អនុប្រធានទី២ ព្រឹទ្ធសភា៖ កម្ពុជាគួរតែពង្រីកផ្ទៃដីដាំដុះកាហ្វេ ដើម្បីធានាតម្រូវក្នុងស្រុក និងនាំចេញ ខណៈបច្ចុប្បន្នមានតម្រូវការកាហ្វេ ១ម៉ឺនតោនក្នុងមួយឆ្នាំ
06-10-2025 15:50
(ភ្នំពេញ)៖ លោកបណ្ឌិត ធន់ វឌ្ឍនា អនុប្រធានទី២ ព្រឹទ្ធសភា បានជួបពិភាក្សា និងសម្របសម្រួលឱ្យសមាគមកាហ្វេកម្ពុជា (មានសមាជិកជា កសិករ ហាងកាហ្វេ គ្រឹស្ថានអប់រំ ដូចជា វិទ្យាស្ថានជាតិកសិកម្មព្រែកលៀប សាកលវិទ្យាល័យភូមិន្ទកសិកម្មចំការដូងជាដើម) គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ ក្រុមហ៊ុន នីលីដា និងអង្កការ CAPRED ធ្វើការជាមួយគ្នា ដើម្បីជំរុញការផលិតនិងការកែច្នៃកាហ្វេក្នុងស្រុកបន្ថែម សម្រាប់ផ្គត់ផ្គង់ទីផ្សារ។
លោកបណ្ឌិតបានលើកឡើងថា ទំហំនៃការនាំចូលកាហ្វេមកកម្ពុជា មានប្រមាណ ១០ ០០០តោន/ឆ្នាំ ដែលទំហំនេះ ត្រូវការផ្ទៃដីដាំដុះចំនួន៥ ០០០ហិកតា (ទិន្នផលប្រហែល២តោន/ហិកតា)។ ដូចនេះ កម្ពុជាគួរតែពង្រីកផ្ទៃដីដាំដុះកាហ្វេយ៉ាងហោចណាស់ពី៥ ០០០-១០ ០០០ហិកតា ដើម្បីធានាតម្រូវក្នុងស្រុក និងនាំចេញទៅក្រៅប្រទេស។
លោកបណ្ឌិត ក៏បានបញ្ជាក់ផងដែរថា ក្នុងបរិបទដែលកម្ពុជា មានជម្លោះព្រំដែនជាមួយប្រទេសថៃ បានផ្តល់ឱកាសដល់កម្ពុជា ក្នុងការពង្រឹងសមត្ថភាពផលិតរបស់ខ្លួន ព្រោះបញ្ហានេះ បានធ្វើឱ្យប្រជាជន មាននិន្នាការងាកមកគាំទ្រផលិតផល ក្នុងស្រុកយ៉ាងផុលផុស ហើយការកែច្នៃផលិតផលក្នុងស្រុកក៏កើនឡើងយ៉ាងគំហុក ដែលនេះជាចំណុចសំខាន់ សម្រាប់ការអភិវឌ្ឍប្រទេសប្រកបដោយចីរភាព។
លោកបណ្ឌិត ក៏បានទឹកចិត្តឱ្យគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ សហការគ្នា ក្នុងការផ្តល់ឥណទានក្នុងកម្រិតអត្រាការប្រាក់សមស្រប ដល់សហគ្រាសធនតូចនិងមធ្យម ក៏ដូចជា សមាជិកសមាគមកាហ្វេកម្ពុជា ដើម្បីជំរុញផលិតកម្មក្នុងស្រុក ជាពិសេសការទទួលបានឥណទានផ្លូវការសម្រាប់ប្រើជាទុន ក្នុងការបង្កើត ឬពង្រីកអាជីវកម្ម និងលើកទឹកចិត្ត ឱ្យមានការគាំទ្រផលិតផលខ្មែរបន្ថែមទៀតផងដែរ។
ទន្ទឹមនឹងនោះ លោកបណ្ឌិត បានផ្ដល់អនុសាសន៍ដល់ក្រុមហ៊ុននីលីដា ក្នុងផ្គត់ផ្គង់ជីកសិកម្ម ដែលមានគុណភាពនិងតម្លៃសមរម្យ ហើយលោកបណ្ឌិត ក៏លើកទឹកចិត្តឱ្យ CAPRED សិក្សាស្រាវជ្រាវជួយដល់សហគ្រាសធុនតូច និងមធ្យម លើឧស្សហកម្មកាហ្វេ និងកែច្នៃម្ហូបអាហារ ដូចជាការកែច្នៃទឹកខ្ទិះស្វាយចន្ទី (Cashew Milk) ដែលមានលទ្ធភាពពង្រីកបរិមាណច្រើនក្នុងរយៈខ្លី ជំនួសទឹកគោបាន។
នៅក្នុងឱកាសនោះ សមាគមកាហ្វេកម្ពុជា បានចុះអនុស្សរណៈយោគយល់គ្នា (MOU) ជាមួយគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ AMK និងក្រុមហ៊ុននីលីដា ផងដែរ៕













