FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អភិបាលខេត្តកំពង់ចាម និងអភិបាលខេត្តត្បូងឃ្មុំ នាំអំណោយផ្ដល់ជូនស្ត្រីសម្រាលកូនភ្លោះ៣នាក់ និងភរិយាយោធិនជួរមុខម្នាក់ ដែលសម្រាលកូនក្នុងមន្ទីរពេទ្យបង្អែកខេត្តកំពង់ចាម

30-09-2025 13:51

(កំពង់ចាម)៖ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងលោក ប៉ែន កុសល្យ អភិបាលខេត្តត្បូងឃ្មុំ នៅព្រឹកថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៥នេះ បានអញ្ជើញចុះសួរសុខទុក្ខ និងនាំអំណោយ កាកបាទក្រហមខេត្តកំពង់ចាម ផ្ដល់ជូនស្ត្រីសម្រាលកូនភ្លោះ៣នាក់ និងភរិយាយោធិនជួរមុខម្នាក់ ដែលសម្រាលកូន ក្នុងមន្ទីរពេទ្យបង្អែកខេត្តកំពង់ចាម។

ស្ត្រីដែលសម្រាលបានកូនភ្លោះ៣នាក់ មានឈ្មោះ សុះ អ៊ីសះ អាយុ៣៦ឆ្នាំ មានទីលំនៅភូមិទ្រាទី១ ឃុំទ្រា ស្រុកក្រូចឆ្នារ ខេត្តត្បូងឃ្មុំ គឺសម្រាលបានកូនស្រី២នាក់ ប្រុស១នាក់ កាលពីថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៥ ក្នុងមន្ទីរពេទ្យបង្អែកខេត្តកំពង់ចាម ទទួលបានអំណោយរបស់សាខាកាកបាទក្រហមខេត្តកំពង់ចាម នូវសម្ភារប្រើប្រាស់សម្រាប់មាតា និងទារក ៣ឈុត រួមជាមួយ អង្ករ ៥០គក្រ មី ទឹកសុទ្ធ ឃីត (សារុង មុង ភួយ ក្រមា) ផ្លែឈើស្រស់ ២កន្ត្រក ទឹកដោះគោឆៅ និងថវិកាសរុបចំនួន ២លានរៀល។

ដោយឡែកអ្នកស្រី ឈ្មោះ ចាន់ រ៉ាឌី អាយុ២៥ឆ្នាំ ជាភរិយាយោធិនជួរមុខទិសប្រាសាទតាក្របី បានសម្រាលកូន នៅក្នុងមន្ទីរពេទ្យបង្អែកខេត្តកំពង់ចាម ក៏ត្រូវបាន លោក អ៊ុន ចាន់ដា និងលោក ប៉ែន កុសល្យ បានផ្តល់អំណោយរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប្រធានកាកបាទក្រហមកម្ពុជា រួមមាន ម្សៅទឹកដោះគោ សម្ភារមាតា ខោអាវទារក ឃីតស្ត្រី១ឈុត ផ្លែឈើស្រស់ ២កន្ត្រក និងថវិកាសរុប ចំនួន១លា៥សែនរៀលផងដែរ៕