ក្រុមគ្រូពេទ្យស្មគ្រចិត្តកូរ៉េ និងក្រុមគ្រូពេទ្យស្ម័គ្រចិត្តខ្មែរ ចុះអប់រំសុខភាព អនាម័យបរិស្ថាន និងពិនិត្យព្យាបាលជំងឺជូនពលរដ្ឋដោយឥតគិតថ្លៃ នៅឃុំព្រះធាតុ ស្រុកអូររាំងឪ
09-10-2025 12:29
(ត្បូងឃ្មុំ)៖ ក្រុមគ្រូពេទ្យស្មគ្រចិត្តនៃមន្ទីរពេទ្យ Pohang Stroke and Spine នៃសាធារណរដ្ឋកូរ៉េ ដឹកនាំដោយលោកវេជ្ជបណ្ឌិត Kim Munchul នាយកប្រតិបត្តិនៃមន្ទីរពេទ្យ និងជាប្រធានគណៈប្រតិភូ រួមជាមួយក្រុមគ្រូពេទ្យស្ម័គ្រចិត្តខ្មែរចំនួន២០នាក់ ដែលមានក្រុមវេជ្ជបណ្ឌិត និងគិលានុបដ្ឋាក បានរៀបចំកម្មវិធីអប់រំសុខភាព អនាម័យបរិស្ថាន និងពិនិត្យព្យាបាលជំងឺជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ នៅថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៥ នៅបរិវេណសាលាបឋមសិក្សា និងអនុវិទ្យាល័យ ចំការស្បូវ ស្ថិតនៅភូមិថ្មីកណ្តាល ឃុំព្រះធាតុ ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ។
ពិធីនេះផងដែរគឺមានការអញ្ជើញចូលរួមក្រោមអធិបតីភាពលោកស្រី ងិន លីណា រដ្ឋលេខាធិការក្រសួងបរិស្ថាន និងជាតំណាងលោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តត្បូងឃ្មុំ រួមជាមួយថ្នាក់ដឹកនាំ មន្ត្រីរាជការក្រសួងបរិស្ថាន តំណាងរដ្ឋបាលខេត្តត្បូងឃ្មុំ អាជ្ញាធរមូលដ្ឋាន កងកម្លាំងប្រដាប់អាវុធ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស ក្រុមគ្រូពេទ្យស្ម័គ្រចិត្តនៃសាធារណរដ្ឋកូរ៉េ ក្រុមគ្រូពេទ្យកម្ពុជា និងប្រជាពលរដ្ឋជាច្រើននាក់ផងដែរ។
ថ្លែងនៅក្នុងពិធីបើកកម្មវិធី លោកស្រី ងិន លីណា បានថ្លែងអំណរគុណដល់ក្រុមគ្រូពេទ្យទាំងអស់ រួមជាមួយអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ និងប្រជាពលរដ្ឋទាំងអស់ដែលបានគិតគូរការថែទាំសុខភាព និងបានសហការគ្នារៀបចំកម្មវិធីនាថ្ងៃនេះប្រព្រឹត្តទៅបានយ៉ាងល្អប្រសើរ។
លោកស្រីរដ្ឋលេខាធិការ បានបន្ថែមទៀតថា ការអភិវឌ្ឍមូលធនមនុស្សគឺជាអាទិភាពទី១ របស់រាជរដ្ឋាភិបាលកម្ពុជា ដោយបានយកចិត្តទុកដាក់ខ្ពស់លើកកម្ពស់ការសិក្សាអប់រំ បណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងពង្រឹងសុខភាពសាធារណៈ តាមរយៈការពង្រឹង និងពង្រីកហេដ្ឋារចនាសម្ព័ន្ធអប់រំ និងសុខាភិបាល រួមមាន មន្ទីរពេទ្យជាតិ មន្ទីរពេទ្យខេត្ត មន្ទីរពេទ្យបង្អែក និងមណ្ឌលសុខភាពនៅគ្រប់ទិសទីដើម្បីធានាដល់ការបម្រើសេវាកម្មព្យាបាលប្រជាពលរដ្ឋគ្រប់រូប ពិសេស ចាស់ជរា ជនពិការ ស្ត្រី កុមារ ដោយមិនប្រកាន់វណ្ណៈ ពណ៌សំបុរ ជនជាតិ និងទិន្នាការនយោបាយណាមួយឡើយ។
ជាមួយគ្នានេះដែរ បន្ទាប់ពីចប់ពិធីបើក លោកជំទាវរដ្ឋលេខាធិការ រួមជាមួយក្រុមគ្រូពេទ្យបានចុះពិនិត្យនៅតាមមណ្ឌលសុខភាពចំនួន២បន្ថែមទៀត ក្នុងមូលដ្ឋានឃុំព្រះធាតុ និងឃុំអំពិលតាពក ដើម្បីមើលពីដំណើរការនៅក្នុងមណ្ឌលសុខភាព និងលទ្ធភាពក្នុងការជួយគាំទ្របន្ថែមទៀត។
គូសបញ្ជាក់ផងដែរថា ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត មកពីមន្ទីរពេទ្យ Pohang Stroke and Spine នៃសាធារណរដ្ឋកូរ៉េ និងមានការចូលរួមពីក្រុមគ្រូពេទ្យស្ម័គ្រចិត្តមកពីមន្ទីរសម្រាកព្យាបាល អេចប៊ីប៊ី ភ្នំពេញ, មន្ទីរសម្រាកព្យាបាល ណឺរ៉ូន និងក្រុមគ្រូពេទ្យនៅក្នុងមូលដ្ឋាន បានពិនិត្យ និងព្យាបាលជំងឺទូទៅ ជំងឺរោគស្ត្រី ជំងឺក្រពះ និងជំងឺពោះវៀន ជូនប្រជាពលរដ្ឋសរុប ចំនួន៦៥៦នាក់ ក្នុងនោះមានស្រ្តី៤៥១នាក់៕

















