FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ឆ្នាំ២០២៥ សិស្សសាលារៀនសុវណ្ណភូមិ ទទួលបាននិទ្ទេស A ច្រើនជាងឆ្នាំណាៗទាំងអស់ ហើយថែមទាំងមានលំដាប់ពិន្ទុខ្ពស់បំផុត

05-10-2025 10:43

(ភ្នំពេញ)៖ លោកឧកញ៉ា ជា ធីឡាយ ស្ថាបនិក និងជាអគ្គនាយកស្ថាប័នអប់រំ អ៉ិន ធី ស៊ី គ្រុប បានគូសបញ្ជាក់ថា ឆ្នាំ២០២៥នេះ សិស្សសាលារៀនសុវណ្ណភូមិទទួលបាននិទ្ទេស A ច្រើនជាងឆ្នាំណាៗទាំងអស់ ហើយថែមទាំងមានលំដាប់ពិន្ទុខ្ពស់បំផុតទៀតផង នៅក្នុងការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ២៨ សីហា ២០២៥ តួយ៉ាង ឃុន ដាលីណា ជាយុវសិស្សសាលារៀនសុវណ្ណភូមិទីតាំងប៉ោយប៉ែត២ និទ្ទេស A លំដាប់ពិន្ទុ ១០០ និងយុវសិស្ស លឹម ហេងឡុង និទ្ទេស A ថ្នាក់វិទ្យាសាស្ត្រសង្គម មកពីសាលារៀនសុវណ្ណភូមិទីតាំងច្បារអំពៅមានលំដាប់ពិន្ទុខ្ពស់បំផុត ៩៩.៨៧៥ជាដើម ដែលការណ៍នេះបានបង្ហាញថា សាលារៀនសុវណ្ណភូមិកំពុងតែបោះជំហានទៅមុខដោយឥតឈប់ឈរក្នុងការផ្តល់គុណភាពនៃការសិក្សាអប់រំទៅដល់សិស្សចាប់តាំងពីថ្នាក់មត្តេយ្យរហូតដល់ថ្នាក់ទី១២។

ការគូសបញ្ជាក់របស់លោកឧកញ៉ា ជា ធីឡាយ ដូចនេះធ្វើឡើងក្នុងពិធីប្រគល់បណ្ណសរសើរ និងប្រគល់រង្វាន់ជូនសិស្សនិទ្ទេស A នៃសាលារៀនសុវណ្ណភូមិ កាលពីចុងសប្តាហ៍កន្លងទៅ នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា។

លោកឧកញ៉ា ជា ធីឡាយ បានថ្លែងថា នេះគឺជាមោទនភាពមួយបន្ថែមទៀតដែលសាលារៀនសុ វណ្ណភូមិសម្រេចបាននូវការបំបែកឯតទគ្គកម្មនៃសិស្សប្រឡងជាប់និទ្ទេស A មានការកើនឡើងជាប់ៗគ្នា ក្នុងរយៈពេល៥ឆ្នាំចុក្រោយនេះ ហើយនេះគឺជាឆ្នាំនៃភាពជោគជ័យដ៏ធំបំផុតរបស់សាលារៀនសុវណ្ណភូមិ។

លោកឧកញ៉ា ជា ធីឡាយ បានលើកឡើងថា ចំពោះសមិទ្ធផលដែលសម្រេចបានដូចខាងលើនេះគឺ អាស្រ័យដោយការខិតខំប្រកបដោយចក្ខុវិស័យរបស់ថ្នាក់ដឹកនាំរបស់សាលារៀនសុវណ្ណភូមិ ដែលបាន តាំងចិត្តយ៉ាងមុតមាំក្នុងការធ្វើកិច្ចការដើម្បីភាពជោគជ័យអស់រយៈពេលជាយូរឆ្នាំមកហើយ ពោលគឺជិត ១០ឆ្នាំមកហើយបន្ទាប់ពីក្រសួងអប់រំ យុវជន និងកីឡាបានដាក់កម្មវិធីប្រឡងជ្រើសរើសសិស្សនិទ្ទេស A នេះមហិច្ឆិតារបស់សាលារៀនសុវណ្ណភូមិគឺចង់ឱ្យសិស្សរបស់ខ្លួនជាប់និទ្ទេស A បានច្រើនបំផុតតាម ដែលអាចធ្វើទៅបាន រួមទាំងការប្រឡងជាប់របស់សិស្សទោះបីជានិទ្ទេសអ្វីក៏ដោយចុះ ហើយថាជាទិសដៅសម្រាប់ពេលអនាគតសាលារៀនសុវណ្ណភូមិ មានការងារជាច្រើនទៀតដែលត្រូវធ្វើបើទោះបីជាយើង កំពុងតែជោគជ័យក៏ដោយក៏ថ្នាក់ដឹកនាំសាលាមិនបញ្ឈប់ត្រឹមប៉ុណ្ណេះទេ គឺត្រូវបន្តបេសកកម្មរបស់ខ្លួនបន្ថែមទៀតមានដូចជាការរៀបចំសិស្សដែលរៀនពូកែចាប់ពីថ្នាក់ទី៩ ដល់ថ្នាក់ទី១២ ឱ្យប្រឡងប្រជែងនៅគ្រប់មុខវិជ្ជាទាំងអស់ ហើយនឹងមានកម្មវិធីតេស្តសាកល្បង កម្មវិធីបង្រៀនបំប៉ន រួមនឹងការបង្កើតជាក្លិបសិក្សាដើម្បីជួយជំរុញបន្ថែមសម្រាប់សិស្សដែលរៀនពូកែហើយនោះឱ្យកាន់តែច្បាស់ថា នៅពេលដែលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិទៅពិតជាជាប់ ១០០%។

យុវសិស្ស ឃុន ដាលីណា តំណាងសិស្សនិទ្ទេស A លំដាប់ពិន្ទុ ១០០.០០០ សាលារៀនសុវណ្ណភូមិ ឆ្នាំសិក្សា ២០២៤-២០២៥ បានចែករំលែកនូវគន្លឹះក្នុងការទទួលបាននិទ្ទេស A ថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២៥ថា «ក្នុងជីវិតជាសិស្សវិទ្យាល័យ លទ្ធផលមួយនេះ ពិតណាស់ជាក្តីស្រមៃរបស់អ្នកសិក្សា និងបញ្ញវ័ន្តគ្រប់រូប ហើយនាងខ្ញុំអាចនិយាយ បានថាអព្ភូតហេតុមួយនេះ មិនមែនកើតឡើងដោយសារតែសំណាង ឬក្នុងរយៈពេលតែមួយយប់នោះទេ»។

យុវសិស្ស ឃុន ដាលីណា បានបញ្ជាក់ថា «ផ្ទុយទៅវិញ វាកើតចេញមកពីពាក្យតែមួយគត់ គឺ «ឆន្ទៈ»។​ ប្រសិនបើសួរខ្ញុំថា «ឆន្ទៈ» មួយនេះអាចកើតឡើងទៅរួចដោយសារតែអ្វីនោះ? មុននឹងអាចទទួលបានលទ្ធផលដ៏គាប់ប្រសើរនេះ វាមិនមែនជាដំណើរមួយដែល ងាយស្រួលក្នុងការដើរនោះទេ ព្រោះថាខ្ញុំបានឆ្លងកាត់និងភ្លក់នូវរសជាតិជាច្រើន មានទាំងភាព ជោគជ័យ ភាពបរាជ័យ ការបាក់ទឹកចិត្តជាច្រើនលើកច្រើនសា រហូតទាល់តែពេលខ្លះ ខ្ញុំចង់តែ បោះបង់ចោលម្តងម្កាល ឯពេលខ្លះទៀត ក៏មានជាការសម្ងំដេកនៅផ្ទះអត់ទៅរៀនមួយអាទិត្យពេញក៏មាន»

យុវសិស្ស ឃុន ដាលីណា បានបន្ថែមថា ប៉ុន្តែ ដោយក្តីភ្ញាក់រឭកគិតថា ពេលនោះហើយ ជាពេលដែលត្រូវធ្វើឱ្យខ្លួនឯងរឹងមាំ ឡើងវិញ ហើយប្រកាន់នូវគោលជំហរក្នុងការតស៊ូព្យាយាមសិក្សារៀនសូត្រ ដើម្បីអនាគតខ្លួនឯង និងជាការតបស្នងទៅនឹងកម្លាំងញើសឈាមរបស់អ្នកមានគុណទាំងពីរ គឺ ប៉ានិងម៉ាក់។ យើងគួរតែ ចងចាំថា «ដរាបណាយើងមានការតស៊ូ ក្តីសង្ឃឹមក៏នៅតែមានដូចគ្នា ថាមិនត្រូវ រឿងដែលយើងគិតថា មិនអាចទៅរួច អាចទៅរួចវិញក៏ថាបាន។

ក្នុងឱកាសនេះ លោកឧកញ៉ា ជា ធីឡាយ ស្ថាបនិក និងជាអគ្គនាយកស្ថាប័នអប់រំ អ៉ិន ធី ស៊ី គ្រុប និងលោកស្រីបានឧបត្ថម្ភដល់សិស្សនិទ្ទេស A នៃសាលារៀនសុវណ្ណភូមិ ចំនួន ១៣៧នាក់ ក្នុងម្នាក់ៗថវិកាចំនួន ៣លាន ២សែនរៀល និងបានអះអាងថា ពួកគេទាំង ១៣៧នាក់នេះ នឹងទទួលបានអាហារូករណ៍ ១០០% ពីគ្រឹះស្ថានសិក្សារដ្ឋ និងឯកជនទាំងក្នុង និងក្រៅប្រទេសជាពិសេសគ្រឹះស្ថានសិក្សា ដែលជាដៃគូសហការរបស់ស្ថាប័នអប់រំ អ៉ិន ធី ស៊ី គ្រុប៕