មន្ទីរសុខាភិបាលខេត្តបន្ទាយមានជ័យ ច្រាលចោលទាំងស្រុង ចំពោះការផ្សាយថា «ចុងភៅជនជាតិថៃ បានស្លាប់នៅកម្ពុជា ក្រោយពីមន្ទីរពេទ្យមិនព្យាបាល» ជាព័ត៌មានមិនពិត និងមានលក្ខណៈញុះញង់
08-10-2025 16:12
(បន្ទាយមានជ័យ)៖ មន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តបន្ទាយមានជ័យ សូមធ្វើការបដិសេធ និងច្រាលចោលទាំងស្រុង ចំពោះការចុះផ្សាយព័ត៌មានមិនពិត មានលក្ខណៈញុះញង់ ឱ្យមានការរើសអើង ប្រកាន់ពូជសាសន៍ និងប៉ះពាល់ដល់កិត្តិយស សេចក្តីថ្លៃថ្នូររបស់ក្រុមគ្រូពេទ្យ ដែលកំពុងបម្រើការនៅតាមមន្ទីរពេទ្យក្នុងខេត្តបន្ទាយមានជ័យ តាមរយៈការចុះផ្សាយ របស់គណនីហ្វេសបុកឈ្មោះ «Khaosod English» ដែលបានលើកឡើងថា «ចុងភៅជនជាតិថៃបានស្លាប់ ក្រោយពីមន្ទីរពេទ្យក្នុងស្រុកមិនព្រម ទទួលព្យាបាល»។
នៅក្នុងខ្លឹមសារគណនីហ្វេសបុកនេះ បានបញ្ជាក់ទៀតថា «បុរសជនជាតិថៃអាយុ ២៤ឆ្នាំម្នាក់ មកពីខេត្ត Nakhon Si Thammarat បានស្លាប់នៅតាមផ្លូវក្នុងប្រទេសកម្ពុជា កាលពីល្ងាច ថ្ងៃអង្គារ បន្ទាប់ពីមន្ទីរពេទ្យក្នុងស្រុក បដិសេដមិនព្យាបាលគាត់ ដោយសារគាត់គ្មានលុយ ឬឯកសារ បញ្ជាក់អត្តសញ្ញាណ» នេះបើយោងតាមហ្វេសបុក របស់មជ្ឈមណ្ឌលសម្រាប់ជំនួយជនជាតិថៃនៅក្រៅ ប្រទេស។
ចំពោះករណីនេះ មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្ត សូមធ្វើការបំភ្លឺ ជូនសាធារណៈជាតិ និងអន្តរជាតិ មេត្តាជ្រាបថា៖ កាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៥ វេលាម៉ោង ១៤៖១០នាទីរសៀល សមត្ថកិច្ច ជំនាញនៃការិយាល័យនគរបាលបច្ចេកទេស និងវិទ្យាសាស្ត្រ របស់អធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានអញ្ជើញគ្រូពេទ្យ មន្ទីរពេទ្យបង្អែកប៉ោយប៉ែត ចូលរួមធ្វើកោសល្យវិច័យ លើសាកសពបុរសម្នាក់ មិនស្គាល់អត្តសញ្ញាណ (គ្មានឯកសារអ្វីជាប់នឹងខ្លួនទេ) ដែលតម្កល់នៅវត្តប្រជាធម្ម ស្ថិតនៅភូមិប្រជាធម្មកើត សង្កាត់អូរឫស្សី ក្រុងប៉ោយប៉ែត។
តាមការបញ្ជាក់របស់សមត្ថកិច្ចជំនាញសពនេះ ត្រូវបានប្រជាជនប្រទះឃើញ និងរាយការណ៍ជូនសមត្ថកិច្ចជំនាញដើម្បីចុះពិនិត្យ និងស្រាវជ្រាវ ដល់ទីតាំង បានបញ្ជាក់ថា៖ សព នេះដេកស្លាប់ នៅមុខសំយ៉ាបអគារកម្ពស់ ៥ជាន់ ដែលទុកចោល មិនមានមនុស្សរស់នៅស្ថិតនៅភូមិ ក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ចំណែកភិនភាគសពខាងលើមាន ស្លៀកខោខ្លីពណ៌ខ្មៅឡាយក្រហម គ្មានពាក់អាវ ហើយក្រុមកោលសល្យវិច្ឆ័យ បានធ្វើការកំណត់មូលហេតុ ជាបឋម នៃការស្លាប់សង្ស័យ «ដោយសារជំងឺគាំងបេះដូង»៕
សូមអានខ្លឹមសារទាំងស្រុង នៅខាងក្រោមនេះ៖




