មានជនខិលខូចយកឈ្មោះ ក្រុមហ៊ុន Royal Group របស់អ្នកឧកញ៉ា គិត ម៉េង ទៅបង្កើតគណនី Telegram ក្លែងក្លាយ, សូមបងប្អូន និងសាធារណជនប្រុងប្រយ័ត្នខ្ពស់
08-10-2025 17:05
(ភ្នំពេញ)៖ មានជនអនាមិក បានយកឈ្មោះ ក្រុមហ៊ុន Royal Group របស់អ្នកឧកញ៉ា គិត ម៉េង ទៅបង្កើតគណនីតេឡេក្រាម ដោយដាក់ឈ្មោះថា «Royal Group» ក្នុងចេតនាទុច្ចរិត ដើម្បីប្រព្រឹត្តសកម្មភាពផ្ទុយនឹងច្បាប់ ដែលទង្វើបែបនេះ នាំឱ្យប៉ះពាល់ដល់កិត្តិយសរបស់ក្រុមហ៊ុនជាខ្លាំង។
ដើម្បីចៀសវាងការចាញ់បោកជនអនាមិកទាំងនោះ សូមបងប្អូន និងសាធារណជនប្រុងប្រយ័ត្នខ្ពស់ ហើយជនដែលបានបង្កើតគណនី តេឡេក្រាមឈ្មោះ Royal Group នេះ ត្រូវផ្អាកសកម្មភាពជាបន្ទាន់។
អ្នកឧកញ៉ា គិត ម៉េង ប្រធានក្រុមប្រឹក្សាភិបាល និងជាអគ្គនាយកក្រុមហ៊ុន Royal Group បានស្នើឱ្យអ្នកចូលរួមក្នុងគ្រុបតេឡេក្រាមនេះទាំងអស់ សូមចាកចេញជាបន្ទាន់ ព្រោះនេះជា គណនីតេឡេក្រាម ដែលគេក្លែងបន្លំជាក្រុមហ៊ុន Royal Group ដើម្បីការពារពីការក្លាយជាជនរងគ្រោះនៃការក្លែងបន្លំនេះ។
ការបង្កើតគណនីតេឡេក្រាមក្លែងបន្លំ ក្នុងចេតនាទុច្ចរិត ដើម្បីផលប្រយោជន៍បុគ្គល ឬក្រុមណាមួយធ្វើឱ្យប៉ះពាល់ដល់កិត្តិយសក្រុមហ៊ុន Royal Group នឹងត្រូវទទួលខុសត្រូវចំពោះមុខច្បាប់។
សូមបញ្ជាក់ថា ក្រុមហ៊ុន Royal Group មិនមានការបង្កើត ឆានែលតេឡេក្រាម ក្នុងសកម្មភាពទាំងនោះជាដាច់ខាត៕

