ព្រះវិន័យធរគណខេត្តកំពង់ស្ពឺស្តីទី ជូនទេយ្យវត្ថុ និងថវិកាដល់មន្ត្រីធម្មការ និងសាសនាខេត្តកំពង់ស្ពឺ ចំនួន៣០រូប
04-10-2025 16:00
(កំពង់ស្ពឺ)៖ ព្រះរតនសោភ័ណ ម៉ន បឿន ព្រះវិន័យធរគណខេត្តកំពង់ស្ពឺស្តីទី និងជាព្រះសង្ឃាធិបតីវត្តចំបក់ នៅព្រឹកថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២៥ បានជូនទេយ្យវត្ថុ និងថវិកាដល់មន្ត្រីធម្មការ និងសាសនាចំនួន៣០រូប នៃខេត្តកំពង់ស្ពឺ។
ការជូនទេយ្យវត្ថុពីសំណាក់ព្រះវិន័យធរគណខេត្តកំពង់ស្ពឺស្តីទី ធ្វើឡើងដើម្បីជាការដឹងគុណ និងលើកទឹកចិត្តចំពោះក្រុមការងារដែលបានជួយជ្រោមជ្រែងដល់វិស័យព្រះពុទ្ធសាសនានាពេលកន្លងមក។
ព្រះរតនសោភ័ណ ម៉ន បឿន មានសង្ឃដីការថា វិស័យព្រះពុទ្ធសាសនា បានចូលរួមចំណែក និងដើរតួនាទីយ៉ាងសំខាន់ ជាមួយរាជរដ្ឋាភិបាល ក្នុងការអប់រំដល់ប្រជាពលរដ្ឋជាពុទ្ធបរិស័ទ មានការយល់ដឹងនូវអំពើល្អ និងអំពើអាក្រក់ យល់ដឹងខុសហើយនឹងត្រូវបញ្ចៀសបាននូវការប្រព្រឹត្តនូវអំពើអបាយមុខផ្សេងៗនៅក្នុងសង្គម ចូលរួមការអភិវឌ្ឍជាតិឱ្យមានការរីកចម្រើន។
ព្រះរតនសោភ័ណ ម៉ន បឿន បន្តមានសង្ឃដីការថា ស្ថានភាពសន្តិសុខសង្គម និងជីវភាពរបស់ប្រជាពលរដ្ឋខេត្តកំពង់ស្ពឺ និងព្រះសង្ឃនាពេលបច្ចុប្បន្ន មានលក្ខណៈល្អប្រសើរ ក្នុងនោះ វិស័យព្រះពុទ្ធសាសនា ក៏មានការវិវត្តន៍រីកចម្រើន ស្របទៅនឹងវិស័យអាណាចក្រផងដែរ។ ព្រះវិហារ សាលាធម្មសភា កុដិ សាលាពុទ្ធិកៈសិក្សា សាលាឆាន់ ស្រះទឹក ក្លោងទ្វារ និងរបង គ្រប់ទីអារាមវត្ត ត្រូវបានកសាង និងជួសជុលកែលម្អជាបន្តបន្ទាប់ ទាំងនេះដោយទឹកចិត្តសទ្ធាជ្រះថ្លា ពីថ្នាក់ដឹកនាំរាជរដ្ឋាភិបាល ប្រជាពលរដ្ឋ និងសប្បុរសជន ទាំងក្នុង និងក្រៅប្រទេស។
ព្រះអង្គបានអំពាវនាវដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងប្រជាពលរដ្ឋទូទាំងប្រទេស សូមចូលរួមថែរក្សាសន្តិភាពទាំងអស់គ្នា និងដឹងគុណសន្តិភាព ពីព្រោះសន្តិភាពមានតម្លៃមិនអាចកាត់ថ្លៃបានសម្រាប់មនុស្សជាតិលើពិភពលោក និងបន្តចូលរួមការកសាងអភិវឌ្ឍន៍ជាតិ ក្រោមការដឹកនាំដោយសម្តេចធិបតី ហ៊ុនម៉ាណែត ជានាយករដ្ឋមន្ត្រី៕
























