FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អភិបាលខេត្តកំពង់ធំ៖ ការចេះស្រឡាញ់គ្នារួបរួមសាមគ្គីទើបដំណើរជាតិកម្ពុជា បន្តទៅមុខបានលឿន និងរលូន

28-09-2025 15:40

(កំពង់ធំ)៖ ថ្លែងនៅក្នុងពិធីសម្ពោធផ្លូវបេតុង ប្រវែង ១,៣២៥ម៉ែត្រ ស្ថិតក្នុងសង្កាត់ដំរីជាន់ខ្លា ក្រុងស្ទឹងសែន ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៥, លោក នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ បានថ្លែងថា ការចេះស្រឡាញ់គ្នា រួបរួមសាមគ្គីទើបដំណើរជាតិកម្ពុជា បន្តទៅមុខបានលឿន និងរលូន។

លោកអភិបាលខេត្តបានបន្តថា ខ្មែរយើងត្រូវរួបរួមសាមគ្គី ឯកភាពជាតិប្រឹងប្រែងបោះជំហ៊ានក្នុងដំណើរទៅមុខរបស់ជាតិដែលកំពុងឆ្លងកាត់នូវបញ្ហាប្រឈមនានារាប់មិនអស់ដើម្បីបន្តសម្រេចបាននូវសមិទ្ធផលថ្មីៗបន្ថែមទៀតក្នុងនាមជាជាតិសាសន៍មួយ។

លោកបានបញ្ជាក់ពីសភាពការណ៍ស្រុកទេស ជាពិសេសស្ថានការណ៍នៅព្រំដែនជាមួយសៀម យើងត្រូវបន្តតាមដានយ៉ាងយកចិត្តទុកដាក់ក្នុងនាមជាខ្មែរនិងបន្តជឿជាក់ ហើយគាំទ្រចំណាត់ការរបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងការដោះស្រាយជម្លោះព្រំដែននេះ ដោយឈរលើឧត្តមប្រយោជន៍ខ្ពស់បំផុតរបស់ជាតិយើង។

លោកបញ្ជាក់បន្ថែមថា ដំណើរទៅមុខរបស់ជាតិយើងគឺត្រូវឆ្លងកាត់រឿងល្អ រឿងមិនល្អ និងបញ្ហាប្រឈម ជារឿងដែលចៀសមិនផុត ប៉ុន្តែ អ្វីដែលសំខាន់នោះ គឺការចេះស្រឡាញ់គ្នា រួបរួមសាមគ្គី ទើបដំណើរជាតិយើងបន្តទៅមុខបានលឿន និងរលូន។

លោកបានសំណូមពរដល់អ្នកប្រើប្រាសផ្លូវទាំងអស់ សូមចូលរួមថែរក្សាផ្លូវថ្នល់នេះ ឱ្យបាបានគង់វង្ស យូរអង្វែង ដោយមិនត្រូវដឹកជញ្ជូនធុនធ្ងន់ទំនិញលើផ្លូវថ្នល់ ដែលផ្ទុកលើសទម្ងន់ ដែលធ្វើឱ្យស្រុតផ្លូវបេតុង ឬបែកលូកាត់ទទឹងផ្លូវ ឬបាក់ស្ពាន។ លើសពីនេះទៀតសូមអំពាវនាវដល់ប្រជាពលរដ្ឋដែលចិញ្ចឹមសត្វពាហនៈ សូមមានការប្រុងប្រយ័ត្នពេលមានការឆ្លងកាត់ផ្លូវ និងចូលរួមគោរពច្បាប់ចរាចរណ៍ផ្លូវគោកទាំងអស់គ្នា កុំបើកបរលើសល្បឿនកំណត់ ដើម្បីចៀសវាងនូវគ្រោះថ្នាក់ចរាចរណ៍ ដែលកើតឡើងជាយថាហេតុ ដែលនាំឱ្យខូចខាតដល់ទ្រព្យសម្បត្តិ និងអាយុជីវិតអ្នកធ្វើដំណើរតាមដងផ្លូវជាមួយគ្នាផងដែរ។

លោកបន្តថា បច្ចុប្បន្ននេះអាជ្ញាធរខេត្តកំពង់ធំ បានរៀបចំផែនការយុទ្ធសាស្ត្រអភិវឌ្ឍក្រុងស្ទឹងសែន ឱ្យក្លាយទៅជាទីក្រុងមួយដែលទាក់ទាញភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិ និងអ្នកវិនិយោគទុនទាំងអស់ ងាកមកចាប់អារម្មណ៍អំពីសក្តានុពលនៅក្នុងខេត្តកំពង់ធំ ជាពិសេសពាក់ព័ន្ធទៅនឹងវិស័យកសិកម្ម និងវិស័យទេសចរណ៍ជាដើម។

ជាមួយគ្នានេះដែរលោក នួន ផារ័ត្ន បានឆ្លៀតដឹកនាំមន្រ្តីជំនាញចុះមកពិនិត្យទីតាំងមួយចំនួនក្នុងស្រុកបារាយណ៍ ដើម្បីទៅរកដំណោះស្រាយកាយផ្តាច់ផ្លូវជាបណ្តោះអាសន្ន បើកមុខទឹកបញ្ចៀសការលិចលង់តំបន់ខ្លះផងដែរ៕