ជនភៀសសឹកក្នុងខេត្តព្រះវិហារចំនួន ២,៦៦០គ្រួសារ បន្តទទួលបានម្ហូបផ្គត់ផ្គង់ពីក្រុមការងារសហព័ន្ធយុវជនបូជាការពារយុត្តិធម៌
08-10-2025 17:34
(ព្រះវិហារ)៖ ក្រុមការងារសហព័ន្ធយុវជនបូជាការពារយុត្តិធម៌ ដឹកនាំដោយអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បានបន្តរៀបចំផ្គត់ផ្គង់ម្ហូបជនភៀសសឹកចំនួន ២ពេល និង២គោលដៅក្នុងខេត្តព្រះវិហារ នៅថ្ងៃពុធ ទី០៨ ខែតុលា ឆ្នាំ២០២៥នេះ ដែលជម្លៀសពីតំបន់ជម្លោះព្រំដែនកម្ពុជា-ថៃ។
យោងតាមទំព័រហ្វេសប៊ុកផ្លូវការ យុវជនបូជាការពារយុត្តិធម៌ បានឲ្យដឹងថា មានជនភៀសសឹកសរុបចំនួន ២,៦៦០គ្រួសារ បន្តមកទទួលម្ហូមអាហារផ្គត់ផ្គង់ពីក្រុមការងារ សហព័ន្ធយុវជនបូជាការពារយុត្តិធម៌ ចំនួន ២គោលដៅ គឺទី១ ជំរំវត្តពោធិ៍ ៥០០០ដើម ស្រុកគូលែន ចំនួន ១,៨៨០គ្រួសារ ស្មើ ៦,៤៧០នាក់ និងទី២ ជំរំវត្តកំពង់សង្កែ ស្រុកឆែប ចំនួន ៧៨០គ្រួសារ ស្មើ ២,១១៣នាក់។
ការៀបចំចម្អិនម្ហូបអាហាររបស់ក្រុមការងារសហព័ន្ធ ធ្វើឡើងក្រោមកិច្ចសហការជាមួយលោកកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងលោក គីម រិទ្ធី អភិបាលខេត្តព្រះវិហារ។
សូមជម្រាបថា ចាប់តាំងពីផ្ទុះអាវុធតាមព្រំដែនកម្ពុជា-ថៃ នៅថ្ងៃទី២៤ ខែកក្កដា អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ប្រធានសហព័ន្ធបានដឹកនាំក្រុមយុវជនរាប់នាក់ ចុះសមរភូមិរៀបចំផ្គត់ផ្គង់ម្ហូបអាហារជូនដល់ប្រជាពលរដ្ឋភៀសសឹក នៅក្នុងខេត្តឧត្តរមានជ័យ និងខេត្តព្រះវិហារ ដែលកាលណោះមានពលរដ្ឋជិត ៧ម៉ឺននាក់ ១១គោលដៅ បានមកទទួលម្ហូបរៀបចំពីក្រុមការងារ សហព័ន្ធយុវជនបូជាការពារយុត្តិធម៌ចំនួន ២ពេលជារៀងរាល់ថ្ងៃ៕










