FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

Fresh Exclusive: MOU 2000-2001: តើពិតជាអាវុធផ្លូវច្បាប់ ដែលថៃដេកភ័យខ្លាចទាំងយប់ទាំងថ្ងៃមែនដែរឬទេ? (Video inside)

02-10-2025 17:34

(ភ្នំពេញ)៖ ថៃជាប្រទេសមួយ ដែលតែងអួតអាងថាជាប្រទេសស៊ីវិល័យ ប៉ុន្តែប្រទេសដែលប្រើប្រាស់ឈ្មោះស៊ីវិល័យបិទបាំងមុខនេះ មិនហ៊ានប្រឈមមុខតាមផ្លូវច្បាប់អន្តរជាតិជាមួយកម្ពុជាឡើយ។ ថ្មីៗនេះ ដោយសារតែខ្លាចអនុស្សរណៈ MOU ២០០០ និង ២០០១ ត្រូវបានប្រើប្រាស់ជាអាវុធផ្លូវច្បាប់តាមរយៈតុលាការអន្តរជាតិ។ នាយករដ្ឋមន្ត្រីថៃ បានស្នើរកការធ្វើប្រជាមតិពីប្រជាពលរដ្ឋរបស់ខ្លួន ដើម្បីលុបចោល MOU ទាំងពីរនេះចេញ។
Fresh Exclusive មានអត្ថបទស៊ីជម្រៅជុំវិញបញ្ហានេះ៖

ក្នុងពេលដែលថៃ មានបទពិសោធន៍បរាជ័យជាបន្តបន្ទាប់លើការចាញ់ក្តីតុលាការយុត្តិធម៌អន្តរជាតិ ក្នុងការដោះស្រាយលើបញ្ហាជម្លោះព្រំដែនជាមួយនឹងកម្ពុជា, មេដឹកនាំថ្មីនៃប្រទេសថៃ បែកគំនិតថ្មីដោយរកវិធីយ៉ាងណា ដើម្បីលុបចោលអនុស្សរណៈ MOU ដែលថៃបានចុះហត្ថលេខាជាមួយកម្ពុជា ពាក់ព័ន្ធនឹងការដោះស្រាយបញ្ហាព្រំដែនស្របច្បាប់ទាំងតាមផ្លូវគោកនិងតាមផ្លូវទឹក។

កម្ពុជានិងថៃ ពិតជាបានចុះអនុស្សរណៈ MOU ឆ្នាំ២០០០ ស្តីពីព្រំដែនគោក និងការចុះអនុស្សរណៈ MOU ឆ្នាំ២០០១ ស្តីពីព្រំដែនទឹក។ ការចុះ MOU ឆ្នាំ២០០០ បានធ្វើនៅថ្ងៃទី១៤ មិថុនា រីឯ MOU ឆ្នាំ២០០១ បានចុះហត្ថលេខានៅថ្ងៃទី១៨ ខែមិថុនា។ ទោះជាយ៉ាងណាក្តី នាយករដ្ឋមន្ត្រីលើកទី៣២របស់ថៃ លោក អនុទិន ចាន់វីរៈគុល កាលពីថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៥ បានស្នើរកការធ្វើប្រជាមតិនេះ នៅក្នុងស្រុកថៃ ដើម្បីចង់លុបចោលអនុស្សរណៈទាំងពីរនេះចោលចេញគឺ MOU ឆ្នាំ២០០០ និង MOU ឆ្នាំ២០០១ ។

សំណួរដែលគេកំពុងចង់ដឹងជាខ្លាំងក្នុងពេលនេះគឺថា ហេតុអ្វីបានជាលោក អនុទិន ចាន់វីរៈគុល ចង់លុបចោលអនុស្សរណៈឆ្នាំ២០០០ និងឆ្នាំ២០០១ ដែលមានតម្លៃស្មើសន្ធិសញ្ញាអន្តរជាតិ ហើយវាជាក្របខ័ណ្ឌច្បាប់សំខាន់ក្នុងការគ្រប់គ្រង និងដោះស្រាយវិវាទព្រំដែនជើងគោក និងទឹកជាមួយកម្ពុជានេះ?

អនុស្សរណៈថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០០០ គឺជាឯកសារសំខាន់មួយ ដែលបានបង្កើតគណៈកម្មការព្រំដែនរួម (JBC - Joint Boundary Commission) ដើម្បីសិក្សាពិភាក្សា និងកំណត់ព្រំដែនដីគោក ផ្អែកលើផែនទីប្រវត្តិសាស្ត្រឆ្នាំ១៩០៤ និង១៩០៧ ដែលទាំងកម្ពុជា និងថៃបានទទួលស្គាល់ និងមានការទទួលស្គាល់ផងដែរ ពីសហគមន៍អន្តរជាតិ ជាពិសេសអង្គការសហប្រជាជាតិ។ ប៉ុន្តែអនុស្សរណៈឆ្នាំ ២០០០ នេះ បានក្លាយទៅជា «ឆ្អឹងទទឹងក» សម្រាប់ថៃ ដែលតែងប្រើយុទ្ធសាស្ត្រ លួចកាត់យកទឹកដីបន្តិចម្តងៗ (Salami Slicing) ដោយមិនខ្លាចការរិះគន់ពីសហគមន៍អន្តរជាតិឡើយ។

ជាមួយគ្នានេះដែរ អនុស្សរណៈឆ្នាំ២០០១ ក៏បានបង្កើតក្រុមការងារបច្ចេកទេសរួមសម្រាប់សមុទ្រ (Joint Technical/Expert Group on Maritime Cooperation) ដែលមានគោលបំណងធ្វើការស្រាវជ្រាវ និងអភិវឌ្ឍន៍ធនធានក្នុងតំបន់សមុទ្រដែលមានទំនាស់ (Overlapping Claim Area - OCA)។ ទោះបីជាក្រុមការងារនេះ មិនមែនជាវិធានការកំណត់ព្រំដែនផ្ទាល់ក៏ដោយ ក៏វាជាវិធីសាស្ត្របណ្តោះអាសន្នដ៏សំខាន់មួយ ក្នុងការអនុញ្ញាតឲ្យប្រទេសទាំងពីរអាចប្រើប្រាស់ និងគ្រប់គ្រងធនធានក្នុងដែនទឹករួមគ្នា ខណៈព្រំដែនសមុទ្រនៅតែមិនទាន់កំណត់ច្បាស់។

* មូលដ្ឋានដ៏រឹងមាំ នៃអនុស្សរណៈឆ្នាំ២០០០

MoU ឆ្នាំ២០០០ មិនមែនជាកិច្ចព្រមព្រៀងសម្រាប់ប្រើកម្លាំងទាហាន ឬប្រើអំពើហិង្សាទេ។ វាជាវេទិកាផ្លូវការ ដែលកំណត់ឱ្យភាគីទាំងពីរ ត្រូវសម្គាល់និងកំណត់ព្រំដែន ដោយផ្អែកលើផែនទីប្រវត្តិសាស្ត្រ និងឯកសារអន្តរជាតិ។ ឯកសារនេះបង្ហាញច្បាស់ថា ជម្លោះព្រំដែនត្រូវតែដោះស្រាយតាមស្ថាប័នច្បាប់ និងតាមផ្លូវចរចាមិនមែនតាមអាវុធ។ ប៉ុន្តែហេតុអ្វីបានជាថៃមិនពេញចិត្ត?

សម្រាប់កម្ពុជា, MoU ឆ្នាំ២០០០ គឺជាអាវុធផ្លូវច្បាប់ដ៏មានប្រសិទ្ធភាព។ ប៉ុន្តែចំពោះអ្នកនយោបាយថៃ វាត្រូវបានមើលឃើញថា ជា «ច្រវ៉ាក់ច្បាប់» ដែលរារាំងមហិច្ឆិតាខុសច្បាប់របស់ថៃ ក្នុងការប៉ុនប៉ងពង្រីកឥទ្ធិពល និងទាមទារចង់បានទឹកដីកម្ពុជាដោយផ្អែកលើផែនទីឯកតោភាគីរបស់ខ្លួន។ MoU ឆ្នាំ២០០០ គឺជាឯកសារដែលចងភ្ជាប់ថៃ ឱ្យត្រូវគោរពផែនទីបារាំង-សៀម (១៩០៤-១៩០៧) ដែលកម្ពុជា មានទាំងភាពជឿជាក់ និងមូលដ្ឋានច្បាប់អន្តរជាតិក្នុងការដោះស្រាយជម្លោះ។

ជាក់ស្តែង, MoU ឆ្នាំ២០០០ មិនបានផ្តល់អត្ថប្រយោជន៍ដល់អ្នកនយោបាយថៃដែលចង់ប្រើប្រាស់អារម្មណ៍ជាតិនិយម និងការចង់កាន់កាប់ដីដើម្បីបង្កើនឥទ្ធិពលនយោបាយរបស់ពួកគេក្នុងសង្គមឡើយ ។ ម្យ៉ាងទៀតព្រោះ MoU ឆ្នាំ២០០០ មិនអាចជួយឱ្យពួកគេទទួលការគាំទ្រ នូវសំឡេងបោះឆ្នោតពីក្រុមជាតិនិយមជ្រុលរបស់ថៃ ជាពិសេសក្រុមដែលមានទំនោរទៅនឹងព្រះបរមរាជវាំងថៃ, ហេតុដូច្នេះហើយ, ដើម្បីបំពេញចិត្តនយោបាយដើម្បីឈានដល់អំណាចខ្ពស់ អ្នកនយោបាយថៃមួយចំនួនតែងតែជ្រើសរើស ការប៉ះទង្គិចនឹងអនុស្សរណៈ MoU ២០០០ ដោយឥតអៀនខ្មាស់ ទោះដឹងថាវាជាឯកសារដែលមានសុពលភាពតាមច្បាប់អន្តរជាតិ និងទទួលបានការទទួលស្គាល់ពីសហគមន៍អន្តរជាតិក៏ដោយ។ ការបង្ហាញជម្លោះព្រំដែនជាប្រព័ន្ធឧបករណ៍នយោបាយ ដូចជាការឈ្លានពានលើកម្ពុជា ត្រូវបានប្រើប្រាស់ជាវិធីសាស្ត្រដើម្បីប្រមូលសំឡេង និងលើកទឹកចិត្តក្រុមជាតិនិយមជ្រុលក្នុងសង្គមថៃ ហើយបំផុសឲ្យពួកគេអាចរក្សា និងពង្រឹងអំណាចនយោបាយរបស់ខ្លួនបានក្នុងពេលនេះ។

* បទពិសោធន៍ពីការចាញ់ក្តីកម្ពុជាតាមរយៈតុលាការយុត្តិធម៌អន្តរជាតិ

ករណីប្តឹងផ្តល់ជុំវិញរឿងប្រាសាទព្រះវិហាររវាងពីឆ្នាំ២០១១-២០១៣ បានបង្ហាញថា កម្ពុជាប្រើផែនទីប្រវត្តិសាស្ត្រ និង MoU 2000 ក្នុងការធ្វើជាឧបករណ៍ច្បាប់ ដើម្បីទាមទារនៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ) ហើយកម្ពុជាពិតជាទទួលបានជោគជ័យ។ ជោគជ័យទាំងនោះហើយ បានបង្កការភ័យខ្លាចយ៉ាងខ្លាំងក្នុងរង្វង់អ្នកនយោបាយថៃថា ពីព្រោះប្រសិនបើ MoU ២០០០ នៅតែមានសុពលភាព កម្ពុជាអាចនឹងប្រើប្រាស់យន្តការច្បាប់ដដែលនេះ ដើម្បីបន្តជំទាស់និងធ្វើឱ្យថៃចាញ់ម្តងហើយម្តងទៀត នៅវេទិកាច្បាប់អន្តរជាតិ។

ថៃដឹងច្បាស់ថា ពួកគេមិនអាចឈ្នះកម្ពុជាតាមផ្លូវច្បាប់បានឡើយ។ ហេតុនេះហើយ ពួកគេបានប្រើឧបាយកលញុះញង់ឲ្យកម្ពុជាប្រើអំពើហិង្សាតបត ដើម្បីបង្កើតលេសឲ្យថៃអាចយកការប៉ះទង្គិចជាសម្ភារៈនយោបាយ ដើម្បីប្រើប្រាស់ជាឧបករណ៍បញ្ចេញអំណាច និងយកចំណេញពីស្ថានភាពដែលកម្ពុជាប្រើប្រាស់ហិង្សាតបតវិញនោះ។ នេះគឺជាយុទ្ធសាស្ត្រដែលបង្ហាញថា ថៃខ្លាចច្បាប់ជាងគេហើយថៃមានបំណងចង់បម្លែងភាពបរាជ័យផ្លូវច្បាប់ឱ្យក្លាយទៅជាឧបករណ៍ប្រើអំពើហិង្សានិងការច្របូកច្របល់។

ដូច្នេះការស្នើឱ្យធ្វើប្រជាមតិដើម្បីលុប MoU 2000 នៅឆ្នាំ២០២៥ វាជាផ្នែកមួយនៃយុទ្ធសាស្ត្រនយោបាយនៅក្នុងស្រុកថៃ។ ពួកជាតិនិយមថៃ និងអ្នកនយោបាយខ្លះចង់ប្រើជម្លោះព្រំដែនដើម្បីជាឧបករណ៍កសាងពិន្ទុដើម្បីការបោះឆ្នោតសកលក្នុងពេលខាងមុខ។ ប៉ុន្តែការចង់ឱ្យលុបចោលអនុស្សរណៈ MoU ២០០០ ត្រូវបានសាធារណមតិថៃ បាននិយាយដែរថាវានឹងជះផលវិបាកធ្ងន់ធ្ងរមកវិញទៅលើប្រទេសថៃ ដែលនឹងត្រូវពិភពលោកចាត់ទុកថា ជាប្រទេសដែលមិនគោរពកាតព្វកិច្ចអន្តរជាតិ, ហើយថៃ អាចនឹងធ្លាក់ក្នុងភាពឯកោផ្នែកការទូត រងហានិភ័យសេដ្ឋកិច្ច និងត្រូវរស់នៅក្រោមសម្ពាធសន្តិសុខកាន់តែធ្ងន់ធ្ងរថែមទៀត។

* ក្នុងសេចក្តីសន្និដ្ឋានជារួម

ការស្នើរបស់នាយករដ្ឋមន្ត្រីថៃ ដើម្បីលុបចោលអនុស្សរណៈ MOU ឆ្នាំ២០០០ និងឆ្នាំ២០០១ គឺជាការបង្ហាញពីភាពភ័យខ្លាចរបស់ថៃដែលមិនហ៊ានតតាំងតាមផ្លូវច្បាប់ជាមួយកម្ពុជាឡើយ។ អនុស្សរណៈ MOUទាំងពីរ ឆ្នាំ២០០០និងឆ្នាំ២០០១ បានក្លាយជាមូលដ្ឋានសំខាន់សម្រាប់កម្ពុជាក្នុងការប្រកាន់យកផ្លូវច្បាប់ជាឧបករណ៍ដោះស្រាយជម្លោះនិងការពារប្រទេសដោយគ្មានការប្រើអាវុធឡើយ។

បញ្ហាដែលថៃកំពុងប្រឈម គឺដោយសារតែបទពិសោធន៍បរាជ័យផ្លូវច្បាប់របស់ខ្លួន នៅតុលាការយុត្តិធម៌អន្តរជាតិ ដែលមិនអាចឈ្នះលើកម្ពុជាបើសិនជាបន្តប្រើប្រាស់អនុស្សរណៈ MOU ដដែលនេះ។ អ្វីទាំងនេះ គឺជាភស្តុតាងបញ្ជាក់ថា ចំពោះកម្ពុជា វិធីសាស្ត្រសន្តិភាពនិងច្បាប់អន្តរជាតិ គឺជាអាវុធដ៏មានប្រសិទ្ធភាពជាទីបំផុត។ សេចក្តីបដិសេធ ឬការចង់បំផ្លិចបំផ្លាញ MoU នឹងមិនអាចបំបាត់សិទ្ធិ និងមូលដ្ឋានច្បាប់របស់កម្ពុជាបានឡើយ ប៉ុន្តែវានឹងបង្កឲ្យថៃ ជួបនឹងការបាត់បង់ទំនុកចិត្តពីពិភពលោក និងក្លាយជាប្រទេសឯកោនៅលើវេទិកាអន្តរជាតិ៕