FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អភិបាលខេត្តកំពង់ចាម អំពាវនាវឲ្យប្រជាពលរដ្ឋជួយផ្សព្វផ្សាយ និងយកសត្វគោ ក្របី មកចាក់វ៉ាក់សាំង ដើម្បីការពារសុខភាពសត្វចៀសផុតពីជំងឺឆ្លងផ្សេងៗ

07-10-2025 14:38

(កំពង់ចាម)៖ នៅក្នុងយុទ្ធនាការចាក់វ៉ាក់សាំងសត្វពាហនៈ នៅភូមិកកោះ ឃុំសណ្តែក ស្រុកបាធាយ នៅថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៥ អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា បានអំពាវនាវឲ្យប្រជាពលរដ្ឋជួយផ្សព្វផ្សាយ និងយកសត្វគោ ក្របី មកចាក់វ៉ាក់សាំងឲ្យបានគ្រប់ៗគ្នា ដើម្បីការពារសុខភាពសត្វចៀសផុតពីជំងឺឆ្លងផ្សេងៗ។

អភិបាលខេត្តកំពង់ចាម បានថ្លែងថា យុទ្ធនាការចាក់វ៉ាក់សាំងដើម្បីការពារជំងឺឆ្លងផ្សេងៗដល់ សត្វគោ ក្របីនេះ សម្រាប់ខេត្តកំពង់ចាម គឺបានធ្វើឡើងជារៀងរាល់ឆ្នាំ ដោយសារតែខេត្តកំពង់ចាមយើង សំបូរប្រជាពលរដ្ឋ ប្រកបមុខរបរកសិកម្ម។ បើទោះជាសម័យកើតជំងឺកូវីដ១៩ ថ្វីត្បិតតែគ្មានការប្រមូលផ្ដុំ ក៏មន្ត្រីជំនាញបានបន្តធ្វើកិច្ចការនេះនៅតាមមូលដ្ឋាន ដោយចាក់វ៉ាក់សាំងសត្វ គោ ក្របី នៅតាមផ្ទះរបស់ប្រជាពលរដ្ឋតែម្តង ដើម្បីការពារសុខភាពសត្វជូនប្រជាកសិករយើង។

អភិបាលខេត្ត ក៏បានយកឱកាសនោះ ជំរុញប្រជាកសិករដែលបានអញ្ជើញចូលរួមក្នុងយុទ្ធនាការនេះ សូមជួយផ្សព្វផ្សាយបន្តដល់បងប្អូនកសិករយើងដែលមានចិញ្ចឹម សត្វ គោ ក្របី សូមយកមកចាក់វ៉ាក់សាំងឲ្យបានគ្រប់ៗគ្នា ដែលមានមន្ត្រីពេទ្យសត្វ និងមន្ត្រីពាក់ព័ន្ធ នៅចាំទទួលស្វាគមន៍ ចាក់វ៉ាក់សាំងឲ្យសត្វគោ ក្របី របស់ប្រជាពលរដ្ឋយើងដោយឥតគិតថ្លៃ។

លោក ស៊ីម ថាវរៈ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ចាម បានឲ្យដឹងថា សម្រាប់ឃុំសណ្ដែក ស្រុកបាធាយ មានគោចំនួន ១,៨៨៩ក្បាល និងក្របី ១,២៤៣ ក្បាល ហើយសត្វដែលនឹងត្រូវចាក់វ៉ាក់សាំងការពារ ជំងឺសារទឹកនាពេលនេះ មានចំនួន ២ភូមិគឺ ភូមិកកោះ និងភូមិស្វាយព្រៃ ដែលមានគោចំនួន ៦១៣ ក្បាល និងក្របីចំនួន ៩៩១ក្បាល៕