FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ទឹកជំនន់នៅខេត្តកំពង់ចាម ប៉ះពាល់ដល់ប្រជាពលរដ្ឋជាង៤,០០០គ្រួសារ, អភិបាលខេត្តកំពង់ចាម ជំរុញអាជ្ញាធរស្រុក ពន្លឿនរៀបចំឯកសារអំពីផលប៉ះពាល់ដោយសារគ្រោះទឹកជំនន់ ដើម្បីពិនិត្យលទ្ធភាពស្ដារឡើងវិញ

08-10-2025 12:23

(កំពង់ចាម)៖ អភិបាលខេត្តកំពង់ចាមលោក អ៊ុន ចាន់ដា បានជំរុញឲ្យមន្ត្រីជំនាញពាក់ព័ន្ធ និងអាជ្ញាធរស្រុក រៀបចំឯកសារអំពីផលប៉ះពាល់ នៃគ្រោះទឹកជំនន់ឲ្យបានឆាប់រហ័ស ដើម្បីពិនិត្យលទ្ធភាពធ្វើការស្ដារឡើងវិញ។

ការជំរុញរបស់អភិបាលខេត្តធ្វើឡើងនៅព្រឹកថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៥ នៅសាលាខេត្តកំពង់ចាម ក្នុងកិច្ចប្រជុំត្រួតពិនិត្យស្ថានភាពផលប៉ះពាល់ទឹកជំនន់ទន្លេមេគង្គ។

លោក គន់ សុភា អភិបាលរងខេត្តកំពង់ចាម បានឱ្យដឹងថា ផលប៉ះពាល់ នៃគ្រោះទឹកជំនន់ទន្លេមេគង្គ និងទឹកភ្លៀងនៅក្នុងភូមិសាស្ត្រខេត្តកំពង់ចាម ដោយគិតចាប់ពីថ្ងៃទី១ រហូតដល់ថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៥ មានចំនួន៨ស្រុក ក្នុងនោះមាន ស្រុកកំពង់សៀម ស្រុកស្ទឹងត្រង់ ស្រុកកោះសូទិន ស្រុកកងមាស ស្រុកស្រីសន្ធរ ស្រុកបាធាយ ស្រុកជើងព្រៃ និងស្រុកព្រៃឈរ ស្មើហ្នឹង ៤៧ឃុំ និង ១៤១ភូមិ។

ករណីទឹកជំនន់នោះ បានបណ្ដាលឱ្យរងផលប៉ះពាល់ដល់ប្រជាពលរដ្ឋ ជាង ៤,០០០គ្រួសារ នៅផ្ទះជាង ៣,០០០ខ្នង ក្នុងនោះប្រជាពលរដ្ឋដែលបានជម្លៀសមកទីទួលសុវត្ថិភាពចំនួន ៦២គ្រួសារ។ ជាមួយគ្នានេះ ចំពោះដំណាំស្រូវ រងផលប៉ះពាល់ជាង ៥,០០០ហិកតា ក្នុងនោះមានភាពប្រសើរឡើងវិញជាង ២០០ហិកតា រីឯដំណាំរួមផ្សំ បានរងផលប៉ះពាល់ជាង ៦០០ហិកតា។

គ្រោះធម្មជាតិនេះ បានធ្វើឲ្យបាក់ច្រើនទន្លេ ១៧លើក មានប្រវែងជាង ៥,០០០ម៉ែត្រ និងប៉ះពាល់ដល់ហេដ្ឋារចនាសម្ព័ន្ធ ផ្លូវថ្នល់កៅស៊ូ ផ្លូវបេតុង និងផ្លូវដី សរុបប្រវែង ១៣០,៩៩០ ម៉ែត្រផងដែរ។

បន្ទាប់ពីបានស្ដាប់ស្ថានភាព អំពីផលប៉ះពាល់ នៃគ្រោះទឹកជំនន់នេះ អភិបាលខេត្តកំពង់ចាម បានជំរុញឲ្យមន្ត្រីជំនាញ នៃមន្ទីរអង្គភាពពាក់ព័ន្ធ ក៏ដូចជាអភិបាលស្រុក ដែលរងផលប៉ះពាល់នៃទឹកជំនន់នោះ សូមរៀបចំឯកសារឲ្យបានច្បាស់លាស់ និងឆាប់រហ័ស ដើម្បីស្នើសុំទៅគណៈកម្មការគ្រប់គ្រងគ្រោះមហន្តរាយ ដើម្បីធ្វើការស្ដារឡើងវិញ៕