = Untransmissible) ឬហៅកាត់ថា ម=ម ឬ U=U ។

លើសពីនេះទៀត ចាប់តាំងពីឆ្នាំ ២០១៩មក ក្រសួងសុខាភិបាល បានអនុញ្ញាត និងគាំទ្រឱ្យមជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺអេដស៍ សើស្បែក និងកាមរោគ សហការជាមួយមន្ទីរសុខាភិបាល នៃរដ្ឋបាលរាជធានី ខេត្ត អង្គការជាតិ អង្គការអន្តរជាតិ និងអង្គការនៅតាមសហគមន៍ រៀបចំអនុវត្តន៍ការផ្តល់សេវា PrEP ដោយប្រើថ្នាំលេប និងជាពិសេសនាពេលថ្មីៗកន្លងមកនេះ គឺនៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៥ ក្រសួងសុខាភិបាល បានដាក់ឱ្យអនុវត្តន៍បន្ថែម នូវការផ្តល់សេវា PrEP ចាក់ ដោយប្រើឱសថកាបូតេក្រាវៀ (Cabotegravir) ឬហៅថា CAB-PrEP ដែលអាចបង្ការការឆ្លងមេរោគអេដស៍រហូតដល់រយៈពេល២ខែ។

ក្នុងឱកាសនោះលោកស្រីក៏បានស្នើឱ្យមជ្ឈមណ្ឌលជាតិ ស្ថាប័ន និងអង្គការដៃគូពាក់ព័ន្ធទាំងអស់ ជាពិសេសអង្គការនៅតាមសហគមន៍ និងបណ្តាញក្រុមប្រជាជនប្រឈម រួមគ្នាខិតខំបន្ថែមទៀត ដើម្បីពង្រីកការផ្តល់សេវា PrEP និងពង្រីកអត្រាគ្របដណ្តប់ នៃការទទួលបានសេវានេះ ព្រមទាំងពង្រឹងការរក្សាអតិថិជនកុំឱ្យបោះបង់ការប្រើសេវា PrEP នៅពេលដែលពួកគាត់នៅមានការប្រឈមនៅឡើយ ។

ក្នុងនាមក្រសួងសុខាភិបាល លោកស្រីក៏បានផ្តល់អនុសាសន៍មួយចំនួនទាក់ទងនឹងការអនុវត្តការផ្តល់សេវា DVR-PrEP ក៏ដូចជា សេវាបង្ការ ថែទាំ និងព្យាបាលជំងឺអេដស៍រហូតដល់តែចំនួន ៥ចំណុចផងដែរ ដល់អង្គកម្មវិធីផងដែរ៕