FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ឯកអគ្គរដ្ឋទូតឥណ្ឌូនេស៉ី៖ ទឹកដោះគោ និងអាហារឥណ្ឌូនេស៉ីកាន់តែច្រើន កំពុងពេញនិយមប្រើប្រាស់ដោយប្រជាជនកម្ពុជា

30-09-2025 14:06

(ស្ទឹងត្រែង)៖ លោកបណ្ឌិត Santo Darmosumarto ឯកអគ្គរដ្ឋទូតឥណ្ឌូនេស៉ីប្រចាំកម្ពុជា បានថ្លែងថា ទឹកដោះគោ និងអាហារ ដែលផលិតនៅប្រទេសឥណ្ឌូនេស៉ី កាន់តែច្រើនកំពុងពេញនិយមប្រើប្រាស់ដោយប្រជាជនកម្ពុជា។

លោកបានលើកឡើងបែបនេះ ក្នុងឱកាសធ្វើទស្សនកិច្ចជាផ្លូវការនៅខេត្តស្ទឹងត្រែង នៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៥។ ដំណើរទស្សនកិច្ចនេះ គឺជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងរបស់ស្ថានទូត ក្នុងការស្វែងរកកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចដ៏មានសក្តានុពល រវាងប្រទេសឥណ្ឌូនេស៊ី និងខេត្តជាប់ព្រំដែន ក្នុងប្រទេសកម្ពុជា។

លោកឯកអគ្គរដ្ឋទូតបានគូសបញ្ជាក់ថា «ផលិតផលឥណ្ឌូនេស៉ីកាន់តែច្រើនកំពុងពេញនិយម ប្រើប្រាស់ដោយប្រជាជនកម្ពុជា រួមទាំងខេត្តស្ទឹងត្រែង ដែលជាខេត្តភាគខាងជើងបំផុតរបស់ប្រទេស និងជាកន្លែងដែលមិនមានជនជាតិឥណ្ឌូនេស៉ីរស់នៅ។ ការកើនឡើងនៃតម្រូវការសម្រាប់ផលិតផលទឹកដោះគោ និងអាហាររបស់ឥណ្ឌូនេស៉ី បង្ហាញថា អ្នកស្រុកទទួលស្គាល់គុណភាព នៃការនាំចូលរបស់ឥណ្ឌូនេស៉ី»។

នាឱកាសនោះ លោកបណ្ឌិត Santo បានអញ្ជើញសហគមន៍ពាណិជ្ជកិច្ចនៅខេត្តស្ទឹងត្រែង ចូលរួមក្នុងពិព័រណ៍ពាណិជ្ជកម្មឥណ្ឌូណេស៊ី (TEI) ដែលនឹងមកដល់នៅថ្ងៃទី១៥-១៩ ខែតុលា ឆ្នាំ២០២៥ នៅទីក្រុង BSD ប្រទេសឥណ្ឌូនេស៊ី។

លោកឯកអគ្គរដ្ឋទូតបានបន្ថែមថា «ក្នុងនាមជាពិព័រណ៍អន្តរជាតិដ៏ធំបំផុតសម្រាប់ផលិតផល និងសេវាកម្មរបស់ឥណ្ឌូនេស៊ី TEI នឹងផ្តល់ផ្លូវសម្រាប់ធុរកិច្ចកម្ពុជាក្នុងការស្វែងយល់បន្ថែម អំពីសក្តានុពលសេដ្ឋកិច្ចរបស់ប្រទេសឥណ្ឌូនេស៊ី»។ ពាណិជ្ជករកម្ពុជា ប្រមាណ ៦០នាក់ បានចុះឈ្មោះចូលរួម TEI នៅឆ្នាំនេះរួចហើយ៕