ប្រមុខរដ្ឋស្ដីទី ចេញព្រះរាជក្រឹត្យតែងតាំង លោកសាស្ត្រាចារ្យ នរវិទូ អាំង ជូលាន អ្នកជំនាញផ្នែកនរវិទ្យា និងអារ្យធម៌ខ្មែរ ជាទីប្រឹក្សារាជរដ្ឋាភិបាល ឋានៈស្មើរដ្ឋមន្ដ្រី
29-09-2025 16:08
(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃកម្ពុជា បានចេញព្រះរាជក្រឹត្យតែងតាំង លោកសាស្ត្រាចារ្យ នរវិទូ អាំង ជូលាន អ្នកជំនាញផ្នែកនរវិទ្យា និងអារ្យធម៌ខ្មែរ ជាទីប្រឹក្សារាជរដ្ឋាភិបាល មានឋានៈស្មើរដ្ឋមន្ដ្រី។ នេះបើតាមព្រះរាជក្រឹត្យដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៥។
លោកសាស្ត្រាចារ្យ នរវិទូ អាំង ជូលាន បានបង្រៀនបណ្តុះបណ្តាលសិស្សនិស្សិតខ្មែរ និងបរទេសផ្នែកនរវិទ្យា និងអារ្យធម៌ខ្មែរ, បានចូលរួមបង្កើតអាជ្ញាធរជាតិអប្សរា, ទស្សនាវដ្តីស្រាវជ្រាវវប្បធម៌ខ្មែរ និងបោះពុម្ពផ្សាយសៀវភៅផ្នែកប្រវត្តិសាស្ត្រ និងប្រពៃណីទំនៀមទម្លាប់ខ្មែរជាច្រើន។
លោកសាស្ត្រាចារ្យ បានរៀនចប់ពីមហាវិទ្យាល័យបុរាណវិទ្យា នៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ (ក្រុងភ្នំពេញ) នៅឆ្នាំ១៩៧៤ ហើយទទួលបានអាហារូបករណ៍ពីរដ្ឋាភិបាលបារាំង ទៅបន្តការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាលាសិក្សាជាន់ខ្ពស់ខាងវិទ្យាសាស្ត្រសង្គម (Ecole des Hautes Etudes en Science Sociales-EHESS) នៅក្រុងប៉ារីស៍ និងបានបញ្ចប់ថ្នាក់បណ្ឌិតផ្នែកនរវិទ្យា (anthropology) នៅឆ្នាំ១៩៨២ នៅសាលាដដែលនេះ។
លោកសាស្ត្រាចារ្យ បានត្រឡប់មកបង្រៀននៅមហាវិទ្យាល័យបុរាណវិទ្យា(នៃសកលលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ នាទីក្រុងភ្នំពេញ) វិញ ចាប់តាំងពីឆ្នាំ១៩៩០ មក ដោយបង្រៀនផ្នែកអារ្យធម៌ខ្មែរ, នរវិទ្យា, សិលាចារឹកខ្មែរបុរាណ និងប្រវត្តិសាស្ត្រខ្មែរសម័យអង្គរ។ ក្រៅពីនេះលោកសាស្ត្រាចារ្យបានដឹកនាំនិស្សិតធ្វើសារណាថ្នាក់បរិញ្ញាបត្រ, បរិញ្ញាបត្រជាន់ខ្ពស់ និងនិក្ខេបបទបណ្ឌិតជាច្រើននាក់។
លោកសាស្ត្រាចារ្យ ជាបុគ្គលម្នាក់ក្នុងចំណោមស្ថាបនិកដែលរៀបចំបង្កើតអាជ្ញាធរជាតិអប្សរា និងរៀបចំគ្រប់គ្រងតំបន់អង្គរក្រោយពេលតំបន់នេះបានបញ្ជូលក្នុងបេតិកភណ្ឌពិភពលោករួចហើយ។ សព្វថ្ងៃលោកសាស្ត្រាចារ្យជាទីប្រឹក្សារបស់អាជ្ញាធរជាតិអប្សរា។
លោកសាស្ត្រាចារ្យ បានធ្វើបទបង្ហាញ, បាឋកថា, សន្និសីទ, សិក្ខាសាលា, វគ្គបណ្តុះបណ្តាលច្រើនរាប់ពុំអស់។ ការបង្កើតទស្សនាវដ្តីស្រាវជ្រាវវប្បធម៌ខ្មែរ នៅឆ្នាំ២០០០៖ លោកសាស្ត្រាចារ្យ ជាសហស្ថាបនិក និងសហនិពន្ធនាយកនៃទស្សនាវដ្តីស្រាវជ្រាវវប្បធម៌ខ្មែរ កម្រិតខ្ពស់ មួយឈ្មោះថា «ឧទ័យ»។ ទស្សនាវដ្តីនេះនៅបន្តដំណើរការផ្សព្វផ្សាយរហូតមកដល់សព្វថ្ងៃ។
នៅឆ្នាំ២០០៥៖ លោកសាស្ត្រាចារ្យ ជាមួយសហការី មួយចំនួនទៀត បានបង្កើត និងធ្វើជាសហនិពន្ធ នាយកនៃវេបសៃត៍ «បណ្តាញពត៌មានវប្បធម៌ខ្មែរ» ឬ KhmeRenaissance និងចងក្រងអត្ថបទបោះពុម្ពសៀវភៅទៀតទាត់ជារៀងរាល់ឆ្នាំ។ គិតមកដល់ឆ្នាំ ២០២៥ ទស្សនាវដ្តីនេះបានចេញផ្សាយចំនួន១៩ លេខ។
នៅឆ្នាំ២០១៣៖ លោកសាស្ត្រាចារ្យ និងសហការីដែលជាអតីតសិស្សរបស់លោក មួយចំនួនបានបង្កើតអង្គការ មិនរកប្រាក់កម្រៃមួយ ឈ្មោះថា «យសោធរ» ក្នុងគោលបំណងដើម្បីពង្រីកសកម្មភាព ផ្សព្វផ្សាយអំពីវប្បធម៌ខ្មែរឲ្យកាន់តែទូលំទូលាយថែមទៀតដល់មហាជនទូទៅ។
គ្រឿងឥស្សរយសជាតិ និងអន្តរជាតិ៖
* ឆ្នាំ២០១១៖ បានទទួលពានរង្វាន់ឆ្នើម «Grand Prize»នៃ Fukuoka នៅប្រទេសជប៉ុន។
* ឆ្នាំ ២០២២៖ បានទទួលគ្រឿងឥស្សរយសជាន់ខ្ពស់ «The Order of the Rising Sun, Gold Rays with Neck Ribbon» ពីព្រះចៅអធិរាជជប៉ុន តាមរយៈស្ថានទូតជប៉ុននៅកម្ពុជា។
* ឆ្នាំ ២០២១៖ បានទទួលគ្រឿងឥស្សរយស «មុនីសារភណ្ឌ» ថ្នាក់ «មហាសេរីវឌ្ឍន៍» (ប្រទានដោយព្រះមហាក្សត្រ)។
* ឆ្នាំ ២០២៥៖ បានទទួលគ្រឿងឥស្សរយស «ជាតូបការ» (ប្រទានដោយព្រះមហាក្សត្រ)។
ចំពោះការបោះពុម្ពសៀវភៅសំខាន់មួយចំនួនដូចជា៖
* អង្គរ អតីត បច្ចុប្បន្ន និងអនាគត (ឆ្នាំ១៩៩៨)
* ដំណើរជីវិតមនុស្សខ្មែរមើលតាមពិធីឆ្លងវ័យ (ឆ្នាំ២០០៧)
* មូលដ្ឋានរៀនខ្មែរបុរាណ (សិលាចារឹកខ្មែរបុរាណ) (ឆ្នាំ២០១៣)
* អាហារនៅជនបទអង្គរ (ឆ្នាំ២០២០)
* រឿងប្រលោមលោក «សត្វលោក» (ឆ្នាំ២០២១) និង «អាស្បូវ» (ឆ្នាំ២០២២)
* ប្រវត្តិសាស្ត្រកម្ពុជាសម័យអង្គរ មូលដ្ឋានរៀននិងស្រាវជ្រាវ (ឆ្នាំ២០២៥)។
បន្ថែមពីនេះ ជាហូរហែរមកលោកសាស្ត្រាចារ្យបានសិក្សាស្រាវជ្រាវ និងសរសេរអត្ថបទជាច្រើន ជាភាសាខ្មែរ, អង់គ្លេស និងបារាំង បោះពុម្ពផ្សាយជាសៀវភៅ ជាទស្សនាវដ្តីក្នុងស្រុក និងអន្តរជាតិ សរុបចំនួន ២៧០ចំណង៕


