ក្រសួងការងារ៖ បញ្ហាកូដកម្មរបស់កម្មករនៅរោងចក្រ តារាល អ៊ិនធើណេសិនណល ក្នុងស្រុកគងពិសី ខេត្តកំពង់ស្ពឺ ត្រូវបានដោះស្រាយ និងឯកភាពគ្នាចំនួន១៦ចំណុច
04-10-2025 15:29
(ភ្នំពេញ)៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានសេចក្តីប្រកាសព័ត៌មានបង្ហាញលទ្ធផល នៃការដោះស្រាយករណីកម្មករនិយោជិត នៃក្រុមហ៊ុន តារាល អ៊ិនធើណេសិនណល ឯ.ក ធ្វើការប្រមូលផ្តុំតវ៉ារហូតឈានដល់ ការបិទផ្លូវសាធារណៈ (ផ្លូវជាតិលេខ៣) នៅស្រុកគងពិសី ខេត្តកំពង់ស្ពឺ។
នៅក្នុងសេចក្តីជូនដំណឹងរបស់ក្រសួងការងារ ដែលបបណ្តាញព័ត៍មាន Fresh News ទទួលបាននៅថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៥ បានបញ្ជាក់ឱ្យដឹងថា កាលពីព្រឹកថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៥ កម្មករនិយោជិតនៃ ក្រុមហ៊ុន តារាល អ៉ិនធើណេសិនណល ឯ.ក ដែលមានអាសយដ្ឋាននៅ ផ្លូវជាតិលេខ៣ ភូមិព្រៃតាមួច និងភូមិត្រពាំងមាន ឃុំស្នំក្រពើ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ បាននាំគ្នាផ្អាកការងារ និងប្រមូលផ្តុំធ្វើការតវ៉ា រហូតឈានដល់ការបិទផ្លូវជាតិលេខ៣ ដោយទាមទារឱ្យក្រុមហ៊ុនរក្សាប្រាក់ឈ្នួលអំឡុងពេលធ្វើកូដកម្ម និងលក្ខខណ្ឌ ការងារផ្សេងៗទៀតចំនួន ១៨ចំណុច។
ក្រោយពីទទួលបានព័ត៌មាននេះថ្នាក់ដឹកនាំក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សហការជាមួយអាជ្ញាធរមូលដ្ឋាន បានចុះដល់ទីតាំងក្រុមហ៊ុនភ្លាម ដើម្បីសម្របសម្រួល និងស្វែងរកដំណោះស្រាយ។ ជាលទ្ធផលភាគីទាំងពីរ គឺតំណាងបងប្អូនកម្មករនិយោជិត ដែលបានរើសដោយបងប្អូនផ្ទាល់ និងតំណាងនិយោជកបាន ទទួលយកដំណោះស្រាយដោយឯកភាពសះជានឹងគ្នា រហូតដល់ទៅ ១៦ចំណុច។
ក្រសួងក៏សូមអំពាវនាវដល់បងប្អូនកម្មករនិយោជិតទាំងអស់ ទទួលយកនូវដំណោះស្រាយដែលក្រុមហ៊ុនបានយល់ព្រម និងត្រូវសហការអនុវត្តតាមបទប្បញ្ញត្តិច្បាប់ និងចៀសវាងធ្វើសកម្មភាពប៉ះពាល់ដល់សណ្តាប់ធ្នាប់ សាធារណៈ សកម្មភាពផលិតកម្មរបស់ក្រុមហ៊ុន និងផលប្រយោជន៍រួមរបស់កម្មករនិយោជិតភាគច្រើនផ្សេងទៀត ដែលបាននិងកំពុងខិតខំធ្វើការនៅក្នុងរោងចក្រ៕


















