FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

Fresh Exclusive: ថៃបំពានបទឈប់បាញ់៖ កម្ពុជាបន្តបង្ហាញភាពអត់ធ្មត់ និងអំពាវនាវពិភពលោក ដាក់ទោសអ្នកបំពានច្បាប់អន្តរជាតិ! (Video inside)

27-09-2025 16:47

(ភ្នំពេញ)៖ នៅពេលដែលប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ កំពុងកោតសរសើរសន្តិភាពដែលលោកខិតខំស្វែងរកសម្រាប់ប្រទេសកម្ពុជានិងថៃនោះ ស្នូរផ្ទុះនៃគ្រាប់កាំភ្លើងត្បាល់ និងកាំភ្លើងយន្ត ដោយទាហានថៃ នៅព្រំដែនកម្ពុជា-ថៃ បានកាត់សង្វាក់សម្តីមោទនភាពរបស់លោកនោះវិញ។ ប្រជាជនកម្ពុជា បានអំពាវនាវឲ្យសហរដ្ឋអាមេរិក-អាស៊ាន-ពិភពលោក សូមចាត់វិធានការណ៍ដាក់ទោសលើភាគីថៃដែលបំពានការឈប់បាញ់គ្នានេះ។

នៅពេលដែលលោក ដូណាល់ ត្រាំ កំពុងបង្ហាញភាពរីករាយលើកិច្ចប្រឹងប្រែងរបស់លោក ក្នុងការជួយបញ្ចប់សង្គ្រាមរវាងកម្ពុជានិងថៃ ស្រាប់តែមានទង្វើបំពានកិច្ចឈប់បាញ់គ្នាមួយធ្វើ ឡើងដោយភាគីថៃ ដោយបានកាត់សង្វាក់មោទនភាពរបស់ប្រធានាធិបតីសហរដ្ឋអាមេរិក។ ទាហានថៃ បានធ្វើការបាញ់ប្រហារដោយកាំភ្លើងត្បាល់ និងកាំភ្លើងដៃជាច្រើនគ្រាប់ដាក់មកលើតំបន់មូលដ្ឋានកងទ័ពកម្ពុជានៅតំបន់អានសេះ ក្នុងខេត្តព្រះវិហារ នៃប្រទេសកម្ពុជា នាវេលាម៉ោង១១៖៥២នាទី ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៥។

សកម្មភាពនេះ មិនត្រឹមតែជាអំពើផ្គើននឹងសម្តីមោទនភាពរបស់ប្រធានាធិបតីសហរដ្ឋអាមេរិកប៉ុណ្ណោះទេ ប៉ុន្តែក៏ជាការប្រមាថដ៏ធ្ងន់ធ្ងរទៅលើកិច្ចខិតខំរបស់អាស៊ាន , សាធារណរដ្ឋប្រជាមានិតចិន និងសហគមន៍អន្តរជាតិទាំងមូល ក្នុងកិច្ចប្រឹងប្រែងជួយកសាងសន្តិភាព និងស្ថិរភាពក្នុងតំបន់អាស៊ីអាគ្នេយ៍នេះ។ នៅជាមួយគ្នានេះផងដែរ ប្រជាជនកម្ពុជា បានប្រញាប់បញ្ចេញសម្លេងអំពាវនាវទៅកាន់សហរដ្ឋអាមេរិក និងសហគមន៍អន្តរជាតិ ដើម្បីរកការធ្វើសកម្មភាពភ្លាមៗ ក្នុងការទប់ស្កាត់អំពើឈ្លានពានរបស់ថៃ ក្នុងមហិច្ឆតាចង់បង្កើតភាពប្រែប្រួលស្ថានការណ៍តាមបណ្តោយព្រំដែន ដោយការប្រើកម្លាំងហិង្សាសាជាថ្មីនេះឡើងវិញ។

* តើមានអ្វីកើតឡើងនៅម៉ោង១១៖៥២នាទី, ថ្ងៃទី ២៧ កញ្ញា ២០២៥?

ក្រសួងការពារជាតិកម្ពុជា បានសេចក្តីប្រកាសមួយបញ្ជាក់ថា «នៅព្រឹកថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៥ វេលាម៉ោងប្រមាណ១១៖៥២នាទី យោធាថៃបានចាប់ផ្តើមធ្វើការបាញ់ប្រហារមុនមកលើទីតាំងកងកម្លាំងកម្ពុជា ដោយបានបាញ់កំាភ្លើងត្បាល់និងកាំភ្លើងដៃជាច្រើន គ្រាប់មកតំបន់មូលដ្ឋានកងទ័ពកម្ពុជានៅតំបន់អានសេះ។ កងទ័ពកម្ពុជាបានឈរគោលការណ៍អត់ធ្មត់ខ្ពស់និងមិនបានតបតទៅវិញទេ»

សេចក្តីថ្លែងការណ៍ដដែលរបស់ក្រសួងការពារជាតិ បានបន្តថា៖ «កងកម្លាំងរបស់កម្ពុជា សូមបញ្ជាក់សាជាថ្មីនូវការប្តេជ្ញាចិត្តយ៉ាងម៉ឺងម៉ាត់ ក្នុងការគោរព និងការអនុវត្តនូវកិច្ចព្រមព្រៀងបទឈប់បាញ់រវាងកម្ពុជានិងថៃ ឱ្យបានពេញលេញនិងខ្ជាប់ខ្ជួនបំផុត ដោយបន្តសហការគ្នាឱ្យបានជិតស្និទ្ធនៅគ្រប់កម្រិត និងស្វែងរកកិច្ចសហប្រតិបត្តិការជាក់ស្តែង សំដៅលើកកម្ពស់សន្តិភាពនិងស្ថិរភាពរវាងប្រទេសទាំងពីរ ក៏ដូចជាការវិលត្រឡប់ទៅរកប្រក្រតីភាពឡើងវិញឱ្យបាន ឆាប់រហ័ស និងអំពាវនាវឱ្យភាគីថៃអនុវត្តនិងគោរពឱ្យបានម៉ឹងម៉ាត់ដូចគ្នា»

ការបាញ់កំាភ្លើងត្បាល់និងកាំភ្លើងដៃនៅថ្ងៃទី២៧ ខែកញ្ញា បានកើតឡើងនៅទន្ទឹមនឹងស្ថានការណ៍តានតឹងរវាងប្រទេសទាំងពីរ ត្រូវបានសហគមន៍អន្តរជាតិដែលស្រឡាញ់សន្តិភាព បានប្រឹងប្រែងជួយខ្នះខ្នែងបន្តដោះស្រាយតាមកិច្ចពិភាក្សាការទូតជាបន្តបន្ទាប់ ក្នុងនោះកាលពីថ្ងៃទី២៥ ខែកញ្ញា រដ្ឋមន្ត្រីការបរទេសជប៉ុន លោក អ៊ីវ៉ាយ៉ា តាកេស៊ី Iwaya Takeshi បានជួបពិភាក្សាជារដ្ឋមន្ត្រីការបរទេសកម្ពុជា លោក ប្រាក់ សុខុន នៅបុរីញូយ៉ក សហរដ្ឋអាមេររិក និងបានសន្យាជួយបន្ធូរបន្ថយភាពតានតឹងរវាងប្រទេសទាំងពីរ។

នៅលើទឹកដីសហរដ្ឋអាមេរិកដដែលនោះផងដែរ គឺនារសៀលថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៥ រដ្ឋមន្ត្រីការបរទេសកម្ពុជា នៅបានអញ្ជើញចូលរួមកិច្ចប្រជុំ ១+៣ ដែលរៀបចំឡើងដោយក្រសួងការបរទេសសហរដ្ឋអាមេរិកថែមទៀត ដើម្បីស្វែងរកការដោះស្រាយបញ្ហាជម្លោះកម្ពុជានិងថៃ ដោយសន្តិវិធី។ កិច្ចប្រជុំ ១+៣ នោះបានអញ្ជើញចូលរួមដោយអនុរដ្ឋមន្ត្រីការបរទេសអាមេរិក លោក Christopher Landau រដ្ឋមន្ត្រីការបរទេសកម្ពុជា រដ្ឋមន្ត្រីការបរទេសម៉ាឡេស៊ី និងរដ្ឋមន្ត្រីការបរទេសថៃ។ ជំនួបពិភាក្សានោះ បានផ្តោតលើការប្តេជ្ញាចិត្តរួម ក្នុងការដោះស្រាយជម្លោះព្រំដែនដោយសន្តិវិធី តាមរយៈការស្តារឡើងវិញនូវទំនុកចិត្តឆ្ពោះទៅប្រក្រតីភាពឡើងវិញ ដើម្បីផលប្រយោជន៍រួមសម្រាប់ប្រទេសនិងប្រជាជនទាំងពីរ។

ការវាយប្រហារដោយការបាញ់កាំភ្លើងត្បាល់ និងកាំភ្លើងដៃរបស់ភាគីថៃ នៅថ្ងៃទី២៧ ខែកញ្ញា កើតឡើងត្រឹមតែបួនថ្ងៃ បន្ទាប់ពីប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានលើកឡើងពីកិច្ចប្រឹងប្រែងរបស់គាត់ក្នុងការជួយបញ្ចប់សង្គ្រាមរវាងកម្ពុជានិងថៃ។ ពីលើវេទិកាអង្គការសហប្រជាជាតិ លោកបានថ្លែងថា កិច្ចព្រមព្រៀងឈប់បាញ់កម្ពុជា-ថៃ គឺជាផ្នែកមួយនៃកិច្ចប្រឹងប្រែងបញ្ចប់សង្គ្រាមចំនួន៧ ក្នុងរយៈពេល៧ខែកន្លងមក និងជាជ័យជំនះដ៏អស្ចារ្យនៃសន្តិភាពក្នុងតំបន់។ ទោះជាយ៉ាងនេះ ការរំលោភកិច្ចឈប់បាញ់ដោយភាគីថៃ នៅថ្ងៃទី២៧ ខែកញ្ញា មិនត្រឹមតែប៉ះទង្គិចលើសារមោទនភាពនោះប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបញ្ជាក់យ៉ាងច្បាស់ថា ភាគីថៃមិនបង្ហាញចេតនាចង់ស្វែងរកដំណោះស្រាយសន្តិវិធីពិតប្រាកដតាមមាគ៌ាដែលប្រធានាធិបតីសហរដ្ឋអាមេរិក បានដាក់ចេញមកនោះឡើយ។

ការវាយប្រហាររបស់ភាគីថៃដោយកាំភ្លើងត្បាល់ និងកាំភ្លើងដៃ ជាច្រើនដាក់មកលើតំបន់អានសេះ នៃទឹកដីកម្ពុជា កាលពីថ្ងៃទី២៧ ខែកញ្ញានោះទៀត ក៏មិនមែនជាឧបទ្ទវហេតុដោយចៃដន្យនោះដែរ។ វាជាសញ្ញានៃទង្វើមួយ ដែលមិនគោរពដល់កិច្ចប្រឹងប្រែងរកសន្តិភាពដែលជាគំនិតផ្តួចផ្តើមរបស់ប្រធានាធិបតីសហរដ្ឋអាមេរិក, កិច្ចខិតខំរបស់អាស៊ាន , កិច្ចប្រឹងប្រែងរបស់សាធារណរដ្ឋប្រជាមានិតចិន និងសហគមន៍អន្តរជាតិទាំងមូល ក្នុងការចង់កសាងសន្តិភាព និងស្ថិរភាពក្នុងតំបន់អាស៊ីអាគ្នេយ៍។

ក្នុងការសន្និដ្ឋានជារួម៖ កម្ពុជាបានបង្ហាញឱ្យពិភពលោកបានឃើញយ៉ាងច្បាស់នូវភាពអត់ធ្មត់ដ៏ខ្ជាប់ខ្ជួន និងការប្តេជ្ញាចិត្ត ដែលមិនងាករេក្នុងការដោះស្រាយជម្លោះតាមសន្តិវិធី និងស្របតាមច្បាប់អន្តរជាតិ។ ប៉ុន្តែភាគីថៃវិញ បែរជាជ្រើសរើសយកផ្លូវសង្រ្គាម ដើម្បីតែបំពេញមហិច្ឆិតាផែនទីឯកតោភាគី ១/៥០,០០០ របស់ខ្លួន ដែលបំពានចូលមកក្នុងទឹកដីរបស់ព្រះរាជាណាចក្រកម្ពុជា ដោយមិនញញើតនិងគោរពច្បាប់អន្តរជាតិឡើយ។

យើងសូមអំពាវនាវដល់សហគមន៍អន្តរជាតិ ជាពិសេសលោកប្រធានាធិបតី Donald Trump ដែលតែងចង់ឃើញទឹកដីកម្ពុជា និងថៃ ទទួលបានសន្តិភាពពិតប្រាកដនោះ ធ្វើការថ្កោលទោសដល់ភាគីថៃដែលរំលោភលើកិច្ចព្រមព្រៀងឈប់បាញ់ និងដាក់សម្ពាធអោយប្រទេសដែលមិនគោរពច្បាប់អន្តរជាតិនេះ ឈប់ធ្វើការឈ្លានពានប្រដាប់អាវុធដាក់មកលើកម្ពុជាជាបន្ទាន់៕