FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

នាយប៉ុស្ដិ៍ឃុំពោធិអង្ក្រង ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ រាលកៃកាំភ្លើងត្រូវយុវជនម្នាក់បាត់បង់ជីវិត ដែលជិះគេចពីការត្រួតពិនិត្យរបស់សមត្ថកិច្ចនៅពេលយប់

04-10-2025 12:27

(កំពង់ស្ពឺ)៖ នាយប៉ុស្ដិ៍នគរបាលរដ្ឋបាលឃុំពោធិអង្ក្រង ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ បានរាលកៃអាវុធវែងត្រូវយុវជនម្នាក់ចំដើមទ្រូង បណ្ដាលឲ្យបាត់បង់ជីវិត គ្រាដែលជនរងគ្រោះជិះគេចពីការត្រួតពិនិត្យរបស់សមត្ថកិច្ចនៅយប់ថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៥។

របាយការណ៍របស់អធិការដ្ឋាននគរបាលស្រុកបសេដ្ឋ បានឲ្យដឹងថា មុនពេលកើតហេតុលោកអនុសេនីយ៍ឯក ទ្រី បូរិន នាយប៉ុស្តិ៍នគរបាលរដ្ឋបាលពោធិអង្គ្រង បានដឹកនាំកម្លាំងក្រោមឱវាទចំនួន៥នាក់ ចុះល្បាតក្នុងភូមិសាស្ត្រងាយរងគ្រោះ ដល់ចំណុចលើផ្លូវបេតុងកើតហេតុខាងលើ បានប្រទះឃើញមុខសញ្ញាក្មេងគួរឲ្យសង្ស័យមានគ្នា២នាក់ ជិះម៉ូតូ១គ្រឿង ម៉ាក HONDA Dream ពណ៌ខ្មៅ ស៊េរីឆ្នាំ២០២៥ ពាក់ស្លាកលេខ កំពង់ស្ពឺ1Z-2338 សមត្ថកិច្ចក៏បានធ្វើការហៅឃាត់ដើម្បីឆែកឆេរសួនាំ។

ប៉ុន្តែក្រុមក្មេងទាំងនោះមិនព្រមឈប់ក៏បានជិះម៉ូតូបកក្រោយគេចពីសមត្ថកិច្ច រួចក៏បានប៉ះដៃជាមួយលោកមេប៉ុស្តិ៍ ទ្រី បូរិន ធ្វើឲ្យរាកៃកាំភ្លើង ផ្ទុះអាវុធចំនួន១គ្រាប់ (អាវុធAK47) ត្រូវចំទ្រូងជនរងគ្រោះឈ្មោះ ផា រ៉ាយុ ភេទប្រុស អាយុ១៧ឆ្នាំ រស់នៅ ភូមិព្រៃស្រួល ឃុំពោធិអង្គ្រង ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ (អ្នកបើកបរម៉ូតូ) បណ្ដាលឲ្យស្លាប់ក្បែរកន្លែងកើតហេតុ។

ក្រោយកើតហេតុលោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលពោធិអង្គ្រង ទ្រី បូរិន បានរាយការណ៍ជូនប្រធានអង្គភាព និងយកអាវុធដែលបានធ្វើសកម្មភាពមកប្រគល់ជូន អង្គភាពអធិការដ្ឋាននគរបាលស្រុកបសេដ្ឋ និងប្រគល់ខ្លួនជូនកម្លាំងផ្នែកជំនាញនគរបាលព្រហ្មទណ្ឌ នៃអធិការដ្ឋាននគរបាលស្រុក ដើម្បីចាត់ការតាមនីតិវីធីបន្ត។

តាមចម្លើយសារភាពរបស់លោកនាយប៉ុស្តិ៍ ទ្ធី បូរិន បានសារភាពថា ខ្លួនពិតជាបានផ្ទុះ អាវុធពិតប្រាកដមែន ដោយគ្មានចេតនានោះទេ គឺគ្រាន់តែលើកអាវុធដើម្បីគំរាមឲ្យក្រុមក្មេងឈប់ប៉ុណ្ណោះ ជាអកុសលក្មេងជិះម៉ូតូបុកដៃ ក៏រាកៃកាំភ្លើងបណ្តាលឲ្យផ្ទុះចំជនរងគ្រោះស្លាប់តែម្ដង៕