FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ធនាគារជាតិនៃកម្ពុជា បើកសម្ពោធពិព័រណ៍មិនអចិន្រ្ដៃយ៍នៃសារមន្ទីរ ស.ស.រ ក្រោមប្រធានបទ «ការលេចត្រដែកឡើងវិញ​ ការបាត់បង់ និងការរកឃើញឡើងវិញ នូវគំនូរក្នុងព្រះវិហារព្រះកែវមរកត»

04-10-2025 15:43

(ភ្នំពេញ)៖ ធនាគារជាតិនៃកម្ពុជា នៅព្រឹកថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៥នេះ បានររៀបចំពិធីអបអរសារទរ ពិធីសម្ពោធពិព័រណ៍មិនអចិន្រ្ដៃយ៍ នៃសារមន្ទីរសេដ្ឋកិច្ច និងរូបិយវត្ថុ ព្រះស្រីឦសានវរ្ម័ន (ស.ស.រ) ក្រោមប្រធានបទ «ការលេចត្រដែកឡើងវិញ​ ការបាត់បង់ និងការរកឃើញឡើងវិញ នូវគំនូរក្នុងព្រះវិហារព្រះកែវមរកត»។

ដោយពិព័រណ៍នេះនាំមកជូនសាធារណជននូវប្រវត្តិសាស្រ្ដដ៏អស្ចារ្យ នៃគំនូរល្អរតាមជញ្ជាំង ក្នុងព្រះវិហារព្រះកែវមរកត ដែលធ្លាប់ត្រូវបានគេគិតថា បាត់បង់ជារៀងរហូតទៅហើយ ក្នុងសម័យសោធនាកម្មប្រវត្តិសាស្រ្ដកម្ពុជា តែថ្មីៗនេះស្រាប់តែបានលេចឡើងវិញយ៉ាងអស្ចារ្យ ក្នុងទម្រង់ជាហ្វីលកញ្ចក់ពិសេស។

ការអបអរសារទរពិធីសម្ពោធពិព័រណ៍មិនអចិន្រ្ដៃយ៍នៃសារមន្ទីរ ស.ស.រ របស់ធនាគារជាតិនៃកម្ពុជានេះ រៀបចំឡើងក្រោមការចូលរួមពីលោកស្រីបណ្ឌិត ជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា រួមទាំងភ្ញៀវជាតិ និងអន្ដរជាតិជាច្រើនរូប។

លោកស្រីបណ្ឌិត ជា សិរី បានថ្លែងឲ្យដឹងថា​ សារមន្ទីរ ស.ស.រ មិនត្រឹមតែជាឃ្លាំង ចំណេះដឹង ប្រវត្តិសាស្រ្ដ សេដ្ឋកិច្ចកិច្ច រូបិយវត្ថុប៉ុណ្ណោះ ប៉ុន្ដែការបើកបរិវេណខាងក្រោយ របស់សារមន្ទីរជូនសាធារណជនប្រើប្រាស់ ធ្វើឲ្យសារមន្ទីរនេះក្លាយជាទីកន្លែងមួយសម្រាប់ចែករំលែកពីប្រវត្តិសាស្រ្ដ វប្បធម៌ សេដ្ឋកិច្ច និងសកម្មភាពជាច្រើនទៀត តាមរយៈពិព័រណ៍ សិក្ខាសាលា និងប្រព្រឹត្តិការណ៍ជាច្រើន ដែលបានរៀបចំជាហូរហែរក្នុងទីតាំងសួនច្បារ និងសារតាំងពិព័រណ៍មិនអចិន្រ្ដៃយ៍នេះ។

លោកស្រីបណ្ឌិតបានបញ្ជាក់ថា «ខណៈពេលដែលពិព័រណ៍មួយចំនួន បានរៀបចំឡើងដោយដៃគូខាងក្រៅ ឬក្រោមកិច្ចសហការជាមួយសារមន្ទីរ ស.ស.រ ពិព័រណ៍ដែលសម្ពោធនាពេលនេះ គឺជាពិព័រណ៍ទី៣ហើយ ដែលបានរៀបចំឡើងទាំងស្រុងដោយសារមន្ទីរ ស.ស.រ បន្ទាប់ពីសារមន្ទីរ ស.ស.រ បានរៀបចំតាំងពិព័រណ៍បង្ហាញដោយជោគជ័យ ក្នុងពិព័រណ៍ទី១ ក្រោមប្រធានបទ ព្រះរាជទស្សនកិច្ចទៅកាន់ប្រទេសបារាំង របស់ព្រះបាទស៊ីសុវត្ថិ គ្រាដំបូងនៃការស្វែងយល់ចិត្តគ្នារវាងខ្មែរ និងបារាំង ដែលរៀបចំនៅឆ្នាំ២០២២ និងពិព័រណ៍ទី២ ដែលរៀបចំក្រោមប្រធានបទ ព័ណ៌ពីអតីតកាលទិដ្ឋភាពនៃប្រទេសកម្ពុជា ក្នុងគំនូរតាមវត្តអារាម ក្នុងឆ្នាំ២០២៤»។​

លោកស្រីបណ្ឌិត ជា សិរី បានបញ្ជាក់ថា ក្នុងន័យនេះសារមន្ទីរ ស.ស.រ ជាទីតាំងអប់រំ, ផ្ដល់ចំណេះដឹង ពិសេសដល់យុវជនខ្មែរ ដើម្បីអាចឲ្យពួកគេ ទទួលបាននូវចំណេះដឹងដោយស្រប់តាមទស្សនៈ និងចក្ខុវិស័យវែងឆ្ងាយ របស់បណ្ឌិត ជា ចាន់តូ ទេសាភិបាលកិត្តិយសនៃធនាគារជាតិនៃកម្ពុជាថា ការយល់ដឹងច្បាស់ពីប្រវត្តិសារស្រ្ដ និងធ្វើឲ្យយុវជនជំនាន់ក្រោយ ស្គាល់ពីអត្តសញ្ញាណរបស់ខ្លួនឯង ទីតាំង និងទិសដៅទៅអនាគត់។

លោកស្រីបណ្ឌិតបានបន្ថែមថា «ចំពោះពិព័រណ៍ថ្មីក្រោមប្រធានបទ ការលេចត្រដែកឡើងវិញ នឹងនាំមកជូនសាធារណជននូវប្រវត្តិសាស្រ្ដដ៏អស្ចារ្យ នៃគំនូរលម្អរតាមជញ្ជាំង ក្នុងព្រះវិហារព្រះកែវមរកត។ គំនូរទាំងនេះធ្លាប់ត្រូវបានគេគិតថា បាត់បង់ជារៀងរហូតទៅហើយ ក្នុងសម័យសោធនាកម្មប្រវត្តិសាស្រ្ដកម្ពុជា ដែលថ្មីៗនេះស្រាប់តែបានលេចឡើងវិញយ៉ាងអស្ចារ្យ ក្នុងទម្រង់ជាហ្វីលកញ្ចក់ពិសេស ដែលព្រះអង្គម្ចាស់ក្សត្រី នរោត្តម ម៉ារី បា​នរក្សាទុកយ៉ាងល្អ និងបានផ្ទៀងផ្ទាត់យ៉ាងម៉តចត់ដោយសារស្រ្ដាចារ្យ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាសមាជិកនៃសាលាបារាំងចុងបូព៌ា ដោយទទួលបានការអនុញ្ញាតពី ព្រះអង្គម្ចាស់ក្សត្រី នរោត្តម ម៉ារី លោកសាស្រ្ដាចារ្យឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាសមាជិកនៃសាលាបារាំងចុងបូព៌ា បានទាក់ទងមកសារមន្ទីរ ស.ស.រ ក្នុងគោលបំណងចង់បង្ហាញរូបគំនូរដល់ពិសេសទាំងនេះ ជូនសាធារណៈជនទស្សនា និងរំលឹកឡើងវិញពីប្រវត្តសាស្រ្ដនៃព្រះវិហារព្រះកែវមរកត ដែលផ្សារភ្ជាប់យ៉ាងជិតស្និតជាមួយនឹងរបររាជជានិយមរបស់កម្ពុជា»។

លោកស្រីបណ្ឌិត ជា សិរី បានបន្ដថា «ខ្ញុំព្រះករុណា នាងខ្ញុំសូមឆ្លៀតឱកាសនេះ ដើម្បីថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះព្រះអង្គម្ចាស់ក្សត្រី នរោត្តម ម៉ារី ដោយបានផ្ដល់ព្រះអនុញ្ញាត ដោយព្រះទ័យសប្បុរសដោយថ្លៃថ្លា ជូនសារមន្ទីរ ស.ស.រ ផលិត និងប្រើប្រាស់ឡើងវិញនូវរូបភាព ក្នុងហ្វីលកញ្ចក់ដែលព្រះអង្គម្ចាស់ក្សត្រី នរោត្តម ម៉ារី បានរក្សាទុក ទើបយើងខ្ញុំអាចយករូបទាំងនេះមកប្រើប្រាស់ និងផ្ដិតដាក់តាំង បង្ហាញជូនសាធារណជនទស្សនាបាន»។

លោក ប្លែស គីលីយ៉ង់ សហប្រធានសារមន្ទីរ​សេដ្ឋកិច្ច និង​រូបិយ​វត្ថុព្រះស្រីឦសានវរ្ម័ន បានថ្លែងឲ្យដឹងថា នេះជាពិព័រណ៍លើកទី៣ហើយ ដែលបានរៀបចំឡើងដោយសារមន្ទីរ ស.ស.រ បន្ទាប់ពីបើកដំណើរការក្នុងឆ្នាំ២០១៩កន្លងមក។ ពិព័រណ៍មិនអចិន្រ្ដៃយ៍នៃសារមន្ទីរ ស.ស.រ ក្រោមប្រធានបទ ការលេចត្រដែកឡើងវិញ​ការបាត់បង់ និងការរកឃើញឡើងវិញ នូវគំនូរក្នុងព្រះវិហារព្រះកែវមរកត មានគោលបំណងបង្ហាញនូវរូបគំនូរកម្រងមិនធ្លាប់បានឃើញ ដោយរូបគំនូរនេះធ្លាប់តាំងលម្អរ ក្នុងជញ្ជាំងព្រះវិហារព្រះកែវមរកត។

លោកបានបន្ដថា រូបគំនូរទាំងនេះបានបាត់បង់ក្នុងឆ្នាំ១៩៦២ ក្នុងអំឡុងពេលជួសជុលព្រះវិហារព្រះកែវមរកតឡើងវិញ ការជួសជុលពេលនោះជារឿងចាំបាច់ ដោយសារភាពទ្រុដទ្រោមនៃរចនាសម្ព័ន្ធនៃព្រះវិហារ ក្នុងនោះគេធ្លាប់គិតថា រូបគំនូរទាំងអស់នេះបានបាត់បង់ជារៀងរហូតទៅហើយ បន្ទាប់ពីច្បាប់ចម្លងដែលធ្វើឡើងយ៉ាងប្រុងប្រយ័ត្នទុកជាគម្រូគូឡើង​វិញ បានបាត់បង់ក្នុងអំឡុងពេលមានសង្គ្រាមជាច្រើនទស្សវត្សន៍ចាប់ពីឆ្នាំ១៩៧០ ប៉ុន្ដែរូបភាពនៃគំនូរទាំងនេះបានលេចឡើងវិញ នៅលោកសាស្រា្ដចារ្យឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាសមាជិកនៃសាលាបារាំងចុងបូព៌ា បានឃើញរូបនេះដោយចៃដន្យ បន្ទាប់ពីលោកទទួលបានឱកាសឲ្យពិនិត្រមើលរូបថត ក្នុងហ្វីលកញ្ចក់ពិសេស និងព្រះអង្គម្ចាស់ក្សត្រី នរោត្តម ម៉ារី បានរក្សារទុក៕